លោក សួស យ៉ា​រ៉ា៖ អ្វីដែល​សំខាន់​គឺ​ត្រូវ​ពង្រឹង​វិជ្ជាជីវៈ​យុវជន​កម្ពុជា

0

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា​មានច្បាប់​ល្អ មាន​សុខសន្តិភាព អ្វីដែល​នៅសល់​គឺ​ត្រូវ​ពង្រឹង​យុវជន​យើង​ឲ្យ​មានចំណេះដឹង​វិជ្ជាជីវៈ​ល្អ ដើម្បី​ឆ្លើយតប​តាម​និន្នាការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។

លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ក្នុងពេល​ចូលរួម​ក្នុង​ពិធី​បើក​ដំណើរការ​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​ថា ឥឡូវ​ច្បាប់​យើង​មាន​ហើយ គោលនយោបាយ​អភិវឌ្ឍ​ន៍​ជាតិ​ក៏មាន​រួចហើយ តែ​យុវជន​យើង​ក្នុង​រយៈពេល1 ឬ2ឆ្នាំ​ខាងមុខ​អាច​ចាប់យក​ជំនា ញ​របៀប​ណា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​ឧស្សាហកម្ម​តាម​តំបន់ ព្រោះ​បើ​យុវជន​មាន​ជំនាញ​ហើយ​គាត់​នឹង​លែង​និយាយ​ពី​ប្រាក់ខែ​អប្បបរមា​ហើយ។ យុវជន (គាត់) នឹង​និយាយ​ពី​ផលិតភាព​របស់គាត់​ថា តើ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ឬ​អត់? នៅពេលនោះ​ចំណូល​របស់​ពួកគាត់​នឹង​កើន​ឡើងជា​ស្វ័យប្រវត្តិ។

លោក​បន្តថា “រដ្ឋាភិបាល​កំពុង​ពង្រឹង​ខ្លួនឯង​ក្នុងការ​ក្លាយជា​រដ្ឋ​សង្គមកិច្ច។ រដ្ឋ​សង្គមកិច្ច គឺជា​រដ្ឋ​ដែល​ផ្តោតទៅលើ​សុខមាលភាព​យុវជន និង​ប្រជាជន​របស់​យើង។ លោក​បន្តថា “ដូច​សម្តេច​តេ​ជោ​លោក​បានប្រកាស​ហើយ​ថា ចាប់ពី​ឆ្នាំ2018ទៅ ស្ត្រី​ដែល​ប្រសូត្រ​បុត្រ​នឹង​ទទួលបាន​ការឧបត្ថម្ភ​ធន100ដុល្លារ ដើម្បី​ផ្តល់​សុខមាលភាព​ដល់ក​ម្មក​រ កម្មការិនី។

លោក សួស យ៉ា​រ៉ា បាន​បន្តថា កម្ពុជា​បាន​ពង្រឹង​ច្បាប់​របស់​យើង​ឲ្យ​បានល្អ​ស្រប​នឹង​ច្បាប់​របស់​តំបន់ យើង​បាន​បញ្ចូល​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​របស់​យើង​ចូលក្នុង​តំបន់​អាស៊ាន និង​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក និង​អ្វីដែល​ត្រូវ​គិត​គឺ​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន​ថា អាចជួយ​អ្វី​យើង​បាន​ខ្លះ អ៊ីចឹង​រដ្ឋាភិបាល​រប​ស់​យើង​ក៏បាន​វិនិយោគ និង​ក្លាយជា​សមាជិក​ធនាគារ​អភិ​វ  ឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)ជាដើម។

នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ2015-2025 ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែតុលា ឆ្នាំ2015 រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយសំខាន់ៗមួយចំនួន ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចុះ​តម្លៃ​អគ្គិសនី ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ប្រែក្លាយ​កម្ពុជា​ចេញពី​ប្រទេស​ដែល​ប្រើប្រាស់​អតិពលកម្ម ទៅជា​ប្រទេស​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​មាន​ជំនាញ៕

ចែករំលែក