ប្រធាន CVEA ប្រាប់​លេខ​ទូរស័ព្ទ​ឲ្យ​ប្រជាពលរដ្ឋ​សាកសួរ​ព័ត៌មាន​រឿង​អចលនទ្រព្យ

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែលមាន​ចម្ងល់​ចង់ដឹង​ពី​ក្រុមហ៊ុន​វិនិយោគ​លើ​លំនៅដ្ឋាន​ជា​បុរី​ក្តី ជា​ខុន​ដូ​ក្តី អាច​ទូរស័ព្ទ​មក​សាកសួរ​សមាគម​បាន។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា កន្លងមក​មាន​ក្រុមហ៊ុន​មួយចំនួន​ថា ខ្លួន​ជា​ក្រុមហ៊ុន ប៉ុន្តែ​ពេល​ឆែក​ព័ត៌មាន​ទៅបាន​រកឃើញថា ពួកគេ​មិនមាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឡើយ គឺ​ពួកគេ​មានតែ​អាជ្ញាប័ណ្ណ​ចុះបញ្ជី​ក្រុមហ៊ុន​ពី​ក្រសួងពាណិជ្ជកម្ម​ប៉ុណ្ណោះ។ លោក​បន្តថា ដើម្បី​ស្រាយ​ចម្ងល់​ទាក់ទង​នឹង​បុរី ឬ​ខុន​ដូ​ថា តើ​មាន​អាជ្ញាប័ណ្ណ​ឬ​អត់ ប្រជាពលរដ្ឋ​អាច​សាកសួរ​មកកាន់​សមាគម​តាមរយៈ​ទូរស័ព្ទ​លេខ 023 63 24 834

លោក​គីម ហ៊ាង​បាន​បន្តថា ករណី​ខ្លះទៀត​ប្រជាពលរដ្ឋ​អាច​សាកសួរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​នោះ​មិនមាន​ហានិភ័យ​កើតឡើង។ ដូចជា​ដីឡូត៍​ពុះ​លក់​ជាដើម ប្រជាពលរដ្ឋ​គួរតែ​សាកសួរ​ព័ត៌មាន​រក​ម្ចាស់​ប័ណ្ណ​ពិតប្រាកដ។ លោក​បន្តថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រងគ្រោះ​ពី​ការទិញ​ដីឡូត៍ ដោយសារ​ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​កក់​ប្រាក់10ភាគរយ ហើយ​ម្ចាស់​ដី​បានត្រឹមតែ​បាន​ចុះ​ឈូសឆាយដី ហើយ​លើកស្លា​កល​ក់រួច​ប្រមូលប្រាក់​បាន​មួយចំនួន​ក៏​រត់ចោល​អ្នកទិញ​តែម្តង​ក៏មាន៕

Advertisement