កក្រើក ជាមួយ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ពី​សំណាក់​តារា​ថៃ និង​តារា​ខ្មែរ​កណ្តាល​ផ្សារ​ទំនើប អ៊ី​អន

ជាមួយនឹង​វត្តមាន​ថ្មី​នៃ​ក្រុមហ៊ុន​ជាច្រើន​មកពី​ប្រទេស​ថៃ ក្នុង​គោលបំណង​ចាប់ដៃ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពាណិជ្ជករ​កម្ពុជា​លើ​គ្រប់​វិស័យ​នោះ កាលពី​ល្ងាច​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ​នេះ មហាជន​ជាច្រើន​នាក់​បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈដែល​បានឃើញ​វេទិការ​នៃ​ការ​ព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017 បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​នៅ​ចំ​កណ្តាល​ផ្សារ​ទំនើប AEON ក្រោម​វត្តមាន​របស់​កំពូល​តា​រា​បង្ហាញ​ម៉ូដ​ជនជាតិ​ថៃ និង​ជនជាតិខ្មែរ​ជាច្រើន​នាក់​ឡើង​បង្ហាញ​រូប​សម្រស់​ជាមួយ​ការ​គ្រង​ម៉ូដ​សម្លៀកបំពាក់​បែប​ទាន់សម័យ​គួរ​ជាទី​ទាក់ទាញ​បំផុត។

នៅក្នុង​ព្រឹត្តិការណ៍​ជាមួយគ្នានេះ ក្រៅពី​មានការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​ជាច្រើន​ឈុត​សម្រាប់​សុភាពនារី ក៏មាន​ការបង្ហាញ​ម៉ូដ​ឈុត​សម្លៀក​របស់​កុមារ​ផងដែរ ដែល​រាល់​ម៉ូដ​សម្លៀកបំពាក់​ទាំងនោះ​សុទ្ធតែ​បាន​កែច្នៃ​ដោយ​អ្នកជំនាញល្បីៗជា​ជនជាតិ​ថៃ។

ថ្លែង​នៅក្នុង​កម្មវិធី​នេះ លោក ជី​រ៉ាវុធ  សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​កម្ពុជា បាន​លើកឡើងថា តាមរយៈ​ព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017 នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ភាពជោគជ័យ​នៃ​កិច្ចសហការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ថៃ ក្រោមរូបភាព​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​មក​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ប្រទេសមួយ​នេះ ។

លោក ជី​រ៉ាវុធ  សុ​វណ្ណា​អាត បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​កម្ពុជា គឺជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់​បំផុត​របស់​ប្រទេស​ថៃ ដែល​កាលពី​ឆ្នាំ2016កន្លង​ទៅនោះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទឹកប្រាក់​រហូតដល់ 5,609 លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ 2017នេះ ក៏​នៅតែមាន​ការកើនឡើង​គួរ​ជាទី​មោទន​បំផុត ។

នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក ជី​រ៉ាវុធ  សុ​វណ្ណា​អាត ក៏បាន​ប្តេជ្ញា​ថា ក្នុងនាម​ជា​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​កម្ពុជា លោក​នឹង​ព្យាយាម​ខិតខំ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត ៕

Advertisement