កម្ពុជា-ថៃ ត្រៀម​រៀបចំ​សិក្ខាសាលា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ៖ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​ពិសេស​បង្កើន​ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​សំដៅ​កាត់បន្ថយ​គម្លាត​ពាណិជ្ជ​កម្ម​នាំចេញ-នាំចូល​នោះ​កម្ពុជា-ថៃ ត្រៀម​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង។

ក្នុងជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម ដាម ប៊ុន​ថាំ អគ្គរាជទូត និង​អនុប្រធាន​បេសកកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការរៀបចំ​សិក្ខាសាលា និង​ជំនួប​ពាណិជ្ជករ​ខាងលើ​គ្រោង​នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 ដើម្បី​ពិភាក្សា​ទៅលើ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​កសិកម្ម វិនិយោគ និង​ដឹកជញ្ជូន ដែលជា​វិស័យ​សំខាន់​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​រៀបចំ​ឱ្យមាន​ការជួបពិភាក្សា​ដោយផ្ទាល់​រវាង​សភាពាណិជ្ជកម្ម និង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​អ្នក​នាំចេញ​ផលិតផល​ខ្មែរ សមាគម​កសិករ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

របាយការណ៍​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បង្ហាញថា ឆ្នាំ2017នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ថៃ​នឹង​កើន​ដល់​ទឹកប្រាក់ 5,800 លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​ជា3.6%។ ការកើនឡើង​សម្រាប់​ឆ្នាំ2017 គឺជា​សញ្ញា​ល្អ​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ2016កន្លងទៅ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ មាន​ទំហំ​ទឹកប្រាក់​តែ 5,600លាន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់ថា ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ថៃ​រួមមាន​ដូចជា ពោត ដំឡូង​មី សណ្តែក ជាដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ​មានដូចជា​គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្រាប់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ប្រេងឥន្ធនៈ និង​សម្ភារ​សំណង់​ជាដើម៕

Advertisement