ថៃ​សន្យា​ទិញ​ទំនិញ​កសិផល​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន

ភ្នំពេញ៖ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ណាត់​ថា​វុ​ធ ភោ​ធិ​សារ៉ូ បាន​សន្យា​ជំរុញ​ឱ្យ​ពាណិជ្ជករ​ថៃ​ទិញ​ទំនិញ​កសិផល​ពី​កសិករ​ខ្មែរ​ឱ្យបាន​កាន់តែច្រើនឡើងៗ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្មែរ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឱ្យមាន​ជីវភាព​កាន់តែ​ប្រសើរឡើង។

ថ្លែង​ក្នុង​សិក្ខាសាលា ស្តីពី​ការពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​តាម​បន្ទាត់​ព្រំដែន​កាលពី​ម្សិលមិញ​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍​បញ្ជាក់ថា វឌ្ឍនភាព​ដ៏​ប្រសើរ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ថៃ និង​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​នៃ​ការធ្វើ​ពិពិធ​កម្ម​ទំហំ​ពាណិជ្ជកម្ម​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ការ​ឈានទៅ​សម្រេច​ផែនការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន14ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ2020 ដែល​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានដាក់​ចេញ​កាលពីពេលថ្មីៗនេះ។ ឯកឧត្តម​មានប្រសាសន៍​ដូច្នេះ​ថា «ជំហរ​របស់​អាជ្ញាធរ​ថៃ គឺ​ការជួយ​សម្រួល​ការដឹក​ជញ្ជូន​ទំនិញ​របស់​ពាណិជ្ជករ​កម្ពុជា​ទៅកាន់​ប្រទេស​ទី​បី និង​ការគាំទ្រ​របស់​ពាណិជ្ជករ​ថៃ​ក្នុង​ការជួយ​ទិញ​ទំនិញ​កសិផល​កាន់តែច្រើន​ពី​កម្ពុជា»

ជាមួយគ្នានេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ដែល​សម្រេច​បានជា​មធ្យម7%រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​កម្មន្តសាល​ធុន​ស្រាល ដើម្បី​បន្តធ្វើ​សមាហរណកម្ម​ទៅក្នុង​បណ្តាញ​ផលិតកម្ម​កម្រិត​តំបន់ និង​សកល។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​លើកយក​គោលដៅ​អាទិភាពសំខាន់ៗនៃ «គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ2014-1024» ដែលជា «យុទ្ធសាស្ត្រ​កំណើន​ថ្មី» ឬ​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម​បាន​សន្យា​ជួយ​សម្រួល​ធុរជន​ថៃ តាមរយៈ​ការផ្តល់ជូន​នូវ​ភាពអនុគ្រោះ​ជាមួយ​លក្ខខណ្ឌ​វិនិយោគពិសេសៗ ព្រមទាំង​គោលនយោបាយ​លើកទឹកចិត្តល្អៗ ដើម្បី​រួមចំណែក​ដល់​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ សំដៅ​រក្សា​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម និង​ធានា​សេ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រទេស​ទាំងពីរ។

យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ថៃ​ក្នុង​ឆ្នាំ2014 មាន​ចំនួន4,418លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ2016 មាន​ចំនួន4,441លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង 0,6%។ ជាមួយគ្នានេះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ថៃ ក្នុង​ឆ្នាំ2014 មាន​ចំនួន 638លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ2016 មាន​ចំនួន 944លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង 47,96% រីឯ​ការ​នាំចូល​របស់​កម្ពុជា​ពី​ប្រទេស​ថៃ ក្នុង​ឆ្នាំ2014 មាន​ចំនួន 4,880លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ2016 មាន​ចំនួន 4,607លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​ថយចុះ 4,49%៕

Advertisement