មណ្ឌល​ទេសចរណ៍​ទឹក​ចម្រុះ​ពណ៌ 5កន្លែង ដែល​ស្អាត​បំផុត​លើ​ពិភពលោក

អាច​រាប់បាន​ថា ជា​មណ្ឌល​ទេសចរណ៍​ទឹក​ដ៏​អស្ចារ្យ​បំផុត ដែល​កំពុង​រង់ចាំ​ឱ្យ​អ្នកទេសចរ​ទូទាំង​ពិភពលោក​បាន​ទៅ​ទស្សនា និង​នែបនិត្យ​ជាមួយនឹង​បរិយាកាស​ធម្មជាតិ​ដ៏​ស្អាត​អស្ចារ្យ​ដែល​បានឃើញ​ហើយនឹង​ធ្វើឱ្យ​ជញ្ជក់មាត់គ្រប់ៗគ្នា​មិន​ខាន។

1/ Plitvice Lake ប្រទេស​ក្រូ​អាត


ជា​មណ្ឌល​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស ក្រូ​អាត ដែល​ឧ​ត្ត​ម​សម្បូរ​ទៅដោយ​ភាពស្រស់ស្អាត​របស់​ធម្ម​ជាតិ ភាពស្រស់ថ្លា​ខៀវខ្ចី​របស់​ធម្មជាតិ ភាព​ត្រជាក់​ស្រស់បស់​របស់​ព្រៃព្រឹក្សា និង​ភាព​ត្រជាក់​ស្រើប​នៃ​ទឹក​បឹង​ទន្លេសាប Plitvice Lake។ គឺជា​បឹង​មួយ​ក្នុងចំណោម​បឹង​ទន្លេសាប​ទាំង16ដែល​ត្រូវបាន​ត​ភ្ជាប់​គ្នា​ដោយ​ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់ស្អាត​ជាច្រើន​រហូត​កើតចេញ​ជា​បឹង​ទន្លេសាប​ដែល​ឧ​ត្ត​ម​សម្បូរ​ទៅដោយ​ធម្មជាតិ​ដែល​ទាមទារ​ឱ្យ​អ្នកទេសចរ​ទៅ​នែបនិត្យ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ទាំងនេះ។

2/ Halong Bay or Bay of Descending Dragons ប្រទេស​វៀតណាម


ប្រហែលជា​មិនចាំបាច់​អធិប្បាយ​អ្វី​ច្រើន​ទេ​សម្រាប់ ហា​ឡុង បេ​យ៍ ប្រទេស​វៀតណាម​នេះ ព្រោះ​អាច​រាប់បាន​ថា ជា​មណ្ឌល​ទេសចរណ៍​ខាង​ទឹក​បែប​ធម្មជាតិ​មួយទៀត​ដ៏​ស្រស់ស្អាត​បំផុត ដែល​ធ្លាប់​ទទួល​អ្នកទេសចរ​អស់​ជាច្រើន​លាន​នាក់​មកហើយ។ ជាមួយនឹង​ដំណើរ​ទេសចរណ៍​បែប​អនុរក្ស​ធម្មជាតិ និង​នែបនិត្យ​ជាមួយនឹង​ភាពស្រស់ស្អាត​របស់​បណ្តា​កោះ​តូចធំ​ជាង1,600កោះ​ដែល​ពោរពេញ​ទៅដោយ​ដើមឈើ និង​ព្រៃស្រោង ព្រមទាំង​បាន​រៀន​យល់ដឹង​ពី​វិថី​ជីវិត​របស់​អ្នករស់នៅទីនោះ​យ៉ាង​ស្ងប់​សុខ និង​ងាយស្រួល​ផងដែរ។

