៦ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត

October 15, 2018​ ម៉ោង 8:04 am

១៥ តុលា ២០១២ មកដល់​ថ្ងៃទី១៥ តុលា ២០១៨ គឺជា​ថ្ងៃ​គម្រប់​ខួប ៦ឆ្នាំ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​ចាកចោល​ប្រជារាស្ត្រ និង​ដែនដី​ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត។

សម្តេចព្រះ​បរម​រតន​កោដ្ឋ គឺជា​ឥស្សរជន​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​កន្លងទៅ។ ឡើង​គ្រង​រាជបល្ល័ង្ក ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បានដាក់​រាជ្យ ២លើក សម្តេចព្រះ​នរោត្តម សីហនុ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិតក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព ការផ្សះផ្សារ​ជាតិ និង​ការបង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅក្នុង​ទសវត្សរ៍​ទី៩០។

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១កើត ខែ​ក​ត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤៦៦ ត្រូវ​នឹង​ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។

ចាប់ពី​ឆ្នាំ១៩៣០ដល់១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់មក​ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (CHASSELOUP LAUBAT) នៅ​ព្រៃនគរ (វៀតណាម​ខាងត្បូង)។ លុះដល់​ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្ក​បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ជា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ១៩៤៦ ព្រះអង្គ​បាន​យាង​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​បារាំង​តាម​ការ អញ្ជើញ​របស់​ប្រធានាធិបតី FELIX GOUIN និង​ឧ​ត្ត​ម​សេនីយ៍ សាល​ដឺ​ហ្គោល (CHARLES de GAULE) នៅ​COLOMBEY។ នៅ​ឆ្នាំ១៩៤៦ដល់១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (SAUMURE) ប្រទេស​បារាំង។

ក្នុង​ឆ្នាំ ១៩៤៧ ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​កម្ពុជា​វិញ​ដាច់ខាត​នូវ​ខេត្ត​ខ្មែរ​ដែល​ក្នុងពេល​មាន​ចម្បាំង​សកល លោក​លើក​ទី២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ​គឺ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ដែល​បាន ចុះ​ព្រះហស្ដលេខា​នៅ​ឆ្នាំ១៨៦៣ និង​ឆ្នាំ១៨៨។ នៅ​ឆ្នាំ១៩៤៩ដដែល​ព្រះអង្គ​បាន​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា ឯករាជ្យ​ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ស​ន្និ​សញ្ញា​ឆ្នាំ១៩៤៩នេះ​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ១៨៦៣ និង​ឆ្នាំ១៨៨។ ពី​ឆ្នាំ១៩៥២ដល់១៩៥៣ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០%ជូន​ជាតិ​មាតុភូមិ។

នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស​សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ ជា «ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ»។ ឆ្នាំ១៩៥៤ព្រះអង្គ​បាន​បញ្ជូន​គណៈប្រតិភូ​ជា​តំណាង​របស់​ព្រះអង្គ​ទៅ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូចិន​នៅ​ទីក្រុង​ហ្សឺ​ណែវ (GENEVE)ដែលមាន​ប្រទេស​កម្ពុជា​ចូលរួម​ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ។

នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានដាក់​រាជ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត​ជា​ព្រះរាជ​បិតា។ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត ព្រះអង្គ​បាន​ប្រទាន​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នូវ​ព្រះ​គោរមងារ​ជា «សម្តេចព្រះ​ឧបយុវរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។ ថ្ងៃទី២៣ ខែមីនា​ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​បង្កើត​ចលនា​សង្គមរាស្ត្រនិយម​ដែលមាន​គណបក្ស​ជាច្រើន ចូលរួម​ក្នុង​ចលនា​នេះ។

ពីថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អ្រា​ហ្វិ​ក-អាស៊ី​លើក​ទី១ នៅ​ទីក្រុង​បាន់​ឌុ​ង (ប្រទេស​ឥណ្ឌូនេស៊ី) ហើយ​នៅ​ទីនោះ​ព្រះអង្គ​បានប្រកាស​ពី​នយោបាយ​អព្យាក្រឹត​ក្នុង​ឯករាជ្យ ទាំងស្រុង និង​សន្តិ​សហ​វិជ្ជមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ទាំងអស់​ដោយ​មិន​គិតពី​មនោគមវិជ្ជា​ឡើយ។ ព្រះអង្គ​បាន​ជួប​ជា​លើកដំបូង​ជាមួយនឹង​លោក ហ្សា​វ៉ា​ហារ​ឡា​ល់ នេ​រុ (JAWAHARLAL NEHRU)នាយករដ្ឋមន្ត្រី​ឥណ្ឌា, លោក ហ្គា​ម៉ា​ល់ អាប់​ដែល ណា​ស្ស៊ែ​រ (GAMAL ABDEL NASSER) ប្រធានាធិបតី​សាធារណរដ្ឋ​អារ៉ាប់​រួម, លោក អា​ម៉េ​ត ស៊ូ​ការ​ណូ (AHMED SUKARNO)ប្រធានាធិបតី​ឥណ្ឌូនេស៊ី, លោក ជូ អេ​ន ឡាយ (ZHOU EN LAI)នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានទទួល​មហា​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សភាជាតិ​ដោយ​ទទួល បានការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើសលប់។ ព្រះអង្គ​បានទទួល​ព្រះរាជ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ហើយ​ក្នុង​ព្រះរាជ​ឋានៈ​ជា​ប្រមុខ​នៃ​ប្រជារាស្ត្រ​ខ្មែរ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ដើម្បី​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទូទៅ​នៅក្នុង​គ្រប់​វិស័យ​នៃ​ការកសាង​ជាតិ របស់​ព្រះអង្គ ជាពិសេស​ការលើកស្ទួយ​នារី​ឲ្យ​មាន​សិទ្ធិ​ស្មើភាព​នឹង​បុរស​ក្នុង ការងារ។

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ។

នៅ​ឆ្នាំ១៩៥៦ នៅ​ប្រ៊ី​យ៉ូ​នី (BRIONI)នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គមនិយម​យូ​ហ្គោ​ស្លា​វី ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានក្លាយ​ជា​បិតា​ស្ថាបនិក​ទី៥ ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដោយបាន​ឡាយព្រះហស្ដលេខា​លើ​ធម្មនុញ្ញ​នៃ ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ បន្ទាប់ពី​អ្នក​ផ្តួចផ្តើម​គំនិត​ដ៏​សំខាន់៤រូប​ទៀតៈ លោក ហ្សូ​ស៊ី​ប ប្រូស ទី​តូ (JOIP BROZ TITO) ប្រធានាធិបតី​យូ​ហ្គោ​ស្លា​វី, លោក ហ្សា​វ៉ា​ហារ​ឡា​ល់ នេ​រុ (JAWAHARLAL NEHRU)នាយករដ្ឋមន្ត្រី​ឥណ្ឌា, លោក អា​ម៉េ​ត ស៊ូ​ការ​ណូ (AHMED SUKARNO)ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក ហ្គា​ម៉ា​ល់ អាប់​ដែល​ណា​ស្ស៊ែ​រ (GAMAL ABDEL NASSER)ប្រធានាធិបតី​សាធារណរដ្ឋ​អារ៉ាប់​រួម។

នៅ​ខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​ព្រះរាជ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជាច្រើន​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជាដើម។ ព្រះអង្គ​បាន​ឡាយព្រះហស្ដលេខា​លើ​សេចក្តីប្រកាស​រួម​ស្តីពី​មិត្តភាព កម្ពុជា-ចិន។

នៅ​ឆ្នាំ១៩៦០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត​ទ្រង់​សោយ​ទិវង្គត ពេលនោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​សមាជិកសភា​ខ្មែរ​បានសម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ព្រះអង្គ ជា​ប្រមុខរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កសាង​ជាតិ​មាតុភូមិ​យ៉ាង សកម្ម​ជាទីបំផុត។

