ចំនួន​ភ្ញៀវទេសចរ​ទស្សនា​ខេត្ត​ព្រះសីហនុ​កើនឡើង​ជាង 10%

ភ្នំពេញ៖ បន្ទាប់ពី​ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវបាន​ប្រកាស​ចូល​ជា​សមាជិក​ឆ្នេរសមុទ្រ​ស្អាត នៅលើ​ពិភពលោក ឬ​ហៅថា​តារា​រះ​នៅ​ទិសនិរតី​មក បានធ្វើឱ្យ​ឆ្នេរសមុទ្រ​កំពង់សោម កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ។

ជាក់ស្តែង​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល6ខែ ដើមឆ្នាំ2017 មាន​ចំនួន​ប្រមាណ​ជិត25ម៉ឺន​នាក់ កើនឡើង10.65%ដែល​ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន58,943នាក់ កើនឡើង132,43%ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 ដែល​កំណើន​ដ៏​ខ្លាំង​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​ឱកាស​ការងារ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​យើង។

ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់ឆ្នេរ​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​យុវជន​នៅ​តំបន់ឆ្នេរ​ខិតខំ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ដ៏​ពូកែ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ទេស​ចរ​ដែល​មក​ទស្សនា​តំបន់ឆ្នេរ​ដ៏​ច្រើន​កុះករ​ក្រោយ​ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរ​ដ៏​ស្អាត​បំផុត​លើ​ពិភពលោក។ ឯកឧត្តម​មានប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ការផ្តល់​ជំនាញ និង​ការងារ​ជូន​យុវជន​កម្ពុជា ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​បន្នដោយ​ឈរលើ​ទស្សនទាន «ស្អាត និង​បៃតង»។ ក្នុងន័យនេះ ក្រសួង​បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​ភាគី​ពាក់ព័ន្ធ​នានា​ឱ្យ​ខិតខំ​បណ្ដុះបណ្ដាល​អ្នក​កំពុង​បម្រើ​ការងារ និង​យុវជនក្មេងៗឱ្យទទួល​បាន​ជំនាញ​ច្បាស់លាស់​ស្របតាម​ស្តង់ដារ​កម្មវិធីសិក្សា និង​វិធី​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​និង​ដាក់ឱ្យ​ប្រើប្រាស់។

សូម​រំឭកថា ដោយមាន​សុខសន្តិភាព និង​សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មានកា​រ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ជាក់ស្តែង​កាលពី​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង5លាន​នាក់ ក្នុង​កំណើន5% នាំ​ចំណូល​ចូលជាតិ​ប្រមាណ3,400លាន​ដុល្លារ ស្មើនឹង13.5នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ62ម៉ឺន​នាក់ ស្មើនឹង13%នៃ​ការងារ​សរុប។ 6ខែ​ដើមឆ្នាំ2017នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ2,6លាន​នាក់​កើនឡើង​ប្រមាណ12,8% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2016 ។ ជា​ចក្ខុវិស័យ​ឆ្នាំ 2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ7លាន​នាក់ នាំ​ចំណូល​ចូលជាតិ​ប្រមាណ5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត1លាន​នាក់៕

Advertisement