ប្រាក់ឧបត្ថម្ភ​ស្រ្តី​មានផ្ទៃពោះ​ក្រីក្រ​ ​និង​កូន​អាយុ​ក្រោម​ ​2ឆ្នាំ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅដើម​ខែក្រោយ​នេះ​

​ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​ប័ណ្ណ​សមធម៌​ ​ឬ​ប័ណ្ណ​អាទិភាព​ ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ចំពោះខ្លួន​គាត់​ផ្ទាល់​ ​និង​កូនតូច​អាយុ​ក្រោម​ ​2ឆ្នាំ​ ​ចាប់ពី​ថ្ងៃទី1​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នេះ​តទៅ​។​ ​នេះ​បើ​យោង​តាម​ប្រកាស​អន្តរក្រសួង​ ​ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មានផ្ទៃពោះ​ ​និង​កូន​ក្រោម​អាយុ​ ​2ឆ្នាំ​ ​នៃ​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌​ ​ឬ​ប័ណ្ណ​អាទិភាព​ ​រវាង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួងសុខាភិបាល​។​ ​

​គោលបំណង​សំខាន់​នៃ​ការបង្កើត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​មាតា​ ​និង​ទារក​ ​និង​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមា​រតូចៗ​ក្នុង​គ្រួសារ​ក្រីក្រ​ ​ចាប់តាំងពី​នៅក្នុង​ផ្ទៃ​រហូតដល់​អាយុ​ ​2ឆ្នាំ​ ​ដើម្បី​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា​ ​និង​បញ្ញា​ស្មារតី​។​ ​

​តាម​ការ​បញ្ជាក់​នៅក្នុង​ប្រកាស​អន្តរក្រសួង​នេះ​បាន​បង្ហាញថា​ ​ប្រាក់ឧបត្ថម្ភ​ដែល​ត្រូវ​ផ្តល់​ជូន​នៅពេល​ស្ត្រី​មានផ្ទៃពោះ​ ​ដែល​មក​ទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជា​ដំណាក់កាល​មាន​ដូចជា​៖​ ​
​ដំណាក់កាល​ទី1​៖​ ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ចំ​ណួន​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​សម្រាប់​ការ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ដែល​ផ្តល់​ជា​អតិបរមា​ចំនួន​ ​4ដង​ ​មុន​ពេល​សម្រាលកូន​។​

​ដំណាក់កាល​ទី2​៖​ ​ផ្តល់​ការឧបត្ថម្ភ​ចំនួន​ ​200,000រៀល​(​ម្ភៃ​ម៉ឺន​)​ ​តែម្តង​គត់​នៅពេល​សម្រាលកូន​។​
​ដំណាក់កាល​ទី3​៖​ ​ផ្តល់​ការឧបត្ថម្ភ​ចំនួន​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ហើយដែល​នឹង​ផ្តល់​ជូន​អតិបរមា​ចំនួន​ ​10ដង​។​ ​ក្នុង​នោះ​ ​3ដង​ ​នៅពេល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ ​ក្រោយពេល​សម្រាលកូន​ ​និង​ ​7ដង​នៅពេល​យកកូន​មក​ទទួល​ថ្នាំបង្ការ​រហូតដល់​កូន​អាយុ​ ​2ឆ្នាំ​។​ ​

​ចំពោះ​ករណី​ដែល​កូន​នោះ​ត្រូវ​រលូត​ ​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​នឹង​ផ្តល់​ជូន​ក្នុង​លក្ខខណ្ឌ​ដូចជា​៖​ ​
​ទី1​៖​ ​ផ្តល់​ប្រាក់​ ​40,000រៀល​(​បួន​ម៉ឺន​)​តែ​ ​1ដង​គត់​ ​ក្នុងករណី​គភ៌​អាយុ​ក្រោម​ ​12សប្តាហ៍​។​
​ទី2​៖​ ​ផ្តល់​ប្រាក់​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ដែល​ផ្តល់​អតិបរមា​ចំនួន​ ​2ដង​ ​ក្នុងករណី​គភ៌​អាយុ​ចាប់ពី​ ​12សប្តាហ៍​ ​ដល់24សប្តាហ៍​។​ ​

​ក្នុងករណី​កូន​ស្លាប់​ក្នុង​ពេល​សម្រាល​ ​ឬ​ក្រោយពេល​សម្រាល​ ​ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​បន្ត​ផ្តល់​ជូន​ដូចជា​៖​ ​
​ទី1​៖​ ​ចំនួន​ ​200,000រៀល​(​ម្ភៃ​ម៉ឺន​)​ ​នៅពេល​សម្រាល​។​
​ទី2​៖​ ​ចំនួន​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ដែល​ផ្តល់​ជា​អតិបរមា​ចំនួន​ ​3ដង​ ​នៅពេល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាលកូន​។​ ​

​ក្នុងករណី​ម្តាយ​ស្លាប់​នៅពេល​សម្រាល​ ​ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​ផ្តល់​ជូន​អាណាព្យាបាល​ស្របច្បាប់​ ​ឬ​អ្នក​ដែល​មាន​សិទ្ធិ​ស្របច្បាប់​ ​ឬ​អ្នក​ដែល​នាំ​កូន​មក​ទទួល​សេវា​ ​ដូច​ខាងក្រោម​៖​ ​
​ទី1​៖​ ​200,000រៀល​(​ម្ភៃ​ម៉ឺន​)​សម្រាប់​ការ​សម្រាល​។​
​ទី2​៖​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ដែល​ផ្តល់​ជូន​ជា​អតិបរមា​ ​10ដង​នៅពេល​យកកូន​មក​ទទួល​សេវា​ថែទាំ​សុខភាព​រហូតដល់​កូន​អាយុ​ ​2ឆ្នាំ​៕​ ​

Advertisement