3/ Wuhua Hai, Five-Flower Lake ប្រទេស​ចិន


ទន្លេសាប វូ​ហួ ហៃ ឬ​ទន្លេសាប​នៃ​បុប្ផា​ទាំង​ប្រាំ គឺជា​ទន្លេសាប​មួយ​ក្នុងចំណោម​ទន្លេសាប​ដែល​ស្រស់ស្អាត​លំដាប់​ជួរមុខ​គេ​របស់​ឧទ្យាន ជីវ ចូ កូវ៍ ដោយសារតែ​មានទឹកដែល​ថ្លា​ហួសវិស័យ​រហូតដល់​អាច​មើលឃើញ​បាត​បឹង​បាន និង​ពណ៌​របស់​ទឹក​ថែមទាំង​ស្រស់ស្អាត​រហូត​ក្លាយ​ជាទី​ពេញនិយម​សម្រាប់​ប្រជាជន​ចិន​នាំគ្នា​ចូលមក​ថតរូប​មុន​រៀបការ​ទុកជា​អា​នុ​ស្សាវ​រី​យ៍​ទៀតផង។ បឹង​ទន្លេសាប​មួយ​នេះ​មាន​ជម្រៅ​ដល់​ទៅ5ម៉ែត្រ នឹងមាន​ផ្ទៃក្រឡា​ដល់​ទៅ9ម៉ឺន​ម៉ែត្រការ៉េ។ ចំណែកឯ​ប្រភព​របស់​ឈ្មោះដែល​គេ​នាំគ្នា​ហៅថា បុប្ផា​ទាំង​ប្រាំ​នោះ​គឺ ព្រោះតែ​ដុំ​កករ រុក្ខជាតិ និង​ថ្មកំបោរ​ដែល​ស្ថិតនៅក្រោម​ទឹក​នោះ​មាន​ពណ៌​ចម្រុះ​ហ្នឹងឯង។

4/ Cano Cristales, River of Five Colors ប្រទេស​កូ​ឡុំ​ប៊ី


បើ​បាន​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​ក្នុងអំឡុងពេល​ដែលមាន​ទឹក​ច្រើន ភ្ញៀវទេសចរ​ច្បាស់​ជា​ត្រូវ​នឹក​ចម្លែក​ចិត្ត​មិន​ខាន​ថា តើ​ហេតុ​អី​បាន​ទីនេះ​មាន​ឈ្មោះថា ទន្លេ 5ពណ៌ ទាំង​ដែល​វា​មានតែ​ពណ៌​បៃតងចាស់​មួយ​ដូច​ទន្លេ​ទូទៅ​ដែរនោះ តែ​ឈប់​សិន… បើសិន​លោកអ្នក​បាន​ទៅលេង​ក្នុងអំឡុង​ខែកញ្ញា និង​ខែវិច្ឆិកា​ដែលមាន​ទឹក​តិច ឬ​រដូវប្រាំង​វិញ​នោះ ក៏​នឹង​បានដឹងថា ហេតុ​អី​បាន​មាន​ដល់​ទៅ 5ពណ៌? ព្រោះថា ពណ៌​ទាំងអស់នោះ គឺ​រុក្ខជាតិ​ដែល​ដុះ​នៅក្រោម​ទឹក​ដែលមាន​ឈ្មោះថា Macarenia clavigera ដែល​នឹង​ប្តូរ​ទៅជា​ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ចៃដន្យ​ជួបនឹង​ពណ៌​ដ៏​ស្រស់ស្អាត​របស់​ដីខ្សាច់​ដែលមាន​ពណ៌​លឿង និង​ពណ៌​បៃតង ហើយ​ផ្ទៃ​ទឹក​ក្នុង​ទន្លេ​ក៏មាន​ពណ៌​ផ្ទៃមេឃ​ដ៏​ស្អាត​ផង​នោះ ទើប​មាន​ឈ្មោះថា​ជា ទន្លេ 5ពណ៌​បែបនេះ។

5/ Abraham Lake in Alberta ប្រទេស​កាណាដា


ភាពស្រស់ស្អាត​ដ៏​គួរឱ្យ​នឹក​ចម្លែក​ចិត្ត​ដែល​ដូចជា​ត្រូវបាន​សាង​ឡើង​ដោយ​កុំព្យូទ័រ​ក្រាហ្វិក​ខ្លាំង​ជាង​ជា​ស្នាដៃ​របស់​ធម្មជាតិ តែ​មិនមែន​ទេ… នេះ​គឺជា​ទន្លេ អា​ប្រា​ហាំ នៃ​ប្រទេស​កាណាដា នា​រដូវរងា។ គឺជា​បាតុភូតធម្មជាតិ​ដ៏​គួរឱ្យ​នឹក​ស្ងើច នៅពេលដែល​ពពុះ​ខ្យល់​រាប់លាន​ដុំ​ដែល​នៅឯ​បាតទន្លេ​អណ្តែត​ឡើងមក​នៅពេលធាតុអាកាស​រងា​ខ្លាំង។ ពពុះ​ខ្យល់​ទាំងអស់នេះ ជា​ហ្កា​ស​ដែល​កើតឡើង​ពី​បាក់តេរី​ដែល​រលាយ​ពី​កម្ទេច​រុក្ខជាតិ​នៅឯ​បាតទន្លេ​ហ្នឹងឯង៕

Advertisement