5 រឿង​គួរ​ចៀសវាង បើ​ចង់ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​យុវជន​ល្អ​ក្នុងសង្គម

0

តើ​អាណាព្យាបាល និង​លោកឪពុក​អ្នក​ម្តាយ​ដឹង​ទេ​ថា សភាព​បរិស្ថាន​ជុំវិញខ្លួន​កូន សុទ្ធ​តែមាន​ឥទ្ធិពល​ដែល​ហុច​ផល​ដល់​ការ​ចម្រើន​ធំធាត់​របស់​ក្មេង​ទាំងអស់ ដែល​រឿងនេះ​គឺជា​រឿង​ដែល​អាច​កំណត់​បាន​ថា កូនតូច​របស់លោក​អ្នក​នឹង​ធំធាត់​ឡើង​ក្លាយជា​យុវជន​ដ៏​ល្អ​ដែរឬទេ? បើ​អ្នកណា​ចង់ឱ្យកូនៗធំធាត់​ឡើង​ក្លាយជា​នុស្ស​ល្អ និង​មាន​អនាគត​ល្អ​ស្រស់ស្រាយ​នោះ គួរឱ្យ​កូនតូច​របស់លោក​អ្នក​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពីស​ភាព​បរិស្ថាន​ដូចខាងក្រោម​នេះ។

1/ ការ​ជេរ​ស្តីបន្ទោស ទិតៀន

ការស្តីបន្ទោស ជេរ​បញ្ចោរ ទិតៀន អាចមាន​ខ្លះ​ដែរ ពេលដែល​កូន​ធ្វើ​ខុស តែ​បើសិនជា​ញឹកញាប់​ជ្រុល​ពេក​ក៏​ប្រហែលជា​មិនល្អ​នោះទេ ព្រោះ​រឿង​នោះ​នឹង​ធ្វើឱ្យ​កូន​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ច្រងេងច្រងាង និង​កើតមាន​អារម្មណ៍​មិន​ចង់​ធ្វើអំពើ​ល្អ​នៅ​ទីបំផុត ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គឺ​ព្យាយាម​ប្តូរ​ពី​ការ​ជេរ​ស្តីបន្ទោស​មកជា​ការនិយាយ​ប្រាប់ ឬ​ប្រដៅ​បែបស្រួលៗ ល្អៗ ដើម្បីឱ្យ​កូន​បាន​យល់ និង​បានទទួល​ដឹងថា ខ្លួនឯង​ធ្វើ​ខុស​វិញ​ប្រសើរ​ជាង។

2/ ថែទាំ​ថ្នាក់ថ្នម​ជ្រុល​ពេក

ការចិញ្ចឹម​កូន​ដោយ​ការ​ថ្នាកថ្នម​ជ្រុល​ហួសហេតុ​ពេក គឺជា​ការបំផ្លាញ​កូន​ដោយ​មិនដឹង​ខ្លួន ព្រោះ​ការធ្វើ​បែប​នោះ​នឹងធ្វើ​ឱ្យគេ​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​អាត្មានិយម គិតតែ​ពី​ចិត្ត​ខ្លួនឯង និង​ចូលចិត្ត​តែ​ភាពងាយស្រួល​សប្បាយ​ហួសហេតុ វា​នឹង​ចូល​ទំនង​ដែលថា ធ្ងន់​មិន​ប្រឹង តឹង​មិន​ស៊ូ ដែល​វា​នឹង​ហុច​ផល​មិនល្អ​ដល់​ការរស់នៅ​ក្នុងសង្គម​មិនតិច​តួច​ឡើយ។ ដូច្នេះ ទោះជា​លោកអ្នក​ស្រឡាញ់ និង​បារម្ភ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​គួរតែ​បង្ហាត់បង្រៀន​គេ​ឱ្យ​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ខ្លះ មិនមែន​គិតតែ​ពី​ធ្វើឱ្យ​គ្រប់យ៉ាង រហូតដល់​គេ​មិនអាច​ធ្វើ​អ្វី​បាន​សោះ​នោះឡើយ។

