Mane ចេញមុខ​សូមទោស ក្រោយ​ធ្វើ​ឲ្យ Ederson មាន​របួស

តារា​ឆ្នើម Sadio Mane បានចេញ​មុខ​ធ្វើ​ការសុំ​អភ័យទោសភ្លាមៗ ក្រោយពី​រូបគេ​បានធ្វើ​ឲ្យ​អ្នកចាំទី Ederson របស់​ក្លិប Manchester City រងរបួស ក្នុងពេល​ក្រុម Liverpool បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 5-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃ​សៅរ៍។

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បាន​ព្យាយាម​រត់​ទៅយក​បាល់ តាមរយៈ​ការ​លើកជើង​យ៉ាងខ្ពស់ ស្រប​ពេលដែល​អ្នកចាំទី Ederson បាន​ព្យាយាម​តែ​តបាល់​ចេញ ដែល​នាំ​ឲ្យ​អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​រង​នូវ​ការ​ធាក់​ចំ​ផ្ទៃមុខ​តែម្តង។ ការប៉ះទង្គិច​ដោយ​អ​ចេតនា​នេះ បានធ្វើ​ឲ្យ Mane រង​នូវ​ការពិន័យ​កាត​ក្រហមភ្លាមៗ មុននឹង​ក្រុម​របស់ខ្លួន (Liverpool) បាន​រង​បរាជ័យ​ជា​លើក​ទី1នៅ​រដូវ​កាល​នេះ​តែម្តង។ Mane បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook ថា៖ «ខ្ញុំ​សង្ឃឹម និង​ជូនពរ​ឲ្យ Ederson ឆាប់​ជាសះស្បើយ។ ខ្ញុំ​ពិតជា​សុំទោស​ដែល​បានធ្វើ​ឲ្យ​រូបគេ​រងរបួស អំឡុង​ការប៉ះទង្គិច​ដោយ​គ្មាន​ចេតនា​របស់​យើង​នៅលើ​ទីលាន ហើយ​ពិតជា​សុំទោស​ចំពោះ​រូបគេ​ដែល​ធ្វើឱ្យ​មិនអាច​លេង​ការប្រកួត​នេះ​រហូតដល់​ចប់​បាន» Mane បាន​បន្ថែមទៀតថា៖ «ខ្ញុំ​សូម​ជូនពរ​ឲ្យ​រូបគេ​ឆាប់​ជា និង​វិល​ទៅលេង​វិញ​ក្នុងពេលឆាប់ៗនេះ»

Ederson ដែលជា​អតីត​អ្នកចាំទី​របស់​ក្លិប Benfica បានទទួល​ការត្រួតពិនិត្យ​បន្ថែមទៀត​ពី​សំណាក់​បុគ្គលិក​ពេទ្យ​របស់​ក្លិប Man City ប៉ុន្តែ មិនបាន​រង​នូវ​ការប៉ះទង្គិច​ខួរក្បាល​ឡើយ និង​បាន​ដើរទៅ​អង្គុយ​នៅ​កន្លែង​សម្រាប់​កីឡាករ​បម្រុង​វិញ នៅ​មុនពេល​បញ្ចប់​ការប្រកួត​នេះ៕

ប្រភពពី៖ The Sun

Advertisement