ភាពខុសគ្នា​រវាង​សណ្តែកបណ្តុះ​គីមី និង​សណ្តែកបណ្តុះ​ធម្មជាតិ

ភ្នំពេញ៖  ជា​រៀងរាល់​ព្រឹក​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជនផ្សេងៗនៅ​ទូទាំងប្រទេស​កម្ពុជា​តែង​ចូល​ទទួលទាន​អាហារ​នៅតាម​អាហា​រដ្ឋា​ន​នានា ដូចជា​បាយ គុយទាវ ឬ​បបរគ្រឿង​ជាដើម ដែល​អាហារ​ទាំងនោះ​ភាគច្រើន​គេ​ដាក់​សណ្តែកបណ្តុះ​ស្រស់​ដើម្បី​បន្ថែម​រសជាតិ​របស់​វា។

ដើម្បី​ឱ្យដឹងថា សណ្តែកបណ្តុះ​ទាំងនោះ​ជា​សណ្តែក​ធម្មជាតិ ឬ​ជា​សណ្តែក​ដែល​ផ្ទុក​សារធាតុ​គីមី​នោះ អ្នកយកព័ត៌មាន​កាសែត ឡា​រ៉ែ​ន បាន​ជួប​សម្ភាស​ជាមួយ​លោក ភុ​ន រតនា អតីត​និស្សិត និង​ជា​អ្នកឯកទេស​ដាំ​បន្លែ​ធម្មជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ដែលមាន​សំនួរ-ចម្លើយ​ដូចខាងក្រោម៖

សំនួរ៖ ដើម្បីឱ្យ​ប្រិយមិត្ត​អ្នកអាន​យើង​លោក​បាន​យល់ច្បាស់ ចូរ​ប្អូន​លើកឡើងត្រួសៗថា តើ​សណ្តែកបណ្តុះ​ផ្ទុក​សារធាតុ​គីមី​នោះ​មាន​រូបរាង និង​សណ្ឋាន​ដូចម្តេចខ្លះ?

ចម្លើយ៖ ងាយស្រួល​ចំណាំ​ទេ​បង លក្ខណៈ​សម្គាល់​សណ្តែកបណ្តុះ​ផ្ទុក​សារធាតុ​គីមី​នេះ យើង​អាច​មើល​នឹង​ភ្នែក​ទទេ​បាន​ដោយ​ងាយ ទៅតាម​លក្ខណៈសំខាន់ៗចំនួន3 ៖

ទី1.មាន​រាង​ថ្លោសធំៗ

ទី2.មាន​សម្បុរ​សក្បុស

និង​ទី3.មិនមាន​ឫស​ដូច​សណ្តែក​ធម្មជាតិ​នោះទេ ដោយសារ​គេ​ដាក់​ថ្នាំ​ផ្តាច់​ឫស​ឱ្យ​សណ្តែក​នោះ​រីក​ថ្លោស​បានល្អ។

សំនួរ៖ តើ​គេ​ធ្វើ​ដូចម្តេច​បានជា​សណ្តែក​នោះ​មាន​សម្បុរ​ស ថ្លោស ហើយ​គ្មាន​ឬ​ស​ដូច្នេះ? ហើយ​គេ​ធ្វើបែបនេះ​ដើម្បី​ប្រយោជន៍​អ្វី?

ចម្លើយ៖ បាទ​បង  គ្មានអ្វី​ជាជាង​ប្រយោជន៍​ជាធំ​នោះទេ គេ​ដាក់​ថ្នាំ​គីមី​ច្រើន​ឱ្យ​សណ្តែក​ថ្លោស​ធំ និង​ស​ល្អ ហើយ​មាន​ទម្ងន់​ធ្ងន់​លក់បាន​ចំណេញ​ច្រើន បើ​យើង​ជា​អតិថិជន​មិន​បានដឹង​ប្រាកដជា​ទិញ​សណ្តែក​សម្បុរ​ស មិន​យក​សម្បុរ​មិនសូវ(ស)ល្អ​នោះទេ។ ការផ្តាច់​ឫស​នេះ​ងាយស្រួល​ទេ គឺ​គ្រាន់តែ​អ្នក​បណ្តុះ​យក​អ័រម៉ូន(គីមី)មក​រោយ​លើ​សណ្តែក​នោះ វា​នឹង​ផ្តាច់​ឫស​ដោយ​ឯកឯង រួចហើយ​ដាក់​ថ្នាំ​គីមី​ឱ្យ​សណ្តែក​នោះ​ឡើង​សក្បុស ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ ឬ​អតិថិជន​ឱ្យ​លក់​ឆាប់​ដាច់។

សំនួរ៖ បើតាម​ប្អូន​ជា​អ្នកជំនាញ តើ​ការដាក់​ថ្នាំ​នោះ​ប៉ះពាល់​សុខភាព​ឬទេ?

