កម្ពុជា​នឹង​ក្លាយជា​នំ​មួយ​ដ៏​ឆ្ងាញ់​សម្រាប់​អ្នកវិនិយោគ​លើ​វិស័យ​សំណង់

ភ្នំពេញ – ខណៈ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​កូន​ខ្លា​នៅ​អាស៊ី​មួយ​ដែរនោះ ថ្មីៗនេះ​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញ​ពី​ទស្សនវិស័យ​ថា នាពេល​អនាគតឆាប់ៗប្រទេសមួយ​នេះ​នឹង​ក្លាយជា​នំ​ដ៏​ឆ្ងាញ់​សម្រាប់​ការវិនិយោគ​បរទេស​លើ​វិស័យ​សំណង់។

ឯកឧត្ដម ភឿង សោ​ភ័​ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា បច្ចុប្បន្ន​វិស័យ​សំណង់​កំពុងតែ​មានការ​រីកចម្រើន​ដែល​ទាមទារ​ឱ្យ​ស្ថាបត្យករ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​បង្កើន​ពុទ្ធិ​ដើម្បី​ប្រកួតប្រជែង​គំនិត​គ្នា​ធ្វើយ៉ាងណា​ឱ្យ​សំណង់​ដែល​ផុស​ឡើង​ប្រកប ដោយ​គំនិត​ច្នៃប្រឌិត និង​ជាការ​ទាក់ទាញ​អ្នកវិនិយោគ អ្នកទេសចរ​ជាដើម។

ឯកឧត្ដម​ភឿង សោ​ភ័​ណ្ឌ បញ្ជាក់ថា៖ «ទៅ​ថ្ងៃក្រោយ​កម្ពុជា​នឹង​ក្លាយទៅជា​នំ​មួយ​ដែល​ស្ថាបត្យករ វិស្វករ បរទេស​គេច​ង់​មក​វិនិយោគ​នៅទីនេះ គឺជា​នំ​មួយ​ដែល​គេ​ចង់បាន ព្រោះ​ប្រទេស​យើង​មាន​សុខសន្ដិភាព សន្ដិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ស្ថិរភាព​នយោបាយ ព្រមទាំង​មានច្បាប់​លើកទឹកចិត្ដដ​ល់​អ្នកវិនិយោគ​ទៀតផង។ ពិសេស​នោះ គឺ​កម្ពុជា​ពុំ​ធ្លាប់​ទទួលរង​ពី​គ្រោះធម្មជាតិ​រញ្ជួយ​ដី ឬក៏​ខ្យល់ព្យុះធំៗឡើយ»។

ចំណុច​ដែល​កម្ពុជា​ពុំ​ធ្លាប់​ទទួលរង​គ្រោះធម្មជាតិ​នេះ​ត្រូវបាន​ឯកឧត្ដម​ភឿង សោ​ភ័​ណ្ឌ ចាត់ទុកថា កម្ពុជា​ជា​ប្រទេស​មានភ័ព្វ​សំណាង​ជាងគេ​បើ​ធៀប​ទៅ​ប្រទេស​នានា​ដែលមាន​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់​ដូចគ្នានេះដែ​លវា​ជា​ចំ​ចំណុច​ពិសេស​មួយ​ក្នុងការ​ទាក់ទាញ​អ្នក​អភិវឌ្ឍន៍​ឱ្យមក​បោះទុន​វិនិយោគ​លើ​សំណង់​អគារខ្ពស់ៗផងដែរ។ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បន្ដទៀតថា យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគធំៗលើ​ពិភពលោក ពិសេស​នៅ​តំបន់​អាស៊ាន​កំពុងតែ​សម្លឹង​មករក​កម្ពុជា។

គួរ​បញ្ជាក់ថា គិត​ត្រឹម​រយៈពេល7ខែ​នៅ​ដើមឆ្នាំ2017នេះ ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​មានតម្លៃ​ជិត4ពាន់​លាន​ដុល្លារ និង​បានផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​ពាក់ព័ន្ធ​លើ​វិស័យនេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រមាណ2ម៉ឺន​នាក់ និង​ទូទាំងប្រទេស​ក្នុង​រង្វង់20ម៉ឺន​នាក់៕

Advertisement