ដើមខែ​ក្រោយ​ ​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ឡើងថ្លៃ​ ​ក្នុង​នោះ​ផ្ទះល្វែង​ក្នុង​បុរី​ត្រូវ​បង់​ ​10,900រៀល​ក្នុង​ ​1ខែ​

March 18, 2019​ ម៉ោង 4:30 pm

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​ស្តី​ពី​កម្រៃ​សេវា​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម​ ​និង​កាកសំណល់​រឹង​ក្នុង​ទីប្រជុំជន​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អភិបាល​រាជធានី​កាលពី​ថ្ងៃទី26​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​។​ ​

​នៅក្នុង​សេចក្តី​ប្រកាស​នេះ​បាន​បញ្ចាក់​ថា​ ​ចាប់ពី​ថ្ងៃទី1​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​តទៅ​ ​មានការ​កំណត់​តម្លៃ​សេវា​គ្រប់គ្រង​សំរាម​ ​និង​កាកសំណល់​រឹង​នៅក្នុង​ទីក្រុង​ភ្នំពេញ​តាម​តារាង​ថ្មី​ ​ដែល​ក្នុង​នោះ​សម្រាប់​លំនៅឋាន​ធម្មតា​ ​ផ្ទះល្វែង​ជាន់ផ្ទាល់ដី​ ​ក្នុង1ខែ​ត្រូវ​បង់ប្រាក់​ចំនួន​ ​9,000រៀល​ ​ហើយ​ចំពោះ​លំនៅឋាន​ក្នុង​បុរី​ ​ឬ​ទីក្រុង​រណប​ជា​ប្រភេទ​ផ្ទះល្វែង​ត្រូវ​បង់​ ​10,900រៀល​ ​ចំណែក​ឯ​ផ្ទះ​វីឡា​ភ្លោះ​ត្រូវ​បង់​ ​25,000រៀល​ក្នុង​ ​1ខែ​។​ ​ក្រៅពី​នេះ​សាលា​រាជធានី​ក៏បាន​បង្ហាញ​តម្លៃ​សម្រាប់​ម្ចាស់​ទីតាំង​ផ្សេងទៀត​ ​ដូចជា​ប្រភេទ​ផ្ទះ​ជួល​ឱ្យ​កម្មករ​ ​ផ្ទះ​អាជីវកម្ម​ ​អាហារដ្ឋាន​ ​និង​សណ្ឋាគារ​ ​ជាដើម​ដែល​សុទ្ធតែ​មានការ​ដំឡើងថ្លៃ​ខ្ពស់​ជាង​តម្លៃ​ចាស់​ទាំងអស់​។​ ​

​បើ​តាម​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​ការកំណត់​តម្លៃ​ថ្មីនេះ​ ​គឺ​ព្រោះតែ​កំណើន​ផ្ទៃដី​ ​កំណើន​សេដ្ឋកិច្ច​ ​និង​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ធ្វើ​ឱ្យ​បរិមាណ​សំរាម​ក៏​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ​ដែល​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​មួយ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ធ្វើការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​ក្នុង​នោះ​តម្រូវ​ឱ្យ​មានការ​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ផ្តល់​សេវា​សម្អាត​ ​ប្រមូល​ ​ដឹកជញ្ជូន​ ​និង​ទុកដាក់​ឱ្យ​បាន​ល្អ​។​ ​
​ការប្រកាស​ពី​ការកំណត់​តារាង​ថ្មីនេះ​គឺ​ផ្អែក​តាម​ប្រកាស​អន្តរក្រសួង​ ​ក្រសួងបរិស្ថាន​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួងមហាផ្ទៃ​ ​លេខ195​ ​ប្រកប.ស្ថ​ ​ចុះ​ថ្ងៃទី6​ ​ខែមិថុនា​ ​ឆ្នាំ2018​ ​ស្តី​ពី​ការកំណត់​កម្រៃ​អតិបរមា​នៃ​សេវា​គ្រប់គ្រង​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​៕​ ​