ខែកញ្ញា ឆ្នាំ១៩៦០ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានលើកឡើង​នូវ​ផែនការ​បង្កើត​នៅ​អាស៊ីអាគ្នេយ៍​ជា​តំបន់ អព្យាក្រឹត​រវាង​ប្លុក​មហាអំណាច​ទាំងពីរ។

នៅ​ខែឧសភា ឆ្នាំ១៩៦១ តាម​ព្រះរាជតម្រិះ​ផ្តួចផ្តើម​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សន្និសីទ​អន្តរជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ (GENEVE)ដើម្បី​ដោះស្រាយ​ទំនាស់​រវាង​ភាគី៣នៅ​ប្រទេស​ឡាវ។

ចាប់ពី ខែឧសភា ឆ្នាំ ១៩៦១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​នយោបាយ​ការទូត​ដើម្បី​ទាមទារ ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ជាតិខ្មែរ​មកវិញ​ពី ប្រទេស​ថៃ​ដោយ​តុលាការ​ក្រុងឡាអេ (LA HAYE)បានសម្រេច​ប្រគល់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នា​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

នៅ​ខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី១នៃ​ចលនា​មិន​ចូល បក្សសម្ព័ន្ធ​នៅ​បែ​ល​ក្រា​ដ (BEGRADE)នៃ​ប្រទេស​យូ​ហ្គោ​ស្លា​វី​ដែលមាន២៩ប្រទេស​ចូលរួម។

នៅ​ទីនោះ​ព្រះអង្គ​បាន​ថ្កោលទោស​ចំពោះ​អំពើ​របស់​ពួក​អាណានិគមនិយម​ចក្រពត្តិនិយម និង​ការប្រកាន់​ពូជសាសន៍។

នៅ​ខែមិថុនា ឆ្នាំ១៩៦៤ ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARES de GAULLE) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​បានរៀបចំ​បដិសណ្ឋារកិច្ច​ជា​ឧឡា​រិ​ក ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​នៅ​ទីក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី​បានទទួល​ដោយស្មោះ​សរ​នូវ​សំណើ​របស់​ភាគី​កម្ពុជា​ស្តីពី ការទទួលស្គាល់​អព្យាក្រឹត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ចុងខែ សីហា និង​ដើមខែ​កញ្ញា ឆ្នាំ១៩៦៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បានរៀបចំ​បដិសណ្ឋារកិច្ច​ទទួល​ជា​ឧឡា​រិ​កលោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARLES de GAULLE)ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ដែល​បានមក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុង​សុន្ទរកថា​ដែល​ថ្លែង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ លោក​ប្រធានាធិបតី​បាន​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានការ​ពារ ឯករាជ្យ បូរណភាព​ទឹកដី អព្យាក្រឹត សន្តិភាព​នៃ​ខ្លួន។

ពីថ្ងៃ​ទី២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​បាន​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុងឱកាស​ព្រះ រាជពិធី​បើក និង​បិទ​ការប្រកួត​កីឡា GANEFO អាស៊ី​លើក​ទី។