3/ ការ​ជេរ​ដាក់​ទំនាយ

មិនមាន​កូន​ណា​ម្នាក់​ចង់​ឮ​ការ​ជេរ​ដាក់​ទំនាយ ឬ​ដាក់​បណ្តាសា​ពី​ឪពុកម្តាយ​ឡើយ ទោះជា​ការនិយាយ​នោះ​មិនមែនជា​ការតាំង​ចិត្ត​ក៏ដោយ ព្រោះ​នៅពេលដែល​និយាយ​ចេញទៅ​ហើយ ក្មេងៗនឹង​ចាំ​ជាប់​ក្នុង​ចិត្ត​នឹងធ្វើ​ឱ្យគេ​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​អាក្រក់​បាន។ ដូច្នេះហើយ ក្នុងការ​បង្ហាត់បង្រៀន​កូន ឪពុកម្តាយ​ចូរ​កុំ​ប្រើ​អារម្មណ៍ កំហឹង ឬ​ភ្លេចខ្លួន​និយាយ​ពាក្យ​ដាក់​ទំនាយ ឬ​ដាក់​បណ្តាសា​កូន​ឱ្យសោះ។

4/ ការធ្វើ​ត្រាប់​តាម

ការធ្វើ​ត្រាប់​តាម ទោះ​វា​គ្រាន់តែ​ជាការ​បន្លំ​លេង​បែបសប្បាយៗក៏ដោយ តែ​វា​ក៏​អាច​ហុច​ផលប៉ះពាល់​នៅពេល​កូនតូច​ធំធាត់​ឡើង​បាន​ដូចគ្នា ដែល​នឹងធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​អៀនខ្មាស​ច្រើន និង​ពិបាក​ក្នុងការ​ចូលរួម​សង្គម​ជាមួយ​អ្នកដទៃ។ ដូច្នេះ​បើ​ឪពុកម្តាយ​មិន​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ដែល​បិ​ុ​ន​អៀនខ្មាស​ជ្រុល​ហួសហេតុ​នោះ ចូរ​កុំ​បណ្តោយឱ្យ​កូន​ស្ថិតនៅក្នុង​កណ្តាល​ការ​ត្រូវធ្វើ​ត្រាប់​ចំអក​យ៉ាង​ដាច់ខាត។

5/ ការខ្វះ​ហេតុផល

កណ្តាល​បរិស្ថាន​ជុំវិញខ្លួន​ដែល​ខ្វះ​នូវ​ហេតុផល ម្នាក់ៗប្រកាន់​យកតែ​គំនិត​ខ្លួនឯង​ជាធំ ច្រើនតែ​ធ្វើឱ្យ​កុមារ​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ឆាប់​ខឹង​មួម៉ៅ និង​គ្មាន​ហេតុផល​បាន​ដូចគ្នា ហើយដោយ​ភាពជា​មនុស្ស​ឆាប់​ខឹង​មួម៉ៅ​នេះ​នឹង​ហុច​ផល​អាក្រក់​ដល់​ការរស់នៅ​នាពេល​អនាគត​របស់​ពួកគេ​យ៉ាងខ្លាំង។ ដូច្នេះ​ដើម្បីឱ្យ​កូន​ធំធាត់​ឡើង​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណ​ភាពល្អ​បំផុត​នោះ ឪពុកម្តាយ​ត្រូវតែ​ចាប់ផ្តើម​ពី​ការធ្វើឱ្យ​ខ្លួនឯង​ជា​មនុស្ស​មាន​ហេតុផល​ឱ្យកូនៗមើល​ជា​គំរូ​ជាមុនសិន​ទើប​ជាការ​ល្អប្រសើរ​បំផុត។

តាមរយៈ​ទាំង5ចំណុច​ដែល ឡា​រ៉ែ​ន បាន​រៀបរាប់​មក សុទ្ធតែជា​សភាព​បរិស្ថាន​ជុំវិញខ្លួន​ដែល​សាង​នូវ​ទម្លាប់ និង​និស្ស័យ​មិនល្អ​ដល់​កូនតូច​នៅពេលដែល​គេ​ធំធាត់​ឡើង​បាន​ទាំងអស់ ហើយ​រឿង​ទាំងអស់នេះ​ភាគច្រើន​គឺ​កើតចេញ​ឪពុកម្តាយ​ទាំងអស់ ដូច្នេះ​ដើម្បីឱ្យកូនៗធំធាត់​ឡើង​យ៉ាង​មានគុណ​ភាពល្អ​បំផុត​នោះ ចូរ​កុំ​ភ្លេចខ្លួន​សាង​សភាព​បរិស្ថាន​ទាំងអស់នេះ​ឡើងមក​ធ្វើបាបកូនៗឱ្យសោះ៕

ចែករំលែក