ចម្លើយ៖ ប្រាកដ​ណាស់​បង  សារធាតុ​គីមី​ដែល​ដាក់ឱ្យ​សណ្តែក​ឡើង​ស ថ្លោស ឬ​ផ្តាច់​ឬ​ស​នេះ វា​ពិតជា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ស្រដៀង​ទៅនឹង​សារធាតុ​ម្សៅ​បូរ៉ា​ក់​ដែល​គេ​ដាក់​លើ​ចំណីអាហារ​ដើម្បីឱ្យ​ទុក​បានយូរ​ដូច្នោះ​ដែរ ដែល​វា​នឹង​ប៉ះពាល់​សុខភាព​ទាំង​រយៈពេល​ខ្លី និង​វែង។ សម្រាប់​រយៈពេល​ខ្លី វា​នឹង​ធ្វើឱ្យ​យើង​រាករូស ក្អួតចង្អោរ ឈឺក្បាល វិលមុខ​ជាដើម ចំណែក​ប៉ះពាល់​រយៈពេល​វែង​វា​បណ្តាលឱ្យ​រលាក​ក្រពះ​ពោះវៀន កើត​ជំងឺ​បេះដូង ឈឺសន្លាក់​រុំ​ា​រ៉ៃ​ជាដើម។ សារធាតុ​គីមី​ប្រភេទ​នេះ​នៅ​ប្រទេស​ថៃ វៀតណាម ឬ​កូរ៉េ គេ​ហាម​មិនឱ្យ​ប្រើប្រាស់​ជាដាច់ខាត។

សំនួរ៖ ចុះ​សណ្តែកបណ្តុះ​តាមរបៀប​ធម្មជាតិ​គេ​សម្គាល់​ដូចម្តេច ហើយ​មាន​វិធីសាស្ត្រ​បណ្តុះ​បែបណា​ដែរ?

ចម្លើយ៖ វិធីសាស្ត្រ​បណ្តុះ​ងាយស្រួល​ទេ ដោយ​គ្រាន់តែ​យើង​យក​គ្រាប់​សណ្តែកបាយ​ដែល​គ្មាន​ផ្ទុក​សារធាតុ​គីមី ហើយ​ប្រើ​ទឹក​ចម្រោះ​សុទ្ធ​ល្អ ឬ​ទឹក​ដែល​មិនមាន​ផ្ទុក​សារធាតុ​គីមី​មក​ដាក់​បណ្តុះ នោះគេ​នឹង​ទទួលបាន​សណ្តែកបណ្តុះ​ធម្មជាតិ​ហើយ។ ចំណែក​សណ្ឋាន​របស់​វា​គេ​អាច​សម្គាល់​បាន​ដោយ​ឃើញ​មាន​ឫស សម្បុរ​សរាង​ក្រ​ម៉ៅ និង​មិនសូវ​ថ្លោស​ធំ​ដូច​សណ្តែក​គីមី​នោះទេ។ បើ​យើង​បណ្តុះ​តាមរបៀប​ធម្មជាតិ គ្រាប់​សណ្តែកបាយ1គីឡូក្រាម យើង​នឹង​ទទួលបាន​សណ្តែកបណ្តុះ4-5គីឡូក្រាម ហើយ​បើ​សណ្តែកបណ្តុះ​តាមបែប​គីមី​វិញ គ្រាប់​សណ្តែកបាយ1គីឡូក្រាម ទទួលបាន​សណ្តែកបណ្តុះ​ដល់​ទៅ9-10គីឡូ​ឯណោះ។

សំនួរ៖ ជា​ចុងក្រោយ​តើ​ប្អូន​មាន​អ្វី​ផ្តាំផ្ញើ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែរឬទេ​ពាក់ព័ន្ធ​នឹង​សណ្តែកបណ្តុះ​នេះ?

ចម្លើយ៖ បាទ​បង  ជាធម្មតា​សណ្តែក​គីមី​មានតម្លៃ​ថោក​ជាង​សណ្តែក​ធម្មជាតិ ប៉ុន្តែ​សណ្តែក​គីមី​នោះ​ធ្ងន់​ដោយសារតែ​សារធាតុ​ទឹក​ច្រើន និង​ឡើង​ស​ដោយសារ​ថ្នាំ​ជួយ​ឱ្យ​ធំ តែ​វា​ប៉ះពាល់​សុខភាព ចំណែក​សណ្តែក​ធម្មជាតិ​មានតម្លៃ​ថ្លៃ​បន្តិច​មែន តែ​វា​មាន​សារធាតុ​ Fibber និង Vitamin C ជួយ​ដល់​សុខភាព​យើង​បាន​ច្រើន ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ទទួលទាន​បន្លែ​ណា ដែល​ជួយ​ដល់​សុខភាព​របស់​យើង មិន​ប៉ះពាល់​សុខភាព​នាំឱ្យ​ខាតបង់​ថវិកា​ថ្លៃ​ព្យាបាល​ជំងឺ៕

Advertisement