Crystal Palace បណ្តេញ​លោក De Boer ចេញ ក្រោយពី​ដឹកនាំ​បានត្រឹមតែ 4ប្រកួត

ក្លិប Crystal Palace កាលពី​ថ្ងៃ​ចន្ទ បាន​បណ្តេញ​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​គឺ​លោក Frank de Boer ចេញពី​តំណែង ក្រោយពី​ចាប់ផ្តើម​មិន​បានល្អ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ក្រោយពី​ពួកគេ​បាន​ចាញ់​រាល់​ការប្រកួត​បើកឆាក​ទាំង 4លើក ដោយ​មិនបាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សូម្បីតែ 1គ្រាប់។

ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​បាត​តារាង​លី​កមួយ​នេះ កំពុងតែ​ទាក់ទង​ជាមួយនឹង​លោក Roy Hodgson ដើម្បី​តែងតាំង​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ។

ក្លិប Crystal Palace បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​កីឡាបាល់ទាត់ Crystal Palace បានសម្រេច​ចែកផ្លូវ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​គឺ​លោក Frank de Boer ហើយ​កាលពី​ព្រឹក​មិញ​នេះ»។ ក្លិប Crystal បាន​ឲ្យ​ដឹង​ទៀតថា៖ «យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក Frank សម្រាប់​ការលះបង់​របស់លោក និង​ការខិតខំ​ព្យាយាម​ធ្វើការ​របស់លោក​អំឡុង​ពេល​លោក​ចំណាយពេល​នៅក្នុង​ក្លិប​នេះ។ អ្នកចាត់ការ​ទូទៅ​ថ្មី​ម្នាក់​នឹងត្រូវ​តែងតាំង​ក្នុងពេលឆាប់ៗនេះ ហើយ​យើង​សូម​ជូនពរ​ឲ្យ​លោក Frank ជួបតែ​សំណាងល្អ​បំផុត​នៅ​ថ្ងៃ​អនាគត»។

លោក De Boer វ័យ 47ឆ្នាំ ដែល​ការដឹកនាំ​បានត្រឹមតែ4ប្រកួត​របស់លោក​នោះ​គឺជា​ចំនួន​ដ៏​តិច​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League របស់​អ្នកចាត់ការ​ទូទៅ​ម្នាក់ បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា លោក​ពិតជា​សោកស្តាយ​ណាស់​ចំពោះ​ការសម្រេចចិត្ត​នេះ។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ពិតជា​ខកចិត្ត​ណាស់​ចំពោះ​ការសម្រេចចិត្ត​នេះ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កីឡាករ បុគ្គលិក និង​អ្នកគាំទ្រ​សម្រាប់​ការគាំទ្រ​របស់​ពួកគេ។ សូម​ឲ្យ​សំណាងល្អ​ទៅ​ថ្ងៃ​អនាគត»៕

ប្រភពពី៖ AFP

Advertisement