FlexWash ម៉ាស៊ីនបោកខោអាវ​ទ្វារ 3ដំបូង​គេ​ពី Samsung

ក្រោយ​បញ្ចេញ​នូវ​ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់ AddWash បំពាក់​ទ្វារ2 កាលពី​ឆ្នាំទៅ​រួចមក ពេលនេះ​ក្រុមហ៊ុន Samsung បានធ្វើ​ការណែនាំ​ផលិត​ថ្មី FlexWash™ មាន​ទ្វារ3 ដំបូង​គេ​ក្នុង​ពិភព​អេឡិចត្រូនិក ព្រម​ជាមួយនឹង​ការបំពាក់​មុខងារ​ស​ម្ងួ​ត​ក្រោយពេល​ដំណើរការ​រួចរាល់​ទៀតផង។
ម៉ាស៊ីន​បោកគក់ FlexWash™ មាន​ទ្វារ​ចំនួន3 និង​មាន​កន្លែង​បោកគក់ 2 កន្លែង​ផ្សេងគ្នា​នេះ អាច​ដំណើរការ​ក្នុងពេល​តែមួយ ដែល​ក្រុមហ៊ុន​បង្កើតឡើង​សម្រាប់​តម្រូវ​ទៅតាម​ប្រភេទ​នៃ​សម្លៀកបំពាក់ ដោយ​ទ្វារ​ខាង​មុខធំ​អាច​បោក​បាន 21 គី​ឡួ​ក្រាម អាច​បោក​សម្លៀកបំពាក់​បាន​ច្រើន ហើយ​វា​អាច​ផ្ទុក​ទឹកបាន​ចំនួន 5 ម៉ែត្រគុប ស្មើនឹង141.50 លីត្រ។

បន្ថែម​ពីលើ​ទ្វារធំ​មួយ​នោះ វា​នៅ​មានកូន​ទ្វារ​តូច​មួយទៀត​ដែល​ចំណុច​ពិសេស​របស់​វា​គឺ យើង​អាច​ទម្លាក់​សម្លៀកបំពាក់​ប្រឡាក់​បន្ថែមទៀត​ចូលទៅ​បាន​ក្នុងករណី​ដែល​លោកអ្នក​ភ្លេច ឬ​ចង់​ដាក់​បោក​បន្ថែម នៅពេលដែល​ម៉ាស៊ីន​កំពុងដំណើរការ ដូចនឹង​ស៊េរី AddWash ដែរ។ ដោយឡែក​ទ្វារ​ខាងលើ អាច​បោក​សម្លៀកបំពាក់​ក្នុង​ចំនួន​សមល្មម​ដែល​វា​ផ្ទុក​ទឹកបាន​ទំហំ 1 ម៉ែត្រគុប​ស្មើនឹង 28.31លីត្រ ឬ​អាច​បោក​បាន 3.5 គី​ឡួ​ក្រាម។

ចំណុច​ពិសេស​មួយទៀត គឺ​ម៉ាស៊ីន FlexWash™ មាន​ដំណើរការ​ស្ងាត់ ការបោក​គក់​រហ័ស សន្សំសំចៃ​ភ្លើង​បាន​ច្រើន ការបោក​សម្លៀកបំពាក់​បាន​ស្អាត និង​ស្ងួត​ល្អ ទោះបីជា​មិនបាន​ហាលថ្ងៃ​ក៏ដោយ។ មួយវិញទៀត វា​ក៏មាន​បំពាក់​បច្ចេកវិទ្យា​បោកគក់ទំនើបៗចំនួន3 ដូចជា មុខងារ​បោកគក់​បាន​យ៉ាង​ស្អាត​ដោយ​ចំណាយពេល​តិចជាង​មួយ​ម៉ោង (SuperSpeed™)  មុខងារ​កម្ចាត់​ស្នាម​ប្រ​ទ្បា​ក់​ដែល​ដិត​ជាប់​ខ្លាំង (PowerFoam™) ប្រព័ន្ធ​រំ​ញ័រ​មិនមាន​សំឡេង​រំខាន (Vibration Reduction Technology) និង​បច្ចេកវិទ្យា Digital Inverter Technology ដែល​ជួយ​ឱ្យ​ការប្រើប្រាស់​បានយូរ​កាត់​បន្ថយ​សំឡេង​រំខាន និង​អាច​ភ្ជាប់​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដើម្បី​តាមដាន​ការ​ដំណើរការ និង​ដាក់​ពេលវេលា​ឱ្យ​ម៉ាស៊ីន​ធ្វើការ​តាមរយៈ​ទូរស័ព្ទ​ពី​គ្រប់​ទីកន្លែង ហើយ​ថែមទាំង​មានការ​ធានា​រហូត​ទៅដល់​រយៈពេល10 ឆ្នាំ​ទៀតផង​ទៅលើ​ម៉ូ​ទ័​រ៕

វីដេអូ៖

Advertisement