PSG ត្រៀម​ផ្តល់​មេរៀន​ជូរចត់​ដល់ Celtic ក្នុង Champions League រាត្រី​នេះ

Paris Saint-Germain នឹង​ចាប់ផ្តើម​ការ​ប្រមាញ់​រក​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League នៅលើ​ទឹកដី​ក្រុម Celtic នៅ​រាត្រី​នេះ ក្រោម​ជំនួយ​ដ៏​ធំ​ពី​សំណាក់​តារា​ឆ្នើម Neymar និង Kylian Mbappe។ ក្លិប​យក្ស​របស់​បារាំង​មួយ​នេះ សង្ឃឹមថា ការចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ពួកគេ អាចជួយ​ឲ្យ​ពួកគេ​សម្រេចបាន​នូវ​ក្តី​សុបិន​របស់​ម្ចាស់​ក្លិប​សញ្ជាតិ​កាតា តាមរយៈ​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

PSG បាន​ឆ្លើយតប​ទៅនឹង​ការខកចិត្ត​របស់​ពួកគេ​ដោយ​ការបាត់បង់​ពាន Ligue 1 ក្រោម​ស្នាដៃ​ក្រុម Monaco និង​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League វគ្គ16ក្រុម​ចុងក្រោយ ក្រោម​ស្នាដៃ​ក្រុម Barcelona តាមរយៈ​ការ​ជះ​លុយ​ជា​កំណត់ត្រា​ពិភពលោក​ចំនួន222លាន​អឺរ៉ូ (ស្មើនឹង264លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញយក Neymar ពី Barca។

បើទោះបី​ការចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​សេដ្ឋី​សញ្ជាតិ​កាតា​បាន​ជួយ​ឲ្យ PSG ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​បារាំង​ជា​លើក​ទី4ជាប់ៗគ្នា​ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2016 ក៏ដោយ ប៉ុន្តែ​ពួកគេ​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ឡើយ។ ការបង្ហាញ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែមួយ​លើក និង​ជា​លើកចុងក្រោយ​របស់​ក្រុម PSG បាន​កើតឡើង​កាលពី​ឆ្នាំ1999 មុននឹង​ធ្លាក់​ចេញ​ត្រឹមតែ8ក្រុម​ចុងក្រោយ 4លើកជាប់ៗគ្នា ក៏ដូចជា​ចាញ់​ក្នុង​លទ្ធផល 6-1 ក្នុងការ​ប្រកួត​ជើង​ទី2នៅលើ​ទឹកដី​ក្រុម Barcelona បើទោះបី​បាន​ផ្តួល​ក្រុម Barca លើ​ទឹកដី​ខ្លួនឯង 4-០ កាលពីដើម​ឆ្នាំនេះ​ក៏ដោយ។

ប៉ុន្តែ ក្រោយពី PSG បានធ្វើការ​ពង្រឹង​ក្រុម​តាមរយៈ​ការនាំយក Neymar និង Mbappe ក្តីសង្ឃឹមផ្សេងៗជុំវិញ​ក្រុម​របស់លោក Unai Emery ពិតជា​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់។ ក្រោយពី​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ Metz 5-1 ក្នុងការ​ប្រកួត​លី​ក​កាលពី​ថ្ងៃ​សុក្រ ខ្សែការពារ Thomas Meunier បាន​ឲ្យ​ដឹងថា៖ «យើង​ត្រៀមលក្ខណៈ​បានល្អ​ប្រសើរ​ជាង​ពីមុន​ក្នុង Champions League។ យើង​ស្ថិតក្នុង​ពូ​ល​ដ៏​ល្អ ហើយ​យើង​អាច​មើលឃើញថា នៅថ្ងៃនេះ យើង​មាន​រាល់​ជម្រើស​ទាំងអស់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24

Advertisement