វិធី​ថែទាំ​ស្នេហា​ក្រោយពេល​រៀបការ ឱ្យនៅតែ​រីក​ស្គុសស្គាយ​មិន​រុះ​រោយ

ការរៀប​ការមិន​មែន​ជា​វិធី​ដែល​នឹង​បង្ហាញ​ឱ្យនារីៗយើង​បានដឹងថា សេចក្តីស្នេហា​របស់ខ្លួន​នឹង​ស្ថិតស្ថេរ​គង់វង្ស​រហូត​តទៅ​នោះទេ តែ​នេះ​គឺជា​ផ្នែក​ប្រកប​មួយ​របស់​ជីវិត ជាការ​ផ្តល់ដំណឹង​អំពី​ការចាប់ផ្តើម​រស់នៅ​ជា​ជីវិត​គូ​ដែល​មិនមែន​មានតែ​ជីវិត​របស់​អ្នកណាម្នាក់​ទៀតហើយ តែ​គឺ​ការរួម​ទុក្ខ​រួមសុខ​ជាមួយ​មនុស្ស​ម្នាក់។ ក្រោយពេល​រៀប​មង្គលការ បើ​កើតមាន​ភាពមិន​យល់​រវាង​គ្នា​នឹង​គ្នា​ឡើង ឬ​មិន​ខ្វល់ខ្វាយ​ក្នុងការ​បន្ថែម​ភាព​ផ្អែមល្ហែម​ដល់​គ្នា​ខ្លះ​ទេនោះ  វា​ច្រើនតែ​នឹង​ធ្វើឱ្យ​សេចក្តីស្នេហា​ដែល​ធ្លាប់មាន​ឱ្យ​គ្នា​នោះ​ថមថយ​ចុះ​ជាបណ្តើរៗមិន​ខាន  រហូតមកដល់​ថ្ងៃមួយ​នឹងមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​បាក់បែក​ដួលរ​លំ ព្រោះតែ​ក្តី​មិន​យល់ចិត្ត​គ្នា និង​មិន​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​ហ្នឹងឯង។

បើ​សេចក្តីស្នេហារ​របស់​នរ​ណា​ម្នាក់​ដែល​កំពុង​ជួបនឹង​ឧបសគ្គ​ក្រោយ​អាពាហ៍ពិពាហ៍ នោះ​អាចជា​សញ្ញា​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​យើង​ឃើញ​ពីអ្វី​ម្យ៉ាង​ដែល​ត្រូវបាន​បំភ្លេច​ហើយ ដូច្នេះ​ចូរ​សាកល្បង​បែរ​ត្រឡប់​ទៅ​នឹកឃើញ​រឿងរ៉ាវល្អៗកាលពីថ្ងៃមុនៗ ដែល​ធ្លាប់​ស្រឡាញ់គ្នា និង​ថ្ងៃ​ដំបូង​ដែល​សម្រេចចិត្ត​រស់នៅ​រួមគ្នា ព្រមទាំង​វិធី​មើលថែទាំ​សេចក្តីស្នេហា​ឱ្យនៅ​គង់វង្ស​ស្ថិតស្ថេរ ទោះជា​រៀបការ​ជាមួយគ្នា​យូរ​មកហើយ​ក៏ដោយ​វិញ​ប្រសើរ​ជាង។

ភាពស្មោះត្រង់​បន្ថែម​សេចក្តីស្នេហា​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ

នៅពេលដែល​ការរស់នៅ​ជា​ជីវិត​គូ​ចាប់​ផ្តើមឡើង រឿង​ដែល​សំខាន់បំផុត​គឺ ការស្រឡាញ់​ស្មោះស្ម័គ្រ​មួយ​នឹង​មួយ មិន​ថា​ពេលវេលា​កន្លងផុតទៅ​ប៉ុន្មាន​យុគ​ប៉ុន្មាន​សម័យ​ក៏ដោយ ក្តី​ស្មោះត្រង់ និង​ក្តី​ស្មោះស្ម័គ្រ​គួរតែមាន​ជានិច្ច ដែល​អាច​រាប់បាន​ថា ជា​រឿង​ដែល​បង្ហាញឱ្យឃើញ​អំពី​សេចក្តីស្រឡាញ់​យ៉ាងពិត​ប្រាកដ​ដែល​យើង​បានប្រគល់​ឱ្យ​មនុស្ស​ម្នាក់​ឱ្យគេ​ជឿជាក់​ក្នុង​ចិត្ត​ថា មនុស្ស​ដែល​ខ្លួនឯង​ជ្រើស​រើសយក​ម្នាក់នេះ​គឺ​មិន​ខុស​ទេ។ ទោះជា​ពេលវេលា​កន្លងផុតទៅ​យូរ​ប៉ុនណា ភាពជឿ​ទុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក​គឺជា​គ្រឹះ​ចម្បង​ដែល​ធ្វើឱ្យ​សេចក្តីស្នេហា​ក្រោយពេល​រៀបការ​ដំណើរការ​ទៅ​យ៉ាង​រលូន និង​ពោរពេញ​ដោយ​សេចក្តីសុខ។

ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជានិច្ច

កាលពីពេល​មួយ អ្នក​ធ្លាប់​លង់​ស្នេហ៍​មនុស្ស​ម្នាក់​ដែល​នៅ​ជិត​រូប​អ្នកនេះ  ជា​មនុស្ស​តែមួយ​នឹង​មនុស្ស​ដែល​អ្នក​ធ្លាប់​រៀបការ​ជាមួយ​រួចមកហើយ។ ក្នុង​ថ្ងៃ​ដែល​អ្វី​គ្រប់យ៉ាង​មើលទៅដដែលៗជាមួយនឹង​ការរស់នៅ​បែបដដែលៗ រហូត​ធ្វើឱ្យ​សេចក្តីស្នេហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មើលទៅ​ស្ងៀមស្ងាត់ និង​គ្មាន​ន័យ​នោះ អ្នក​អាច​នឹង​លង់​ស្នេហ៍​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​មនុស្ស​ដដែល​ម្នាក់នេះ​អស់​មួយជីវិត ដោយ​ការ​ឧស្សាហ៍​មើលថែទាំ​យកចិត្តយកថ្លើម​គេ​ឱ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​ធ្លាប់​បានធ្វើ។ រឹតតែ​មិន​ថា​ពេលវេលា​កន្លងផុតទៅ​យូរ​ប៉ុនណា​នោះឡើយ សាកល្បង​ធ្វើ​គ្រប់យ៉ាង​ឱ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​ធ្លាប់​ជួបគ្នា ធ្វើឱ្យ​រាល់ថ្ងៃ​ផ្អែមល្ហែម​ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដូច​ពី​ដើម។ ការយកចិត្តទុកដាក់​គ្នា​ទៅវិញទៅមក​យ៉ាង​ជាប់លាប់​បែបនេះ នឹង​ជួយ​ឱ្យ​រៀងរាល់​ព្រឹក​ដែល​ភ្ញាក់ឡើង អ្នកនឹង​បាន​ជួបនឹង​សេចក្តីស្នេហា​ដែល​ពេញប្រៀប​មិនដែល​ជិនណាយ ពេញ​ទៅដោយ​ស្នាមញញឹម និង​សេចក្តីសុខ​គ្រប់​អំឡុងពេល។

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ជីវិត​ក្រោយពេល​រៀបការ ទោះជា​គ្រប់គ្នា​ចង់បាន​មនុស្ស​ដែល​ខ្លួន​នឹក​ស្រមៃ​មែន តែ​មិនមែន​ថា អ្វី​គ្រប់យ៉ាង​នឹង​បាន​ដូចដែល​ចិត្ត​ប៉ង​ជានិច្ច​នោះទេ ដូច្នេះ​ចូរ​ព្យាយាម​កុំ​ផ្លាស់ប្តូរ​នូវ​អ្វី​ដែលជា​រូបគេ (ឬ​នាង) មាន​ស្រាប់​ហើយ​នោះ បណ្តោយឱ្យ​រូបគេ (ឬ​នាង) ស្ថិតនៅ​ជាម​នុស្ស​ក្នុង​បែប​ពីមុន​ដែល​អ្នក​ធ្លាប់​ស្គាល់ នោះ​សេចក្តីស្នេហា​នឹង​ពោរពេញ​ទៅដោយ​សេចក្តីសុខ មិន​ទើសទាល់​ធុញទ្រាន់ តែ​នឹង​បែរជា​ធូរស្រាល និង​កក់ក្តៅ​បាន​យ៉ាងពិត​ប្រាកដ​មិន​ខាន៕

Advertisement