អ្វីខ្លះ​ជា​កត្តា​សំខាន់​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា?

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ ដែលនាំឱ្យ​មានការ​ពិភាក្សា​ព្រោះថា​នាពេលថ្មីៗនេះ​គ្រោះថ្នាក់​ចរាចរណ៍​ហាក់​កើន​ច្រើនឡើង​គួរឱ្យកត់សម្គាល់ ខណៈ​មានការ​បកស្រាយ​ផ្សេងផ្សេងៗគ្នា​អំពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក។

សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​បង្ហាញ​នៅក្នុង​កម្មវិធី​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ 2017 ថា តាម​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​បាន​ប៉ាន់​ស្មានថា បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​លើ​កត្តា​ចរាចរណ៍​នេះ អ្នកស្លាប់​អាច​នឹង​កើនឡើង​ដល់ 3,200នាក់​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ 2020។ កត្តា​សំខាន់​ដែលនាំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​កត្តា​អ្នកប្រើប្រាស់​យានយន្ត​ក្នុងនោះ អ្នកប្រើប្រាស់​ទោចក្រយានយន្ត​មាន​ដល់​ទៅ 77%នៃ​ជនរងគ្រោះ​ទាំង​អស់ហើយ​ក្នុងចំណោម​នោះ ជនរងគ្រោះ​ចំនួន 78% ជា​អ្នកបើកបរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព។

បង្ហាញ​លើ​ចំណុច​នេះដែរ លោក​បណ្ឌិត ច័ន្ទ សុផល អ្នកស្រាវជ្រាវ​ពី​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា កត្តា​ដែលនាំឱ្យ​គ្រោះថ្នាក់​ច្រើនជាងគេ​នៅ​កម្ពុជា​គឺ​ដោយសារ​កំហុស​អ្នកបើកបរ ព្រោះ​កត្តា​ខាងក្រៅ​នានា​ដែល​លោក​មើលឃើញ​ដូចជា​កត្តា​ផ្លូវថ្នល់ កត្តា​ខ្វះ​ស្លាក​សញ្ញា និង​កត្តា​យានយន្ត​ជាដើម មិនមែនជា​កត្តា​ចម្បង​នោះទេ។

លោក​បណ្ឌិត ច័ន្ទ សុផល បានបង្ហាញ​ក្នុង​បណ្តាញ​សង្គម​ថា៖ «គួរ​មានការ​រឹតបន្តឹង​ពីរ​យ៉ាង​បន្ថែមទៀត គឺ​ទី​ការប្រឡង​យក​ប័ណ្ណបើកបរ និង​កត្តា​ទី2 គឺ​ការកំណត់​លក្ខខណ្ឌ​ខ្ពស់​សម្រាប់​អ្នកបើកបរ​យានយន្ត​ដឹក​ខ្នាត​ធំ»។

លោក​បណ្ឌិត​បានបញ្ជាក់​ផងដែរ​ថា កត្តា​អ្នកបើក​ឡានធំ​អាចជា​កត្តា​សំខាន់​មួយ​ក្នុង​ចំណែក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះ រថយន្ត 570 មិនអាច​បុក​ឈ្នះ​រថយន្ត​ដឹក​ដី រថយន្ត​កុងតឺន័រ និង​រថយន្តក្រុង​បានឡើយ។

យោងតាម​ទិន្នន័យ​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ 2017 របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ បាន​បង្ហាញថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ 2017 មាន​ចំនួន 1,780 នាក់ កើនឡើង 63នាក់ ហើយ​អ្នករងរបួស​មាន​ចំនួន 5,539នាក់ ថយចុះ ១៩៦ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ 2016។

ចំពោះ​កត្តា​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​វិញ បើ​យោងតាម​របាយការណ៍​ដ​ដែល​បាន​បង្ហាញថា មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​កត្តា​ល្បឿន​ចំនួន 36% មិន​គោរព​សិទ្ធិ​អាទិភាព 17% មិន​ប្រកាន់​ស្តាំ 13% វ៉ា​ប្រជែង 10% បត់ 10% កត្តា​យានយន្ត 3% កត្តា​ងងុយដេក 1%៕

Advertisement