អ្នកជំនាញ៖ ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច

ភ្នំពេញៈ ស្របពេល​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ជា​អាជីវកម្ម​ធ្វើឡើង​តាម​គ្នា​នោះបាន​ធ្វើ​ឲ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ និង​ចាត់ទុកថា​ការធ្វើ​អាជីវកម្ម​បែបនេះ​នឹងធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging Market Consulting បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី28 សីហា​នេះ​ថា ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ធ្វើតាម​គ្នា ដោយសារ​សហគ្រិន​នានា​ខ្វះ​គំនិត​ច្នៃប្រឌិត ហើយ​មិន​ផ្តោតលើ​គុណភាព និង​សេវាកម្ម​នោះឡើយ ពួកគេ​ផ្តោតលើ​តម្លៃ​ជាជាង​គុណភាព និង​សេវាកម្ម​ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​ទាំងអស់គ្នា។ លោក​បន្តថា ពេល​ដំណើរការបាន6ខែ ទៅ1ឆ្នាំ ពួកគេ​មើលឃើញ​ភាព​រើប​ឡើង​នៃ​អាជីវកម្ម​របស់​ពួកគេ ប៉ុន្តែ​ដៃគូ​ប្រកួតប្រជែង​ថ្មី​បានមក​ដល់​ដោយសារ​ពួកគេ​ធ្វើតាម​គ្នា។

លោក​បន្តថា “ពេល​និយាយ​ពី​ការខិតខំ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​សហគ្រិនថ្មីៗច្រើន ប៉ុន្តែ​រដ្ឋាភិបាល​គួរ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដើម្បី​រិះរក​គំនិត​អាជីវកម្មថ្មី។ លោក​បន្តថា “បើទោះបីជា​កម្មវិធីសិក្សា​នៅតាម​មហាវិទ្យាល័យ​មួយចំនួន​បាន​បញ្ចូល​ភាពជា​សហគ្រិន​ក្តី តែ​វា​មិនមាន​លក្ខណៈ​ស៊ីជម្រៅ​នោះឡើយ ហើយ​វា​ជា​គំនិត​របស់គេ។

លោក ង៉ែត ជូ បាន​បន្តថា ការធ្វើ​អាជីវកម្មថ្មីៗក៏​ជាការ​បង្កើត​នូវ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផងដែរ ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រាសចាក​ហានិភ័យ ផ្ទុយទៅវិញ​ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ផងដែរ។ ឧទាហរណ៍​ក្នុងភូមិ​មួយ​មាន​ប្រជាជន200គ្រួសារ​កាលពី5ឆ្នាំមុន ហើយ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ5ទៅ6ស្ថាប័ន​ប៉ុណ្ណោះ ប៉ុន្តែ5ឆ្នាំក្រោយ ចំនួន​ប្រជាជន​ឡើងដល់250គ្រួសារ​តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​ភូមិ​ដដែល​នោះបាន​កើនឡើង​ពី40ទៅ50ស្ថាប័ន វា​ប្រៀប​ដូច​មាន​នំ​តូច​មួយ​ហើយ​ចែកគ្នា​ហូប​ច្រើន​នាក់ សួរថា​តើ​អ្នក​ហូប​ទទួលបាន​ចំណែក​ប៉ុន្មាន?។

អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP លោក គុយ វ៉ាត បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការធ្វើ​អាជីវកម្ម​តាម​គ្នា​មិនមាន​និរន្តរភាព​នោះទេ ប៉ុន្តែ​និន្នាការ​នេះ​បានកើត​មាននៅ​កម្ពុជា​ជា​យូរ​មកហើយ​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដែល​ធ្វើតាម​គេ និង​គ្មាន​ជំនាញ​បទពិសោធ​ច្បាស់លាស់​ទាំងនោះ​ប្រឈមមុខ​នឹង​ការបរាជ័យ។លោក​បន្តថា ឧទាហរណ៍​នៅ​ទីក្រុង​ភ្នំពេញ​មាន​ហាង​កាហ្វេ​ច្រើន​ដែលជា​ការធ្វើ​តាម​គ្នា​ពីមួយ​ទៅមួយ ប៉ុន្តែ​ហាង​កាហ្វេ​មួយចំនួន​ក៏បាន​បិទទ្វារ​ដោយសារ​ការធ្វើ​តាម​គ្នា​នេះដែរ។

លោក​បន្តថា ជាក់ស្តែង​យើង​អាច​ក្រឡេកមើល​ភោជនីយដ្ឋាន​នៅតាម​ផ្លូវជាតិ​លេខ​6A ពេល​សម្ពោធ​ស្ពាន​ជ្រោយចង្វារដំបូងៗមាន​ភោជនីយដ្ឋាន​រាប់រយ​នៅ​តំបន់​នោះ ប៉ុន្តែ​ពេលនេះ​មាន​ភោជនីយដ្ឋាន​ប៉ុន្មាន​ដែល​នៅសល់?៕

Advertisement