អាមេរិក​ជួយ​ទិញ​សម្ភារ​ប្រើប្រាស់​តម្លៃ 100លាន​ដុល្លារ​ពី​កម្ពុជា

0

ភ្នំពេញៈ សហរដ្ឋអាមេរិក​បាន​ជួយ​ទិញ​ទំនិញប្រើប្រាស់​សម្រាប់​ធ្វើដំណើ​រត​ម្លៃ100លាន​ដុល្លារ​នៅ​កម្ពុជា​ដែល​វិស័យនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 10ម៉ឺន​នាក់។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក វីល្លៀម ហេ​ដស៍ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំតុមូល​ជាមួយនឹង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​នា​រសៀល​ថ្ងៃទី12 កញ្ញា​ម្សិលមិញ​ថា កាលពី​ឆ្នាំមុន​យើង​បាន​បង្កើត​ឧស្សាហកម្ម​ថ្មី​សន្លាង​មួយ​សម្រាប់​កម្ពុជា​ដែលមាន​ទឹកប្រាក់ 100លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា10ម៉ឺន​នាក់។

លោក​បន្តថា “យើង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា យើង​បាន​ជួយ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ការងារ​មួយ​ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​សម្លៀកបំពាក់ល្បីៗនៅក្នុង​ពិភពលោក រួមទាំង​ក្រុមហ៊ុន​អាមេរិក​រាប់សិប​ទៀតផង​ដែរ។

លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា នៅ​ឆ្នាំនេះ​យើង​បាន​សម្ពោធ​កម្មវិធី​កសិកម្ម​ថ្មី​មួយ​ដែល​បាន​គិតគូរ​ចំពោះ​តម្លៃ​កសិផល​ទាប​ខ្លាំង​ដែល​ប៉ះពាល់​ដល់​កសិករ​កម្ពុ​ជា យើង​ក៏បាន​ជួយ​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ផលិតភាព​កសិកម្ម​ទាប និង​អសន្តិសុខ​ស្បៀង​រយៈពេល​ជាង20ឆ្នាំ​មកហើយ។

ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​ជំហរ​របស់​សហរដ្ឋអាមេរិក​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​បានលើកឡើង​ថា សហរដ្ឋអាមេរិក​មិនបាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ ប៉ុន្តែ​កម្ពុជា​បាន​ទាញ​សហរដ្ឋអាមេរិក​ឲ្យ​ចូលរួម​ពាក់ព័ន្ធ ហើយ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​មានការ​ឈឺចាប់​ពេលដែល​កម្ពុជា​ប្រកាសថា អាមេរិក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កកូរកកាយ​កម្ពុជា​ដែល​តាម​ការពិត​សហរដ្ឋអាមេរិក​មិនបាន​ពាក់ព័ន្ធ​សោះឡើយ។

លោក វីល្លៀម ហេ​ដស៍ បាន​ថ្លែងថា “ជាការ​ពិត អាមេរិក​មិនមែនជា​ប្រទេស​ស្មុគស្មាញ និង​ពិបាក​ធ្វើការ​ជាមួយ​ទេ តែ​សូម​ធ្វើ​មកលើ​យើង​ដោយ​យុត្តិធម៌ និយាយ​ជាមួយ​យើង​ដោយ​ស្មោះត្រង់ ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​តាម​ដែល​អាចធ្វើ​ទៅបាន ប្រើប្រាស់​អំណាច​ទីផ្សារ​របស់​យើង​ដើម្បី​ជា​ប្រយោជន៍​របស់​អ្នក ស្វាគមន៍​កម្មវិធី​ជំនួយ និង​ក្រុមហ៊ុន​របស់​យើង”៕

ចែករំលែក