ពលរដ្ឋ​ក្រុងភ្នំពេញ និង​តាខ្មៅ​អស់​កង្វល់​ហើយ! ក្រោយ​មាន​ចំណាត់ការ​ក្ដៅ​លើ​តម្លៃ​ទឹក

ភ្នំពេញ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​មានការ​លើកឡើង និង​តវ៉ា​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ជាច្រើន​អំពី​បញ្ហា​តម្លៃ​ទឹក​ឡើងថ្លៃ​ខុស​ប្រក្រតី។ ទោះបីជា​មានការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​សង្គម និង​តាម​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ក៏ដោយ ក៏​ពុំមាន​ដំណោះស្រាយ​ណាមួយ​ជា​ដុំកំភួន​ឡើយ  ប៉ុន្ដែ​ក្រោយពី​មានការ​អន្ដរាគមន៍​ពី​សម្តេចនាយក​រដ្ឋ​ម​ន្រី្ដ​ហ៊ុន សែន​ទើប​ធ្វើឱ្យអ្វីៗវិល​មករក​ភាពប្រក្រតី​វិញ។

ក្នុង​សារ​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​សរសេរ​បញ្ជាក់ថា៖ «ថ្ងៃនេះ ខ្ញុំ​ទើបបាន​ដឹងថា តម្លៃ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​ដែល​អ្នកប្រើប្រាស់​ទឹក​តិច និង អ្នកប្រើប្រាស់​ច្រើន​ត្រូវបាន​បង់ថ្លៃដូចៗគ្នា ធ្វើឱ្យ​នយោបាយ​អនុគ្រោះ​សម្រាប់​ប្រជាជន​ក្រីក្រ​មិនអាច​អនុវត្តបាន។ នេះ​ជាការ​ដើរ​ខុស​ជាមួយ​ការអំពាវនាវ​របស់ខ្ញុំ​ឱ្យ​បញ្ចុះ​ថ្លៃ​ទឹក។ ខ្ញុំ​បាន​បញ្ជា​ឱ្យ​ទេសរដ្ឋមន្ត្រី ចម ប្រ​សិ​ទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះ​ធ្វើការ​ជាមួយ​រដ្ឋាករទឹក​ដើម្បី​ធ្វើឱ្យ​វិលត្រឡប់​ទៅ​អនុវត្ត​រូបមន្ត​ដើម​វិញ និង​ត្រូវ​សង​ទៅ​ប្រជាជន​វិញ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​យក​លើសពី​ប្រជាជន​តាមរបៀប​ថ្មី»។ សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជាជន​ដែល​បានផ្តល់​ដំណឹង​នេះ​ដល់​រូបខ្ញុំ »។

បន្ទាប់ពី​មាន​ចេញ​ចំណាត់ការ​បែបនេះ​រួចមក រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានចេញ​សេចក្ដីជូនដំណឹង​ដើម្បី​សុំទោស​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចំពោះ​ការខុសឆ្គង​នូវ​ការ​គណនា​ថ្មី​ទៅលើ​តម្លៃ​ទឹក។  មិនតែប៉ុណ្ណោះ​ក៏បាន​សន្យាថា នឹងមិន​ឱ្យមាន​កំហុស​ឆ្គង​ជា​លើក​ទី​ពីរ​ឡើយ៕

Advertisement