កាដូ​ថ្មី! ផ្លូវជាតិ​លេខ3 នឹងត្រូវ​អភិវឌ្ឍ​ឱ្យមាន 4គន្លង

ភ្នំពេញ – ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព និង​កាត់បន្ថយ​កា​រក​កកស្ទះ​ចរាចរណ៍​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ  ថ្មីៗនេះ​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ចេញ​នូវ​គម្រោង​ថ្មី​មួយទៀត គឺ​គ្រោង​ពង្រីក​ផ្លូវជាតិ​លេខ3។

ការពង្រីក​ផ្លូវ​នេះ​ត្រូវធ្វើឡើង​ចាប់ពី​រង្វង់​មូល​ចោមចៅ​ទៅដល់​ផ្លូវបំបែក​ទៅ​ខេត្ដ​តាកែវ និង​កំពត ដោយ​ផ្លូវ​នេះ​នឹងត្រូវ​ពង្រីក​ទៅជា4គន្លង​ផ្លូវ និង​មាន​កន្លែង​ខ្លះទៀត​ត្រូវ​ពង្រីក​ទទឹងផ្លូវ​ដល់​ទៅ12ម៉ែត្រ​ទៀតផង​ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​លើកឡើងថា៖«ថ្ងៃនេះ​ខ្ញុំ​អាច​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​ជាតិ​លេខ3 ឱ្យបាន​ជ្រាបថា ផ្លូវជាតិ​លេខ3របស់​យើង​មិនត្រូវ​ទុកឱ្យ​នៅត្រឹមតែ9-10ដូច្នេះ​ម៉ែត្រ​ទៀត​ទេ។ យើង​នឹងធ្វើ​ផ្លូវ​នេះ​ពី​ចោមចៅ​ទៅទល់​ទីរួមខេត្ដ​ទៅ​កំពត និង​ជាង2ភាគ3 នឹងធ្វើ4គន្លង 2ទៅ2មក នៅសល់1ភាគ3 គឺ​យើង​នឹងធ្វើ​ទទឹង12ម៉ែត្រ»។

សម្ដេច​បន្ដថា កាលពីមុន ផ្លូវ​នេះ​មាន​ទទឹង​តែ7ម៉ែត្រ​ប៉ុណ្ណោះ ហើយ​សម្ដេច​បានធ្វើការ​ច​ចារ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ទើបបាន​ពង្រីក​មក​បាន​ទំហំ​ដូច​សព្វថ្ងៃ។ ទោះយ៉ាងណា​ទំហំ​ប៉ុណ្ណឹង​វា​លែង​ស័​ក្កិ​សមជា​មួយ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទៀតហើយ ។

ជាមួយនឹង​ការបញ្ជាក់​បែបនេះ មហាជន​ជាច្រើន​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​មួយ​នេះ និង​ធ្លាប់​ជួប​ការកកស្ទះ​ចរាចរណ៍​ស្ទើរ​រៀងរាល់​ថ្ងៃនោះ បាន​សាទរ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ3នេះ​ជាខ្លាំង ព្រោះថា ការកកស្ទះ​មិន​ត្រឹមតែ​បានធ្វើឱ្យ​ប៉ះពាល់​ដល់ពេល​វេលា​នៃ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ​ទៀតផង តាមរយៈ​ព័ត៌មាន​នេះដែរ ម្នាក់ៗកំពុង​រំពឹងថា គម្រោង​មួយ​នេះ​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេលឆាប់ៗខាងមុខ៕

Advertisement