Tottenham រំពឹង​បញ្ចប់​ភាព​វេទនា​នៅ Wembley ពេល​ប៉ះ Dortmund រាត្រី​នេះ

0

ក្រោយពី​បាន​ជួប​ការខកចិត្ត​ជា​បន្តបន្ទាប់​នៅឯ​កីឡដ្ឋាន Wembley  ក្រុម Tottenham Hotspur នឹង​សម្លឹង​រក​ការបញ្ចប់​ភាព​សំណាងអាក្រក់ផ្សេងៗដែល​តាម​ពីក្រោយ​ពួកគេ​នៅពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជើង​ខ្លាំង Borussia Dortmund នៅ​រាត្រី​នេះ នៅ​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស​មួយ​នេះ។

វា​នឹង​ក្លាយ​ជាការ​ប្រជែង​ដណ្តើម​ពិន្ទុ​ដ៏​សំខាន់​មួយ នៅពេលដែល​ក្រុម Spurs របស់លោក Mauricio Pochettino ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​ជាមួយនឹង​ក្រុម​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ។

សម្រាប់​ក្រុម Tottenham កីឡដ្ឋាន Wembley គឺជា​កន្លែង​ដ៏​គ្រោះថ្នាក់​មួយ​ដែល​កំពុងតែ​រំខាន​ដល់​មហិច្ឆតា​របស់​ពួកគេ​ក្នុងការ​ប្រជែង​ដណ្តើមពាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ក្រុម​មាន់​ខ្នាយ​មាស Tottenham បាន​បង្ខំចិត្ត​ផ្លាស់ប្តូរ​ទៅលេង​នៅ​កីឡដ្ឋាន Wembley នៅពេលដែល​កីឡដ្ឋាន White Hart Lane របស់​ពួកគេ​កំពុងស្ថិត​ក្នុងការ​សាងសង់​ជាថ្មី។

ប៉ុន្តែ បច្ចុប្បន្ន​ក្រុម Spurs បាន​លេង​ការប្រកួត​ចំនួន12លើក​មកហើយ​នៅ​កីឡដ្ឋាន Wembley ចាប់តាំងពី​កីឡដ្ឋាន​ចាស់​របស់ខ្លួន​ត្រូវបាន​ជួសជុល ដោយ​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​ត្រឹមតែ2លើក​គត់ និង​ចាញ់​ដល់​ទៅ8លើក។ ភាព​ត្រដាបត្រដួស​របស់​ក្រុម Tottenham នៅ Wembley បាន​កើតឡើង​ចំពេល​ដ៏​សំខាន់​កាលពី​រដូវ​កាល​មុន​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​នៅពេលនោះ​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​តែ1លើក​គត់​ក្នុង​ការប្រកួត​ជម្រុះ​តាម​ពូ​ល។

CSKA Moscow គឺជា​ក្រុម​តែមួយ​ដែល​ពួកគេ​បាន​ផ្តួល ខណៈដែល​ការរង​បរាជ័យ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Monaco និង Bayer Leverkusen បានធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចេញពី​យុទ្ធនាការ​នោះ​តែម្តង។ លើសពីនេះទៅទៀត មានការ​ខកចិត្ត​ដ៏​ធំ​បន្ថែមទៀត​នៅ Wembley សម្រាប់​ក្រុម Spurs នៅ​មុនពេល​បញ្ចប់​រដូវ​កាល​មុន ខណៈដែល​ពួកគេ​បាន​ចាញ់​ក្រុម Chelsea ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល 4-2។ ប៉ុន្តែ Tottenham បាន​កម្តៅ​សាច់ដុំ​ក្នុងការ​ប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Everton 3-០ ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Dortmund បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ លើ​ទឹកដី​ក្រុម SC Freiburg ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Bundesliga។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ចែករំលែក