អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​រៀបចំ​ការបង់ពន្ធ​អចលនទ្រព្យ ឱ្យ​ដូច​ពន្ធ​មធ្យោបាយ​ធ្វើដំណើរ

ភ្នំពេញ បច្ចុប្បន្ន​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​ហាក់​ពុំទាន់​យល់ដឹង​ពី​ការបំពេញ​ព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់​លើ​អចលនទ្រព្យ​របស់ខ្លួន​ដែល​ត្រូវ​បង់ពន្ធ​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​អចលនទ្រព្យ​ពុំ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ។

ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើកឡើងថា នៅពេល​បង់ពន្ធ ព័ត៌មាន​អចលនទ្រព្យ​ខ្លះ​ត្រូវបាន​ប្រែប្រួល ជួនកាល​ដី​មួយ​ដុំ​កាត់​ទៅជា10ដុំ ឬ​ដី​ច្រើន​ដុំ​បង្រួម​ចូលគ្នា​ធ្វើជា​បុរី​ក៏មាន ដើម្បី​បញ្ចៀស​ពី​ការបង់ពន្ធ​ទៅ​តាមតែ​ទិន្នន័យ​ចាស់ ដូច្នេះ​យើង​ត្រូវធ្វើ​បច្ចុប្បន្នភាព​លើ​អចលនទ្រព្យ​នោះ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់ថា៖ «ប្រជាពលរដ្ឋ​មួយចំនួន​គាត់​អត់​ទាន់​យល់​ពី​ការធ្វើ​បច្ចុប្បន្នភាព​លើ​អចលនទ្រព្យ​របស់ខ្លួន​ទេ ក្នុងករណី​មាន​ព័ត៌មាន​ប្រែប្រួល​លើ​អចលនទ្រព្យ ពួកគាត់​ត្រូវតែ​មក​ធ្វើ​បច្ចុប្បន្នភាព​នោះ។ ឥឡូវ​ខ្ញុំ​កំពុងតែ​ចាត់ចែង​រៀបចំ​ឱ្យ​មន្ដ្រី​ជាប់កិច្ចសន្យា​ចំនួន 100 នាក់​ដើម្បី​ចុះ​ទៅដល់​គេហដ្ឋាន ឬ​ទីតាំង​អចលនទ្រព្យ​នោះ​ដើម្បី​បំពេញ ឬ​ធ្វើ​បច្ចុប្បន្នភាព​ជូន​ពួកគាត់​តែម្ដង​ដើម្បី​កុំឱ្យ​ពួកគាត់​មានការ​លំបាក»។

ឯកឧត្ដម គង់ វិបុល បន្ដទៀតថា ការចុះ​ធ្វើ​សម្រង់​ទិន្នន័យ​បច្ចុប្បន្នភាព​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​យកមក​បញ្ចូល​ក្នុង​ព័ត៌មាន​ដេ​តា​បេស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​ដើម្បី​ធ្វើឱ្យ​ពួកគាត់​មាន​ភាពងាយស្រួល ដូច​ទៅនឹង​អ្វីដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ធ្លាប់​បានធ្វើ​ទៅលើ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​រួចមកហើយ​ដូច្នោះ​ដែរ។

បច្ចុប្បន្ន​មាន​អ្នក​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ប្រើ​កាត​ក្នុង​រង្វង់ 90%ហើយ។ ឯកឧត្ដម​បន្ថែមថា៖ «ជា​ទិសដៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចង់​ធ្វើឱ្យ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​មាន​ដំណើរការ​ដូចគ្នា​នឹង​ការប្រមូល​ពន្ធ​លើ​ពន្ធ​មធ្យោបាយ​ធ្វើដំណើរ​ដែរ»។

ទោះជា​យ៉ាងណា​ដំណើរការ​នេះ​ក៏ត្រូវ​ការ​មាន​កិច្ចសហការ​រវាង​មន្ដ្រី​ជាមួយនឹង​ម្ចាស់​អចលនទ្រព្យ​ផងដែរ ដើម្បី​បញ្ចៀស​កុំឱ្យ​ម្ចាស់​អចលនទ្រព្យ​ជូ​ប​ការលំបាក​ក្នុង​ការរក​ប័ណ្ណកម្មសិទ្ធិ ឬ​ឯកសារ​ពាក់ព័ន្ធ​នានា​របស់​ពួកគាត់​យកមក​បង់ពន្ធ​រាល់​ឆ្នាំ។ ពលរដ្ឋ​គ្រាន់តែ​បំពេញ​ព័ត៌មាន​ទាំងនោះ​តែមួយ​ដង​គត់​នៅក្នុង​កាត​មួយ លុះ​នៅពេល​មក​បង់ពន្ធ​លើ​អចលនទ្រព្យ​របស់ខ្លួន គាត់​គ្រាន់តែ​យក​កាត​នោះមក​ស្គែ​ន​បារ​កូដ ទិន្នន័យ​ទាំងអស់​នឹង​ចេញ​នៅក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ហើយ ដែល​វា​នឹង​ជួយ​សម្រួល​ដល់​ការបង់ពន្ធ​យ៉ាង​ងាយស្រួល៕

Advertisement