ក្រោម ព្រះរាជកិច្ច​ដឹកនាំ​រប​ស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យ​សង្គមរាស្ត្រនិយម​ដែល​ប្រជារាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះនាម ព្រះអង្គ​ថា​ជា ព្រះបិតា​ឯករាជ​ជាតិ ព្រះបិតា​សិក្សាធិការ​ជាតិ ព្រះបិតា​សុខាភិបាល​ជាតិ ព្រះបិតា​កីឡា​ជាតិ ព្រះបិតា​ស្ថាបនា​ជាតិ សមិទ្ធផល​នានា​ជាច្រើន​ត្រូវបាន​កសាងឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្តបន្ទាប់​សម្រាប់​ប្រជារាស្ត្រ ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត-ក្រុង​នានា​ជាពិសេស​មាន​សមិទ្ធផលធំៗ ដូចជា វិមានឯករាជ្យ វិមាន​រដ្ឋ​ចំការមន ចំណត​អាកាសយានដ្ឋាន​អន្ដរជាតិ​ពោធិ៍ចិនតុង ចំណត​អាកាសយានដ្ឋាន​សៀមរាប ចំណត​អាកាសយានដ្ឋាន​បែក​ចាន ខេត្តបាត់ដំបង ផ្លូវជាតិ​លេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក​ក្រុងភ្នំពេញ-ក្រុងព្រះសីហនុ កំពង់ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ សណ្ឋាគារ «ឯករាជ្យ»ក្រុងព្រះសីហនុ សាល​មហោស្រព​ជាតិ «ព្រះ​សុរាម្រិត» ភ្នំពេញ សាលសន្និសីទ «ចតុមុខ» ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ស្ពាន​ព្រះមុនីវង្ស​ទី២ ស្ពាន «សង្គមរាស្ដ្រនិយម»ឆ្លងកាត់​ទន្លេសាប សាកលវិទ្យាល័យ «សង្គមរាស្ដ្រនិយម»ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​បច្ចេកទេស មហាវិទ្យាល័យ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច មហាវិទ្យាល័យ​គរុកោសល្យ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មហាវិទ្យាល័យ​សិល្បៈ​ស្ថាបនា មហាវិទ្យាល័យ​សិល្បៈ​និង​មុខរបរ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ភូមិន្ទ​ក្សេត្រសាស្ត្រ សាកល​វិទ្យា​ភូមិន្ទ​កំពង់ចាម សាកលវិទ្យាល័យ​ភូមិន្ទ​បាត់ដំបង សាកលវិទ្យាល័យ​ភូមិន្ទ​តាកែវ-កំពត រោងភាពយន្ត​រដ្ឋ ស្ថានីយទូរទស្សន៍​ខេមរភូមិន្ទ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រោងចក្រ​ចម្រាញ់​ប្រេងកាត​ក្រុងព្រះសីហនុ រោងចក្រ​ស្រា​បៀរ​ក្រុងព្រះសីហនុ រោងចក្រ«ព្រះ​នរោត្តម»ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ​ក្រុងព្រះសីហនុ រោងចក្រ​ស្ករស​កំពង់ត្រាំ​ខេត្តកំពង់ស្ពឺ រោងចក្រ​វាយនភ័ណ្ឌ​ខេត្តកំពង់ចាម រោងចក្រ​វាយនភ័ណ្ឌ​ខេត្តបាត់ដំបង រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្តបាត់ដំបង រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង​ខេត្តកំពត រោងចក្រ​កែវ​ជើងឯក​រាជធានី​ភ្នំពេញ រោងចក្រ​ក្ដារបន្ទះ​ដីឥដ្ឋ​ខេត្តកណ្ដាល រោងចក្រ​ក្រដាស​ឆ្លូង​ខេត្តក្រចេះ រោងចក្រ​ជី​ហ្វូ​ស​ស្វាត​ទូក​មាស​ខេត្តកំពត រោងចក្រ​កង់ឡាន​តាខ្មៅ​ខេត្តកណ្ដាល រោងចក្រ​ត្រីខ​ប្រអប់​កោះកុង រោងចក្រ​ផលិត​ជ័រកៅស៊ូ​ជប់​ខេត្តកំពង់ចាម រោងចក្រ​វា​រី​អគ្គិសនី​គិរី​រម្យ​ខេត្តកំពង់ស្ពឺ និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត នៅតាម​បណ្ដា​ស្រុក-ខេត្ត-ក្រុង ដូចជា​សាលារៀន​មន្ទីរពេទ្យ ទំនប់ទឹក ស្រះ​ទឹក ប្រឡាយ ផ្លូវថ្នល់ ស្ពាន​ជាដើម។ល។

នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែល​ព្រះអង្គ​កំពុង​បំពេញ​ព្រះរាជ​ជា​ផ្លូវការ​នៅ​សហភាព សូ​វៀត ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ត្រូវ​បានទទួល​រងគ្រោះ​ដោយ​រដ្ឋប្រហារ​មិន​ស្របច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋប្រហារ​យោធា​ដែលមាន​លន់ នល់ ជា​មេខ្លោង។ សាធារណរដ្ឋ​ខ្មែរ​របស់​លន់ នល់​ត្រូវបាន​បង្កើតឡើង​នៅ​ខែតុលា ឆ្នាំ១៩៧០។

នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​អង្គជា​ព្រះប្រធាន​ចលនា​តស៊ូ​កម្ពុជា «រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា» (FUNC) ព្រមជាមួយ​នោះ ក៏មាន​បង្កើត​នូវ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (GRUNK)។

នៅ​ខែមេសា ឆ្នាំ១៩៧០ នៅ​កង់​តុង (សាធារណរដ្ឋ​ប្រជាមានិត​ចិន) ព្រះ​អង្គជា​អ្នក​ផ្ដួចផ្ដើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូចិន ដែល​នៅ​ក្នុងនោះ​មានការ​ចូលរួម​ដោយ​អ្នកដឹកនាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ផាំ វ៉ាន់​ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាងត្បូង​ដឹកនាំ​ដោយ​លោក ង្វៀង ហ៊ី​វថ (NGUYEN HUU THO) និង​ពី ណេ​វ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​ប្រធាន​សុ​ផា​នុ​វង្ស (SOUPHANOUVONG)។ ភាគី​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រណសិរ្ស​រំដោះ​វៀតណាម​ខាងត្បូង និង​ភាគី ណេ​វ ឡាវ ហាក់​សាត បានប្រកាស​ជា​ឱឡារិក​ថា​ប្រទេស​របស់ខ្លួន​ទទួលស្គាល់​និង​គោរព​ជា​ដរាប បូរណភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា។

ព្រះសីហនុកំពុងធ្វើទស្សនកិច្ច រ៉ូម៉ានីនៅឆ្នាំ១៩៧២ រួមមានប្រធានាធិបតីរ៉ូម៉ានី នីកូឡាអេ-ឆាអ៊ូសេស្គូ (ឆ្វេង) និងម្ចាស់ក្សត្រីនរោត្តម-មុនីនាថ

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ព​ប្រជាជន​រំដោះជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដ​ណើ្ដ​ម​បាន​ជ័យជម្នះ​ទាំងស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបាន​បង្កើតឡើង​ដែលមាន​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ជា​ព្រះប្រធាន។ ប៉ុន្ដែ​នៅ​ខែមេសា ឆ្នាំ១៩៧៦ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ លាលែង​មុខងារ​ជា​ព្រះប្រធាន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ ហើយ​ត្រូវបាន​ពួក​ខ្មែរក្រហម​ឃុំឃាំង​ព្រះអង្គ និង​សម្តេច​ព្រះរាជអគ្គមហេសី ព្រមទាំង​ធ្វើ​គុត​ព្រះរាជ​បុត្រាបុត្រី​មួយចំនួន​ផង។

ពី​ឆ្នាំ១៩៨២ ដល់១៩៩០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​អង្គជា​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។

ចាប់តាំងពី​ឆ្នាំ១៩៨៧ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ខិតខំ​អស់ពី​កម្លាំង​កាយពល​ដើម្បី​បង្រួបបង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំងអស់​រិះរក​នូវ​ដំណោះស្រាយ​នយោបាយ​សមស្រប​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា។ ព្រះអង្គ​តែងតែ​ប្រទាន​ចំពោះ​ឯកឧត្តម ហ៊ុន សែន និង​គណៈប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ក្រាបថ្វាយបង្គំ​គាល់​ជា​បន្តបន្ទាប់ នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដូច​ខាង​ក្រាម៖

-ពីថ្ងៃ​ទី០២ដល់​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួប​លើក​ទី១នៅ Fére-ren Tardenois។

