ខេត្ដ​សៀមរាប​កំពុង​ត្រៀមខ្លួន​ប្រ​ទ្ប​ង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន 2018

ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ក្រុង​សៀមរាប​ក្លាយជា​បេក្ខភាព​ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន2018 ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​បានដាក់​ចេញ​ផែនការ7ចំណុច។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍​បាន​ឯកភាព​ដាក់ចេញ​កម្មវិធី​ការងារ​ចាត់តាំង​អនុវត្ត​ដូចខាងក្រោម៖

  1. បន្ត​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ល្អ​ដល់​ភ្ញៀវទេសចរ។
  2. បន្ត​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​គោលដៅ​ទេសចរណ៍​សំខាន់ ទប់ស្កាត់​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​សម្រាប់ធ្វើ​អាជីវកម្ម ការចត​ម៉ូតូ រ៉ឺម៉ក រថយន្ត គ្មាន​សណ្តាប់ធ្នាប់ និង​បន្ត​រៀបចំ​ឲ្យ​មាន​ផ្លូវ​ដើរ​សម្រាប់​ទេសចរ​ឲ្យ​បាន​ច្រើន។ ពង្រឹង​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រី​ត។
  3. រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​សំណល់​រឹង ពិសេស​យន្តការ​ប្រមូល​សំរាម​ក្នុង​តំបន់​ទីប្រជុំជន ផ្សារ និង​តំបន់​ដែលមាន​ការឆ្លងកាត់​ញឹកញាប់ និង​បន្ត​គាំទ្រ​ការពារ និង​ការគ្រប់គ្រង​បរិស្ថាន និង​សំរាម​នៅ​តំបន់​ចុង​ឃ្នា​ស និង​ភ្ជាប់​តំបន់​ទន្លេសាប។
  4. បន្ត​ពង្រឹង និង​ពង្រីក​ការសាងសង់​បង្គន់​សាធារណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ពិសេស​តាម​គោលដៅ​ទេសចរណ៍សំខាន់ៗ ក្នុង​ខេត្តសៀមរាប យ៉ាងហោច​ឲ្យ​បាន​បង្គន់​សាធារណៈ​កម្ពុជា 8-10 កន្លែង​ទៀត ឲ្យ​ស្របតាម​ស្តង់ដារ​បង្គន់​សាធារណៈ​កម្ពុជា និង​ស្តង់ដារ​បង្គន់​សាធារណៈ​អាស៊ាន ដោយ​ជ្រើសរើស​ទីតាំង​ឲ្យ​បាន​ស្រប​នឹង​ចំនួន​ទេសចរ ដែល​រួម​ជាមួយនឹង​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ស្ថានីយ​ចំណតរថយន្ត ឬ​មជ្ឈមណ្ឌល​ពាណិជ​កម្ម ឬ​នៅ​ដាច់ដោយឡែក។
  5. ពង្រឹង​ការគ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្នុងនោះ​ទប់ស្កាត់​ក្មេង​លក់ដូរ​រំខាន​ដល់​ភ្ញៀវទេសចរ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា និង​បន្ត​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ និង​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវជន និង​អង្គការ​នានា ដើម្បី​រៀបចំ និង​ដាក់ចេញ​នូវ​វិធាន​ការអប់រំ និង​វិធានការ​រដ្ឋបាល​ជំនួស​ដោយ​ការផ្តល់​ការអប់រំ​ដល់ក្មេងៗ និង​មុខរបរ​ជំនួស​សម្រាប់​ឱ​ពុក​ម្តាយ​ក្មេង។ បន្ត​គាំទ្រ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នៅ​តំបន់​បន្ទាយស្រី ដោយ​តម្រូវ​ឲ្យ​មានការ​សហការ​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​អ​ប្សា​រា និង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ ពិសេស​មន្ទីរ​ទេសចរ​ណ៍ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម មន្ទីរ​ធនធានទឹក។ល។
  6. ដើម្បី​គាំទ្រ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​លើកទ្បើង​ដោយ​វិស័យ​ឯកជន​ពាក់ព័ន្ធ និង​សម្រាប់​អនាម័យ​បរិស្ថាន​នៅ​ក្រុង​សៀមរាប អង្គប្រជុំ​បាន​ឯកភាព និង​គាំទ្រ​យុទ្ធនាការ​កម្ពុជា​ស្អាត Cambodia Clean-Up ដោយ​ព្រមព្រៀង​បង្កើត​ក្រុមការងារ​អចិន្ត្រៃយ៍​រួមទាំង​រដ្ឋបាល​ខេត្តសៀមរាប ផ្នែក​ឯកជន ភ្ញៀវទេសចរ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ចាត់តាំង​អភិវឌ្ឍ​ឲ្យ​មាន​ជា​កម្មវិធី​ជាប្រចាំ​រៀងរាល់​ចុង​សប្តាហ៍។
  7. ដើម្បី​គាំទ្រ​បេក្ខភាព​សៀមរាប​ក្នុង​ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ស្អាត រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​គិតគូរ និង​រៀបចំ​ឲ្យ​មាន​បង្គន់​សាធារណៈ​ស្របតាម​ស្តង់ដារ កន្លែង​ហាត់ប្រាណ សួនច្បារ តំបន់​បៃតង សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំណតរថយន្ត ផ្លូវ​ថ្មើរជើង និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា  ទន្ទឹមនឹង​ការពង្រឹង​ការគ្រប់គ្រង​ក្នុង​ក្រុង​សៀមរាប និង​តំបន់​អង្គរ​ឲ្យ​ស្អាត និង​បៃតង ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ថែមទៀត ពិសេស​សហគមន៍​ទេសចរណ៍​ដែលមាន​សក្ដានុពល​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប។  ក្នុងនោះ​មាន​សហគមន៍​ជ្រាវ សហគមន៍​កំពង់​ភ្លុក និង​សហគមន៍​បន្ទាយស្រី សហគមន៍​ទេសចរណ៍​ចុង​ឃ្នា​ស​ជាដើម និង​គោលដៅ​អេកូ​ទេសចរណ៍​ព្រែក​ទាល់ ភ្នំ​គូលែន ដើម្បី​បង្កើតជា​ផលិតផល​ទេសចរណ៍​ថ្មី​ផ្តល់ជូន​ភ្ញៀវទេសចរ តាមរយៈ​សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ថ្មីៗទាំងនោះ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ចំណាកស្រុក និង​ចូលរួម​ដល់​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព។

