តើ​ពិធី​សែន​ក្បាលទឹក​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​អ្នកណា?

0

ភ្នំពេញ៖ ពិធី​សែន​ក្បាលទឹក​នៅ​ឆ្នាំនេះ​ត្រូវគេ​ធ្វើឡើង​នៅ​ថ្ងៃទី5 ខែកញ្ញា ត្រូវ​នឹង​ថ្ងៃទី15 កើត ខែភទ្របទ-អស្សុជ ឆ្នាំរកា ន​ព្ទ​ស័ក ព.ស 2561 ដែល​ហៅ​ជា​ភាសា​ចិន​ថា 中元节 (Zhong Yuan Jie) ដែលមាន​អត្ថន័យ​ជា​ខ្មែរ​ស្រដៀង​ទៅនឹង​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ខ្មែរ​ដូច្នោះ​ដែរ និង​មាន​អត្ថន័យ​ថា ជា​បុណ្យ​ខ្មោច​ដែល​ត្រូវបាន​ប្រជាជន​ចិន វៀតណាម និង​ខ្មែរ​កាត់​ចិន​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​រំលង​នោះទេ។

បុណ្យ​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ក្នុង​ខែ7របស់​ចិន​នៅ​ថ្ងៃ14កើត សម្រាប់​ជនជាតិ​ចិន​កន្តាំង ហុកគៀន តែ​សម្រាប់​បងប្អូន​ចិន​ទៀ​ជាវ​វិញ គឺ​គេ​ធ្វើ​នៅ​ថ្ងៃ15កើត គឺ​នៅ​ថ្ងៃទី5 កញ្ញា​នេះ។ តែដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន​ទៀ​ជាវ​ច្រើន ទើប​គេ​នាំគ្នា​ធ្វើ​ទាំង​ព្រម​គ្នា ដោយ​កំណត់​ក្នុង​ប្រតិទិន​យក​ថ្ងៃ15កើតដូចៗគ្នា។

តើ​ពិធីបុណ្យ​នេះ​គេ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ទៅដល់​អ្នកណា និង​អាច​សែន​បាន​ប៉ុន្មាន​ដង?

បើតាម​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ចិន ពិធីបុណ្យ​នេះ​គេ​អាច​សែនព្រេន​បាន2ដង គឺ​លើកទីមួយ​នៅពេល​ថ្ងៃ​សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ​នៅពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បិសាច​អនាថា​ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ​មិនឃើញ​ប្រហាក់ប្រហែល​និង​សែនព្រេន​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ប្រជាជន​ខ្មែរ​យើង​ដែរ។

ពិធី​នេះ​គេ​មិនមែន​ធ្វើឡើង​ដើម្បី​ជួបជុំគ្នា​នៅតាម​ទី​អារាម​សាសនា​នោះទេ គឺធ្វើឡើង​នៅតាម​ផ្ទះរៀងៗខ្លួន ដោយ​មិនចាំបាច់​រៀបចំ​សម្អាតផ្ទះ ឬ​តាំង​ផ្កា​ភ្ញី​លម្អ​អ្វី​ច្រើន​នោះទេ។ ការ​សែនព្រេន​អាស្រ័យ​តាម​គ្រួសារនីមួយៗ គ្រួសារ​ខ្លះ​គេ​សែន​ផ្លែឈើ​នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់ សែន​បាយ​សម្ល​ម្តងទៀត ក៏​សន្មត​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះទេ។ តែ​គ្រួសារ​ខ្លះ ក៏​សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿរៀងៗខ្លួន។ មិន​ខុសពី​ប្រពៃណី​ខ្មែរ​នោះទេ បន្ទាប់ពី​ការ​សែនព្រេន​រួចហើយ គឺមាន​ការដុត​ក្រដាស លុយ មាស ប្រាក់ សម្លៀកបំពាក់ គ្រឿង​សក្ការៈបូជា និង​តង្វាយផ្សេងៗ ខ្លះ​មាន​ទាំង​លិខិតឆ្លងដែន និង​រថយន្ត​ទំនើប​ទៀតផង ជា​ថ្នូរ​និង​ការសុំ​មកវិញ​នូវ​សេចក្តីសុខ​ចម្រើន និង​សុភមង្គល​ក្នុង​គ្រួសារ៕

ចែករំលែក