-ពីថ្ងៃ​ទី២០-២១ ខែមករា ឆ្នាំ១៩៨៨ ជំនួប​លើក​ទី២នៅ Saint Germain-en-Laye។

នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះ ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បានទទួល​ពី​មេដឹកនាំ​នៃ​កម្ពុជា​ទាំង៤ភាគី​ដើម្បី​ប្រកាស​ជា​ឧឡា​រិ​ក នូវ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ ហើយ​ទទួលស្គាល់​ការបញ្ឈប់​ជា​បណ្ដោះអាសន្ន​នូវ​ការបាញ់​គ្នា​នៅក្នុង ប្រទេស​កម្ពុជា​ទាំងមូល និង​បញ្ឈប់​ការផ្តល់​ជំនួយ​យោធា «អាវុធ…»ពី​បណ្តា​ប្រទេស​ដទៃ​ដល់​កងទ័ព​កម្ពុជា​ទាំង។ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ កម្ពុជា(SNC)ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះ បាទ​សម្តេចព្រះ នរោត្តម សីហនុ​ជាទី​ស្នាក់ការ​ផ្លូវការ​អចិ​ន្រៃ្ត​យ៍ និង​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់(SNC)។

នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចាក​ចេញពី​ប្រធាន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា(CNR)ដើម្បី​ដាក់​ព្រះកាយ​ព្រះអង្គ​នៅ​ពីលើ ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុ​ជានា​នា។ ព្រះអង្គ​ត្រូវបាន​សមាជិក​ទាំង១១រូប​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ កម្ពុជា(CNC)ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន «អព្យាក្រឹត»នៃ​ក្រុមប្រឹក្សា​នេះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ឡាយព្រះហស្ដលេខា «លើ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា» ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា១១រូប​ទៀត​ជាមួយ​តំណាង​រដ្ឋាភិបាល១៨ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ។

នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ យាង​និវត្តន៍​មកកាន់​រាជធានី​ភ្នំពេញ​វិញ ប្រកបដោយ​ជោគជ័យ​និង​សុវត្ថិភាព។ ក្រោយពី​មាតុភូមិនិវត្តន៍​របស់​ព្រះអង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដែល មាន​ឯកឧត្តម ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ដែលមាន​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ជា​ប្រធាន គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​ដែលមាន​សម្តេច​បវរ សេដ្ឋា សឺ​ន សាន ជា​ប្រធាន និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ដែលមាន​លោក​ខៀវ សំផន​ជា​ប្រធាន បានប្រកាស​ជា​បន្តបន្ទាប់​ជា​ផ្លូវការ និង​ជា​លាយលក្ខណ៍អក្សរ​ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ​នៅតែ​ជា​ព្រះប្រមុខរដ្ឋ​ពេញលក្ខណៈ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំងមូល។ ម្យ៉ាងទៀត ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ផ្លូវការ​នៅតែ​រក្សាទុក​តួនាទី​ជា​ព្រះប្រមុខរដ្ឋ​រហូតដល់​មាន ការបោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ១៩៩៣។

នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ បាន​ទ្បា​យ​ព្រះហស្ដលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​សភាធម្មនុញ្ញ​កម្ពុ​ជា​បានអនុម័ត។

នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហា​មិ​ទិ្ទ​ញ​មហាជន​មួយ ក៏ត្រូវ​បានរៀបចំ​ទ្បើង​ដោយមាន​មហាជន​យ៉ាងច្រើន​កុះករ​ចូលរួម ដើម្បី​សម្ដែង​មនោសញ្ចេតនា​អបអរសាទរ​គាំទ្រ សា្វគ​មន៍​ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ព្រះ​អង្គជា “ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះករុណា​ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ដ៏​ឧត្ដម​ជាទីបំផុត ក្នុងការ​បង្រួបបង្រួម ផ្សះផ្សា​ជាតិ តាំងពីដើម​រហូតមក។ ព្រះអង្គ​បានធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​រដ្ឋាភិបាលចម្រុះ​ដែលមាន​សហនាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ១៩៩៣ ហើយ​ជាពិសេស ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជ​ន​កម្ពុជា និង គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​អំពី​គោលការណ៍​ប្រតិបត្តិ​ការដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រោម​ព្រះរាជា ធិបតី​ភាព​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មហា​ប្រាសាទ ខេមរិន្ទ ព្រះបរមរាជវាំង​នា​ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ថ្វាយ​អំណរគុណ​ដ៏​ជ្រាល ជ្រៅ​បំផុត​ចំពោះ​ព្រះរាជកិច្ច ព្រះរាជតួនាទី​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្តុ​មរ​បស់​អង្គ​សម្តេចឪ​នៃ​យើង។

ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជាទី​សក្ការ​ជា​ព្រះមហាវីរក្សត្រ​មួយ​ព្រះអង្គ​ដែល​តែងតែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះរាជកិច្ច​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ឧត្តុង្គឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ តាំងពីដើម​រៀងរហូត​ដល់​ប​ច្ទុ​ប្បន្ន ព្រះអង្គ​តែងតែ​បំពេញ​ព្រះរាជ​សកម្មភាព​សង្គមកិច្ច​ដូចជា​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ជូន​ប្រជានុរាស្ត្រ។ ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន និង​បន្ត​នូវ​ព្រះរាជ​សកម្មភាព​ទាំងនេះ (រៀងរាល់​សប្តាហ៍) ដោយ​ព្រះ​ប្រទាន​នូវ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័លក្រ និង​ជីវភាព​ខ្វះខាត​ខ្លាំង។

ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា​ខាងលើនេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធរាជធម៌​របស់​ព្រះករុណា​ជា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទី​សក្ការ​ដែល​ព្រះអង្គ​បាន និង​កំពុង​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​ដល់​ប្រជារាស្ត្រ​ដោយ​មិន​ប្រកាន់ ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ។ ដោយសារ​សច្ចភាព​នេះហើយ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស​បាន​គាំទ្រ ដោយ​ឥត​សំចៃ​ថ្វាយ​ព្រះអង្គ​ចំពោះ​ការយាង​គ្រងរាជ្យសម្បត្តិ​សាជាថ្មី នៅ​ឆ្នាំ១៩៩៣ ហើយ​ដែល​ការវិល​មក​គ្រងរាជ្យ​ជាថ្មី​ដូច​ព្រះអង្គ​បែបនេះ គឺ​ពុំ​ធ្លាប់មាន​ទេ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​នាពេល​កន្លងមក​នេះ។

១១ឆ្នាំ ក្រោយ​ការឡើង​គ្រងរាជ្យ​លើក​ទី២ សម្ដេចព្រះ​នរោត្តម​សីហនុ ក៏បាន​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយ​ចាប់ពីពេលនោះ​មក​ព្រះអង្គ​បាន​ចំណាយពេល​ភាគច្រើន​គង់នៅ​ទីក្រុង ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​ព្រះរាជសុខភាព​ដែលជា​ហេតុ​ធ្វើ​ឲ្យ ព្រះអង្គ បាត់​ព្រះ​ភក្ត្រ ឃ្លាត​ព្រះកាយ​ពី​កូនចៅ ចៅទួត​របស់​ព្រះអង្គ។ ក៏ប៉ុន្ដែ​បើទោះបីជា​យ៉ាងនេះ​ក្ដី សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំងអស់ គ្រប់​គណបក្ស និង​និន្នាការ​នយោបាយ​តែងតែ​ចាត់ទុក​ព្រះអង្គ នៅតែ​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ជា​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​ជាប់​ជានិច្ច។

 

 

ជា​អកុសល ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវ​នឹង​ថ្ងៃ១៥កើត ខែភទ្របទ​ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង១និង២០នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម៩០ព្រះវស្សា៕

(ដកស្រង​ចេញពី​សៀវភៅ​ស​បោះពុម្ព​ដោយ​ព្រះបរមរាជវាំង)