ខេត្តសៀមរាប​ត្រូវបាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​ទេសចរ​គ្រប់​ជាតិ​សាសន៍​មក​កម្សាន្ត។ ជាក់ស្តែង ក្នុង​រយៈពេល7ខែ ឆ្នាំ2017ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប 3,783 ,724នាក់ កើន​ទ្បើង 11.94% ធៀប​នឹង​ឆ្នាំ2016 ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន2, 367,696នាក់ កើន​ទ្បើង11.97% និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 1,416,028នាក់ កើន​ទ្បើង 11.99%។

លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បានដាក់​ចេញ​នូវ​ឱសានវាទ​ត្រឹម​ដើមខែ​តុលា ឆ្នាំ2017 ឲ្យ​អាជីវកម្ម​ទាំងអស់​ដែល​បំពាន​យក​ដី​ចំណីផ្លូវ ត្រូវ​រុះរើ​ជាបន្ទាន់ និង​ដាច់ខាត និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរំខាន​ដោយ​សំឡេង​ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​អាជីវកម្ម​ដទៃទៀត​ដោយ​ចុះ​ធ្វើការ​ណែនាំ​ដល់ទី​តាំង​ផ្ទាល់ ក្នុងនោះ​រដ្ឋបាល​ខេត្តសៀមរាប​នឹង​ចាត់វិធានការ​ច្បាប់ ចំពោះ​ម្ចាស់​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ ដែល​បន្ត​មិន​គោរព​តាម​ការណែនាំ​អប់រំ​កិច្ចសន្យា ដោយ​អាច​ឈានដល់​ការបិទ​អាជីវកម្ម​តែម្តង៕

Advertisement