តំណក់​ប្រេង​កម្ពុជា​អាច​នឹង​ប្រើ​មិនបាន​យូរ បើ​គ្មាន​គោលការណ៍​តម្លាភាព

ភ្នំពេញ- គ្រា​ដែល​ប្រទេស​កម្ពុជា​ជិត​ទទួលបាន​ដំណក់​ប្រេង​ដំបូងបង្អស់​នៅ​ឆ្នាំ 2019ខាងមុខ​នោះ  ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា ដើម្បី​រក្សា​ឱ្យបាន​និរន្ដរភាព​ក្នុងការ​បូម​យក​ធនធាន​កម្រ​មួយ​នេះ ការ​អនុវត្ដ​យន្ដការ​តម្លាភាព​គឺជា​រឿង​មួយ​ចាំបាច់​បំផុត។

ឯកឧត្ដម ម៉េង ស័ក្ដិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា៖ «ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រេងកាត និង​ឧស្ម័ន​តម្រូវឱ្យមាន​យន្ដការ​តម្លាភាព​ច្បាស់លាស់ ព្រោះ​វា​ជា​ធនធាន​ដែល​មិន​កកើត​ឡើងវិញ និង​ជា​ធនធាន​ត្រូវបាន​កំណត់ដោយ​ច្បាប់​ថា ជា​សម្បត្ដិ​រដ្ឋ និង​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់​ជំនាន់។ ដូច្នេះ​ការ​ដកយក​ធនធាន​នេះ​មកប្រើប្រាស់​សម្រាប់​ធ្វើជា​ទុនវិនិយោគ​ក្នុងដំណាក់កាល​ណាមួយ ត្រូវ​គិតគូរ​ឱ្យបាន​វែងឆ្ងាយ និង​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​មនុស្ស​ជំនាន់ក្រោយៗទៀត»។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បន្ដថា ដើម្បី​អាច​ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ឱ្យ​ទទួលបាន​ផលប្រយោជន៍​រយៈពេល​វែង​នោះ យន្ដការ​តម្លាភាព​ជាគ​ន្លឹះ​សំខាន់​ត្រូវ​អនុវត្ដ​ដែល​ក្នុងនោះ​មាន​ចំណុចធំ3 គឺ៖

  1. ត្រូវ​ពង្រីក​ការយល់ដឹង​ពី​វិស័យ​ប្រេង​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​មហាជន​ទូទៅ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អាច​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​នេះ​ដោយ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់។
  2. ត្រូវមាន​យន្ដការ​ពិគ្រោះ​យោបល់​ដោយ​ពហុភាគី ដោយមាន​ការចូលរួម​ពី​តួអង្គសំខាន់ៗដូចជា​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វី​ល និង​ក្រុមហ៊ុន​ឯកជន​ខាង​ផ្នែក​ឧស្សាហកម្ម ឬ​ក្រុមហ៊ុន​អន្ដរជាតិ​ដែល​ធ្វើ​ធុរកិច្ច​លើ​វិស័យ​ប្រេង។ តួអង្គ​ទាំងបី​ត្រូវបង្កើត​ឱ្យបាន​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ ក្នុង​ការជជែក​ដោះស្រាយ​ទាំង​បញ្ហា​គោលនយោបាយ បញ្ហា​យុទ្ធសាស្ដ្រ និង​បច្ចេកទេស ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​ទាញយក​ធន​ធាន​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។
  3. ការគិតគូរ​ពី​សមត្ថភាព​ស្ថាប័ន​កិច្ចការ​របស់​ជាតិ ជា​កិច្ចការ​សំខាន់បំផុត​ត្រូវធ្វើ ដើម្បី​បញ្ចៀស​ភាពមិន​ស៊ីចង្វាក់​គ្នា ភាព​កង្វះ​សមត្ថភាព​ក្នុង​គ្រប់គ្រង​នៅក្នុង​ផ្នែក​ស្ថាប័ន​កិច្ចការ ព្រោះ​យើង​ត្រូវ​ធានា​ឱ្យបាន​ថា ក្នុងនាម​យើង​ជា​ម្ចាស់​ធនធាន យើង​អាច​ការពារ​បាន​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​យើង​ដែលជា​ម្ចាស់​ធនធាន​ជា​អតិបរមា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕
Advertisement