រាជរដ្ឋាភិបាល​នឹង​បញ្ចេញ​រថយន្តក្រុង​ ​120គ្រឿង​ដឹក​ពលរដ្ឋ​ឥតគិតថ្លៃ​រយៈពេល​ ​7ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

April 5, 2019​ ម៉ោង 11:13 am

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បន្ទាប់ពី​មានការ​បង្កើត​ជា​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ ​រថយន្តក្រុង​(​City​-​Bus​)​ ​សម្រាប់​ដឹកជញ្ជូន​ប្រជាជន​ក្នុង​តម្លៃ​សមរម្យ​ក្នុង​រាជធានី​ភ្នំពេញ​រួចមក​ ​នៅ​រៀងរាល់​ឱកាស​បុណ្យ​ទាន​ធំៗ​ម្តង​ៗ​ ​ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម​ ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​រថយន្តក្រុង​ទាំងអស់​នោះ​ដើម្បី​ដឹកជញ្ជូន​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ទៅ​បណ្ដា​ខេត្ត​គោលដៅ​នានា​ដោយ​ឥតគិតថ្លៃ​(​ជិះFree​)​។​ ​

​ការរៀបចំ​បែបនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​បាន​សម្រួល​ដល់​ប្រជាជន​ជាច្រើន​ដែល​មិនសូវ​មាន​ធនធាន​ឱ្យ​បាន​ទៅលេង​ស្រុកកំណើត​ដោយ​មិន​អស់ប្រាក់​ ​ហើយ​ថែមទាំង​អាច​សន្សំសំចៃ​លុយ​ទុក​សម្រាប់​ប្រើប្រាស់​រឿង​មានប្រយោជន៍​បាន​ជាច្រើន​ផ្សេងទៀត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិនេះ​ទៀតផង​។​ ​

​នៅ​ឆ្នាំនេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​ថា​ ​នឹង​ដាក់​រថយន្តក្រុង​ចំនួន​ ​120គ្រឿង​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​ទៅមក​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ​7ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​ ​
​ផ្លូវ​ដែល​ដាក់​រថយន្តក្រុង​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ​នេះ​ ​រួមមាន​ផ្លូវជាតិ​លេខ1​ ​ផ្លូវជាតិ​លេខ2​ ​ផ្លូវជាតិ​លេខ3​ ​ផ្លូវជាតិ​លេខ4​ ​ផ្លូវជាតិ​លេខ5​ ​ផ្លូវជាតិ​លេខ6​ ​ផ្លូវជាតិ​លេខ7​ ​និង​ផ្លូវជាតិ​លេខ8​ ​ដែល​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃទី12​ ​ខែមេសា​ ​ឆ្នាំ2019​ ​តទៅ​។​

​ចំនួន​រថយន្ត​ដែល​ត្រូវ​រត់​តាមផ្លូវ​ជាតិ​ ​រួមមាន​៖​ ​

​ផ្លូវជាតិ​លេខ1មាន​ ​ភ្នំពេញ​-​ខេត្តកណ្តាល​-​ស្វាយរៀង​ ​ចំនួន​ ​5គ្រឿង​ ​​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​ ​5គ្រឿង​ ​សរុប​ ​10គ្រឿង​
​ផ្លូវជាតិ​លេខ2​ ​ភ្នំពេញ​-​តាកែវ​ ​5គ្រឿង​
​ផ្លូវជាតិ​លេខ3​ ​ភ្នំពេញ​-​កែប​ ​5គ្រឿង​
​ភ្នំពេញ​-​កំពត​ ​5គ្រឿង​សរុប​ ​10គ្រឿង​
​ផ្លូវជាតិ​លេខ4​ ​ភ្នំពេញ​ ​-​កំពង់ស្ពឺ​ ​3គ្រឿង​
​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​7គ្រឿង​ ​សរុប13គ្រឿង​
​ផ្លូវជាតិ​លេខ5​ ​ភ្នំពេញ​-​កំពង់ឆ្នាំង​ ​5គ្រឿង​ ​ភ្នំពេញ​-​ពោធិ​សាត់​ ​10គ្រឿង​ ​ភ្នំពេញ​-​បាត់ដំបង​ ​15គ្រឿង​ ​ភ្នំពេញ​-​បន្ទាយមានជ័យ​ ​15គ្រឿង​ ​សរុប​ ​45គ្រឿង​
​ផ្លូវជាតិ​លេខ6​ ​ភ្នំពេញ​-​កំពង់ធំ​ ​5គ្រឿង​ ​ភ្នំពេញ​-​សៀមរាប​ ​15គ្រឿង​ ​សរុប​ ​20គ្រឿង​
​ផ្លូវជាតិ​លេខ6​ ​និង​លេខ7​ ​ភ្នំពេញ​-​កំពង់ចាម​ ​5គ្រឿង​ ​ភ្នំពេញ​-​ត្បូងឃ្មុំ​ ​5គ្រឿង​ ​សរុប10គ្រឿង​
​ផ្លូវជាតិ​លេខ6​ ​និង​លេខ8​ ​ភ្នំពេញ​-​ក្រចេះ​ ​5គ្រឿង​ ​ភ្នំពេញ​-​ស្ទឹងត្រែង​ ​5គ្រឿង​ ​សរុប​ ​10គ្រឿង​។​

​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​ផ្តល់​ការ​ជិះរថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប៉ុណ្ណោះទេ​ ​តែ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នូវ​ការ​ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដោយ​ឥតគិតថ្លៃ​ទៀតផង​៕​ ​