រយៈពេល7ខែ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជិត4ពាន់​លាន​ដុល្លារ

ភ្នំពេញៈ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មិនមាន​សញ្ញា​ថមថយ​ទេ​នៅក្នុង​ឆ្នាំនេះ ដោយ​គិត​ត្រឹម​រយៈពេល7ខែ​ឆ្នាំនេះ​ទំហំ​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យនេះ​មាន​ជិត4ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង27ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿង សោ​ភ័​ណ្ឌ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មកដល់​បច្ចុប្បន្ន វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ជាក់ស្តែង​មកដល់ពេលនេះ​ក្រុមហ៊ុនធំៗមកពី​ក្រៅប្រទេស និង​ក្រុមហ៊ុន​នៅក្នុង​ស្រុក​បាន​បោះទុន​យ៉ាងច្រើន​លើ​ការងារ​សំណង់ខ្ពស់ៗ និងទំនើបៗដូចជា​ទីក្រុង​រណប ឬ​ជា​អគារ​ពាណិជ្ជកម្ម​ជាដើម ហើយ​បើ​គិត​ក្នុង​រយៈពេល2ឆ្នាំនេះ​ទុនវិនិយោគ​ក្នុង​វិស័យនេះ​បាន​កើន​ឡើងជា​លំដាប់ ជាក់ស្តែង​កាលពី​ឆ្នាំ2016 វិស័យនេះ​មាន​ទុនវិនិយោគ​ចំនួន5ពាន់​លាន​ដុល្លា​អាមេរិក និង​រយៈពេល7ខែ​ឆ្នាំនេះ​ទុនវិនិយោគ​មាន​រហូតដល់​ជិត4ពាន់​លាន​ដុល្លារ។

លោក​បន្តថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ វិស័យ​ស្ថាបត្យកម្ម និង​សំណង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដោយ​យើង​សង្កេតឃើញថា មាន​អគារខ្ពស់ៗជាច្រើន​ដែល​បាន​រីកដុះដាល​ឡើង​រួមជាមួយ​ការ​រចនា​ម៉ូត​យ៉ាង​ល្អ​ប្រណីត និង​ទាន់សម័យ ជាក់ស្តែង​ព្រឹត្តិការណ៍​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​នៅ​ថ្ងៃ​ខាងមុខនេះ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ដែល​មិនអាច​មើលរំលង​បានឡើយ ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ពិតប្រាកដ​ដែល​ចូលមកក្នុង​វិស័យនេះ? ខណៈ​គម្រោង​ខ្លះ​ប្រកាស​ពី​ការសាងសង់​ចំណាយ​ទុន​អស់10លាន​ដុល្លារ ប៉ុន្តែ​ប្រកាស​គម្រោង​របស់ខ្លួន​មាន​ទុនវិនិយោគ​រហូតដល់50លាន​ដុល្លារ ដោយសារ​ពួកគេ​បាន​បូក​បញ្ចូល​នូវ​តម្លៃ​ដែល​គេ​ព្យាករ​ថា​លក់បាន។ ទំហំ​ទុនវិនិយោគ​ដែល​បានប្រកាស និង​ទឹកប្រាក់​ដែល​ហូរ​ចូលមកក្នុង​វិស័យនេះ​ពិតប្រាកដ ទំនងជា​មិន​ស៊ីចង្វាក់​គ្នា​ទេ។

ការលើកឡើង​របស់លោក គីម ហ៊ាង ហាក់​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ព្រោះ​ជាក់ស្តែង​គម្រោង​វិនិយោគ​ដែល​បានប្រកាស​សាងសង់​នៅ​ឆ្នាំនេះ​មាន​ចំនួន​តិច​តូច​បំផុត​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ឆ្នាំនេះ​មាន​គម្រោង​វិនិយោគ​តែ​មិន​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ​ដែល​បានប្រកាស​សាងសង់​មានដូចជា គម្រោង​ខុន​ដូ​អ័​រ​គី​ដេ​វីឡា គម្រោង​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​បុរី​មួយចំនួនទៀត​ប៉ុណ្ណោះ៕

 

Advertisement