រយៈពេល7ខែ ខ្មែរ​ចេញ​កម្សាន្ត​នៅក្រៅ​ប្រទេស​ជិត1លាន​នាក់

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល7ខែ​ឆ្នាំនេះ​ចំនួន​ប្រជាជន​កម្ពុជា​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​មាន​ជិត1លាន​នាក់ កើនឡើង22ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី12 កញ្ញា​នេះ​ថា ក្នុង​រយៈពេល7ខែ​ឆ្នាំនេះ ប្រជាជន​ខ្មែរ 998,000នាក់​បាន​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស។ ប្រទេស​ដែល​ពួកគេ​ចេញទៅ​ភាគច្រើន​រួមមាន​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី សាំង​ហ្កា​ពួរ និង​ទៅ​ទស្សនា​នៅ​ប្រទេស ជប៉ុន​ក៏មាន​ការកើនឡើង​ខ្ពស់​ផងដែរ។ លោក​បន្តថា ការកើនឡើង​នូវ​ការចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ប្រជាជន​ខ្មែរ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កាន់តែ​ប្រសើរឡើង។

លោក​បន្តថា កាលពី​ឆ្នាំមុន​ភ្ញៀវទេសចរ​កម្ពុជា​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ1លាន​នាក់ និង​រំពឹង​កើនឡើង​ជាង1លាន​នាក់​នៅ​ឆ្នាំនេះ ដោយសារ​កំណើន​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាជន​ខ្មែរ​និយម​ដើរ​កម្សាន្ត​ច្រើន​នៅក្រៅ​ប្រទេស។

ជាមួយនឹង​ការចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ក្នុង​តំបន់​កើនឡើង កម្ពុជា​ក៏​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ ដោយ​ក្រសួងទេសចរណ៍​បាន​ព្យាករ​ថា កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​ដល់5.4លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ចំនួន1លាន​នាក់។

លោក ធួន ស៊ីណាន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា លោក​មិន​ហ៊ាន​បដិសេធ​អំពី​ការលើកឡើង​នេះ​ទេ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​មាន​ក្រុមហ៊ុនធំៗជាច្រើន​បាន​លុបចោល​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិនល្អ ប៉ុន្តែ​ប្រសិនជា​បូក​ចំនួន​ភ្ញៀវទេសចរ​នឹង​ចំនួន​អ្នក​ចេញទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ផង​ឃើញ​ចំនួន​ភ្ញៀវ​ទំហំ​ប៉ុណ្ណឹង​លោក​មានការ​យល់ស្រប ព្រោះ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​បាន​កើនឡើង​យ៉ាងគំហុក។

លោក​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​តាម​ច្រក​បាវិត ច្រក​ត្រពាំង​ស្រែ និង​ច្រក​ត្រពាំង​ផ្លុ​ង និង​ចេញ​តាម​ច្រក​អូរ​ស្មាច់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សុ​រិ​ន្ទ្រ​ប្រទេស​ថៃ​មាន​មិន​ក្រោម500នាក់​ទេ​ក្នុង​មួយថ្ងៃ។

លោក ធួន ស៊ីណាន បាន​បន្តថា ការ​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​គេ គឺមាន​ផលចំណេញ​ពីរ ទី1 ប្រជាជន​ខ្មែរ​អាច​មើលឃើញ​ពី​ការអភិវឌ្ឍ​នៅ​ប្រទេស​របស់គេ និង​អាច​យកគំនិត​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​វិញ និង​ទី2 ជាការ​បង្ហាញថា កម្ពុជា​មិន​រង់ចាំតែ​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​នោះទេ តែ​វា​បង្ហាញឱ្យឃើញថា ប្រជាជន​ខ្មែរ​ក៏មាន​ជីវភាព​ធូរធារ​អាច​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស បាន​ស្មើមុខស្មើមាត់​នឹង​ប្រជាជន​នៃ​ប្រទេស​ក្នុង​តំបន់​ផងដែរ៕

 

Advertisement