គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ភាពច្បាស់លាស់

ភ្នំពេញ៖  វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែមាន​សកម្មភាព​រឹងមាំ​នៅឡើយ បើទោះបី​កម្ពុជា​ត្រៀម​រៀបចំ​បោះឆ្នោតជាតិ​នៅ​ឆ្នាំ2018ខាងមុខ​ក៏ដោយ  ហើយ​ដើម្បីឱ្យ​វិស័យនេះ កាន់តែ​រឹងមាំ សមាគម​អចលនទ្រព្យ​កម្ពុ​ជាមាន​គម្រោង​នឹង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នេះ​ឡើង ប៉ុន្តែ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានផ្តល់​បទ​សម្ភាស​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ថា បើ​មិនមាន​ការប្រែប្រួល​ទេនោះ គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ2018ខាងមុខ​នេះហើយ។ ប៉ុន្តែ​ទោះយ៉ាងណា លុះត្រាតែ​មានការ​ចូលរួម​គាំទ្រ​ពី​សមាជិក​នៅក្នុង​សមាគម​ដែលមាន​ចំនួន​សរុប102ក្រុមហ៊ុន​នោះដែរ។

លោក​ថា ដើម្បីឱ្យ​គម្រោង​នេះ​មាន​ភាពច្បាស់លាស់ នៅ​ដើមខែ​កញ្ញាឆាប់ៗខាងមុខនេះ លោក​នឹង​កោះហៅ​សមាជិកសមាគម​ទាំងអស់​មក​ចូលរួម​ប្រជុំ​ផ្លាស់ប្តូរ​យោបល់​ដើម្បី​ស្វែងរក​ការគាំទ្រ។ លោក គីម ហ៊ាង បន្តថា «គម្រោង​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ លុះត្រាតែ​មានការ​ប្រជុំ​ដែលមាន​ការចូលរួម និង​គាំទ្រ​ច្រើន​ពី​សមាជិកសមាគម​ដែរ មានន័យថា បើ​សមាជិក​គាំទ្រ​ច្រើន គម្រោង​បង្កើត​សាលា​នេះ​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ2018 តែបើ​មិនមាន​ការគាំទ្រ​ទេ​គម្រោង​នេះ​ក៍​មិនអាច​ទៅរួច​ដែរ»។

យ៉ាងណា​ក៍ដោយ សម្រាប់​កញ្ចប់​ថវិកា​ហាក់ដូចជា​មិនមាន​ការលំបាក​នោះទេ ដើម្បី​មានលទ្ធភាព​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ដោយ​គ្រោង​ចំណាយ​ត្រឹមតែ​ជាង10ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ គឺ​សម្រាប់តែ​ប្រធាន​ក្រុមហ៊ុន​ចំនួន2ឬ3ក្រុមហ៊ុន​នឹង​អាចបង្កើត​បាន​ហើយ តែបើ​សិន​មិនមាន​សំឡេងគាំទ្រ​ភាគច្រើន​ពី​សមាជិក​ទាំង102ក្រុមហ៊ុន​ទេ នឹងមិន​អាច​ដំណើរការ​បានឡើយ។

ចំពោះ​ផែនការ​បង្កើត​សាលា​នេះ នៅ​ដំណាក់កាល​ដំបូង សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ នឹង​ជួល​គ្រូ​ជំនាញ​មកពី​សាកលវិទ្យាល័យ UTM ប្រទេស​ម៉ាឡេស៊ី និង​គ្រូ​ជំនាញ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​គ្រូ​ជំនាញ​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​មក​បណ្តុះបណ្តាល​គ្រូ​បង្គោល ដែលជា​ប្រធាន​ក្រុមហ៊ុន មាន​សញ្ញាបត្រ​បណ្ឌិត ឬ​អនុបណ្ឌិត​ដែលមាន​បទពិសោធ​ផ្នែក​ដីធ្លី​ច្រើន​ឆ្នាំ។ ហើយ​នៅពេល​បណ្តុះបណ្តាល​គ្រូ​បង្គោល​បាន​ហើយ សមាគម​នឹង​បង្កើត​វិទ្យាស្ថាន​ជំនាញ​ដីធ្លី​នេះ​ឡើង​ដើម្បី​ទទួល​សិស្ស​ចូលរៀន ដែលមាន​វគ្គ​បណ្តុះបណ្តាល​ខ្លី3ខែ ឬ6ខែ និង​ថ្នាក់​បរិញ្ញាបត្ររង​ជាដើម។ លោក គីម ហ៊ាង បញ្ជាក់ថា សិស្ស​ដែល​ចូលរៀន​ដំណាក់កាល​ដំបូង​នេះ ភាគច្រើន​ជា​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

ចំពោះ​ទស្សនវិស័យ​នៃ​ការបង្កើត​សាលា​ជំនាញ​ដីធ្លី​នេះ​ឡើង លោក​គឹម ហ៊ាង បញ្ជាក់​ដូច្នេះ​ថា «ដើម្បី​បង្កើត​ព្រមទាំង​បង្កើន​ចំនួន​ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកវាយតម្លៃ​អចលនទ្រព្យ ដែល​សមត្ថភាព និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ល្អ​ក្នុង​ការជួយ​ជំ​រុញឱ្យ​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​ឈានដល់​កម្រិត​មួយទៀត ពិសេស​ដើម្បី​បង្កើន​ចំនួន​អ្នកវិនិយោគទុន​ដែល​ត្រឹមត្រូវ​ឱ្យបាន​ច្រើន នោះ​មាន​ការងារ​ច្រើនណាស់​ដែល​ត្រូវធ្វើ ហើយ​អ្វីដែល​ត្រូវ​ចាប់ផ្តើម​មុនគេ​ជា​អាទិភាព គឺ​ការអប់រំ!  បើ​ឥឡូវ​មិនមែនជា​ពេល​ត្រូវ​បើក​សាលារៀន​ដីធ្លី​នៅ​កម្ពុជា តើ​ពេលណា? »៕

Advertisement