អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន 1,414លាន​ដុល្លារ

ភ្នំពេញៈ នាយកដ្ឋាន​ពន្ធដារ​ បានធ្វើ​ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង1,414លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល8ខែ​ឆ្នាំនេះ ស្មើ​ជាង82ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ។

ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា​នា​ព្រឹក​ថ្ងៃទី11 កញ្ញា​នេះ​ថា ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​កា​រ​ប្រមូល​ចំណូល​ពន្ធ ជា​លទ្ធផល​សម្រាប់​ខែសីហា ឆ្នាំ2017នេះ​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន​ជាង515ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង128លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​គិត​រយៈពេល8ខែ ឆ្នាំ2017 ចំណូល​ពន្ធ-អាករ​ដែល​ប្រមូលបាន​មាន​ចំនួន​ជាង5,657ពាន់លាន​រៀល ត្រូវ​ជាង1,414លាន​ដុល្លារ​អាមេរិក។

ជាមួយគ្នានេះ​លោក គង់ វិបុល បានផ្តល់​ការណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​ម៉ឺងម៉ាត់​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ ធ្វើយ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ។

ការប្រមូល​ពន្ធ​ដែល​បាន​កើនឡើង​នេះ ជា​ផ្នែក​មួយ​នៃ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ការងារ​ទី5នេះ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុង​ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នានា។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​ភាពល្អប្រសើរ ដោយ​ឆ្លុះបញ្ចាំង​តាមរយៈ​ការប្រមូល​ពន្ធ​កើនឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ប៉ុន្តែ​ការងារ​ប្រមូល​ពន្ធ​ជួប​ការលំបាក និង​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើការងារ​ប្រកបដោយ​ឆន្ទៈ និង​មានការ​ដុតដៃដុតជើង។

លោក​បន្តថា “ការប្រមូល​ពន្ធ​បច្ចុប្បន្ន​មិនទាន់​ឆ្លើយតប​នឹង​អ្វីដែល​យើង​ចង់បាន​នៅឡើយ​ទេ ព្រោះ​យើង​អាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​នេះ។

លោក គង់ វិបុល បាន​ទទួលស្គាល់ថា ការងារ​ប្រមូល​ពន្ធ​ពិតជា​ជួប​ការលំបាក​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​លើ​ធនធានមនុស្ស និង​ការកែប្រែ​ឥរិយាបថ​មន្ត្រី​ពន្ធដារ​ឲ្យ​ធ្វើ​ការងារ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ទើប​ការងារ​ប្រមូល​ពន្ធ​បានទទួល​លទ្ធផល​ល្អ ប៉ុន្តែ​ការផ្លាស់ប្តូរ​ឥរិយាបថ​មន្ត្រី​ជាការ​ងារ​ដ៏​លំបាក​មួយ ព្រោះ​មន្ត្រី​ខ្លះ​យើង​មិនអាច​ប៉ះពាល់​បាន៕

Advertisement