iOS 11 ដែល Apple ត្រៀម​ដាក់ឱ្យ Update មាន​អ្វី​ប្លែក​ខ្លះ?

0

ក្នុង​ព្រឹត្តិការណ៍​កាលពី​យប់មិញ ក្រៅពី​ទូរ​ស័​ព្ធ iPhone 8 និង X ហើយ​នោះ  ក្រុមហ៊ុន Apple ក៏បាន​ប្រកាស​ឱ្យ​អ្នកប្រើប្រាស់​របស់ខ្លួន​ត្រៀ​ម​ធ្វើការ Update លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 11 ផងដែរ ចាប់ពី​ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2017 ខាងមុខនេះ។ ដូច្នេះ​សួរថា តើ iOS 11 ថ្មី​នេះ​មាន​អ្វី​ខ្លះទៅ​ដែល​ប្លែក​ពិសេស​លើសពី​ជំនាន់​មុន?

ប្រព័ន្ធ​ប្រតិបត្តិការ iOS 11 បានកំណត់​ស្តង់ដារ​ថ្មី​មួយ គឺ​អ្វីដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត​ទំនើប​បំផុត​របស់​ពិភពលោក​គួរតែមាន។ វា​ធ្វើឱ្យ iPhone ប្រសើរ​ជាង​មុន។ វា​ធ្វើឱ្យ iPad កាន់​តែមាន​សមត្ថភាព​ជាង​មុន។ ជាមួយiOS11នេះ  iPhone និង​iPad គឺជា​ឧបករណ៍​ដែលមាន​ឥទ្ធិពល​បំផុត និង​ឆ្លាត​វៃ​ជាងគេ ដែល​អ្នក​ប្រើ​មិន​ធ្លាប់មាន​ពីមុន ហើយ​ចំពោះ iOS ថ្មី​នេះ វា​មាន​ចំណុច​ដែល​ប្លែក និង​ពិសេស​មួយចំនួន​ដែល​អ្នកគាំទ្រ​ទាំងអស់​គួរស្វែងយល់។

ប្រព័ន្ធ​ដំណើរការ​ល្អជា​ង​មុន៖ វា​ជា​អ្វីដែល​អ្នកប្រើប្រាស់​ត្រូវកា​រ​បំផុត iOS 11 ត្រូវបាន Apple បង្កើតឡើង​មាន​ភាព​ស្រឡះ​ល្អ រស់​រវើក វៃឆ្លាត និង​មាន​សមត្ថភាព​កាន់តែខ្លាំង ការបើក​ប្រើប្រាស់​កម្មវិធី និង​ល្បឿន​ការលេង​ហ្គេម​កាន់តែ​ល្អ។

ផ្ទៃ​ប្រើប្រាស់​ស្អាត និង​ស្រឡះ​ល្អ៖ ចំពោះ​ផ្ទៃ​ប្រើប្រាស់​នៅលើ iOS ទោះជា​មិនសូវមាន​អ្វី​ប្លែក​ច្រើន​មែន ប៉ុន្តែ​បើ​មើល​ឱ្យ​ច្បាស់ វា​មាន​ភាព​ស្រឡះ​ល្អ និង​ងាយស្រួល​ប្រើ​ជាង​មុន ហើយ​នៅលើ iPad វា​បាន​បន្ថែម​នូវ Dock ថ្មី​ដែលមាន​សណ្ឋាន និង​របៀប​ប្រើប្រាស់​ដូច​ទៅនឹង macOS ដែរ។

Control Center៖ ម្ដងនេះ Apple បាន​ដុសក្អែល​ស្អាត​ច្រើន ដោយបាន​បន្ថែម​នូវ​ផ្ទាំង Control Center ថ្មី រួម​នឹង​ដាក់ចូល​នូវ​មុខងារ​ផ្លូវ​កាត់​ចាំបាច់​បំផុត​សម្រាប់​អ្នក​ប្រើ ដូចជា​មុខងារ​ចូលទៅ​បើក​អ៊ី​ន​ធើ​ណិ​ត (3/4GLTE)ជាដើម។

App Store ថ្មី៖ ជំនាន់​ថ្មី​នេះ យើង​ទទួលបាន App Store ថ្មី​សន្លាង​ដែលមាន​កម្មវិធីថ្មីៗជាច្រើន​សម្រាប់​ទាញយក​ទៅប្រើ​ប្រាស់ ហើយ Apple បាន​កាត់ចោល​នូវ​កម្មវិធី ឬ​ហ្គេម​ទាំងឡាយណា​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ 32bit។ ចំណុច​នេះ យើង​នឹង​មានតែ​កម្មវិធី និង​ហ្គេមល្អៗតែប៉ុណ្ណោះ។

មុខងារ និង Drag & Drop៖ សម្រាប់​មុខងារ​ប្រើ​សម្រាប់​បែងចែក​អេក្រង់​ជា 2 ដែល​វា​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ស្មា​ត​ហ្វូ​ន Android  ប៉ុន្ដែ​វា​ថ្មី សម្រាប់ iOS នេះ ដោយ​យើង​អាច​ទាញ រូបភាព អក្សរ និង File នានា​ពី​កន្លែង​មួយ​ទៅមួយ​បាន​កាន់តែ​ងាយ។ ប៉ុន្តែ​វា​អាច​ប្រើ​បានតែ​លើ iPadប៉ុណ្ណោះ។

មុខងារ​ទទួលដំណឹង Notification៖ Apple បានអនុញ្ញាត​ឱ្យ​ឧបករណ៍​របស់ខ្លួន​មើល​ដំណឹង​ទូទៅ​បាន​ទាំងអស់​តែម្តង បើទោះជា​ដំណឹង​មក​ច្រើន​ក៏ដោយ គ្រាន់តែ​អូស​នៅលើ Lock Screen ប៉ុណ្ណោះ។

កាមេរ៉ា​ថ្មី៖ ក្រៅពី​បន្ថែម​សមត្ថភាព​ផ្នែក Hardware ក្រុមហ៊ុន Apple ក៏​នៅ​ពង្រីង​បន្ថែម​ផ្នែក Software ផងដែរ។ ដោយ iOS 11 មាន​ចំណុចល្អៗជាច្រើន​ជំនួស​ដល់​ការថតរូប ដូចជា Live Photos មាន​បន្ថែម​នូវ​មុខងារ Loop, Bounce, Long Exposure ហើយ​មុខងារ​ថតរូប Portrait Mode មាន​បន្ថែម Menu ថ្មី ដែល​អាច​បើក Flash ពន្លឺ ឬ HDR នៅក្នុង Portrait mode និង​មាន Effect បន្ថែម​ជាច្រើន និង​ពេល​ថត​ហើយ​យើង​អាច​កែកុន​ភាព​ព្រាល Portrait បាន។

Apple Music ថ្មី៖ Apple Music ថ្មី​នេះ មាន​ភាព​ស្រឡះ ងាយស្រួល​ស្វែងរក​បទ​ចម្រៀង មិន​ថា​ការ​ស្វែ​ករក​តាម Album ឬ Playlist ឡើយ។

សារ Message ៖ សម្រាប់​មុខងារ​នេះ Apple បាន​បន្ថែម​នូវ Sticker, Emoji, Games ជាដើម ហើយ​ថែមទាំង​អាច​បង្រួម Keyboard ឱ្យ​តូច​ទៅ​ម្ខាង​ដើម្បី​ងាយស្រួល​ចុច​ដៃ​ម្ខាង​បាន​ទៀតផង។

ARKit៖ ចំពោះ​ចំណុច​មួយ​ចុងក្រោយ​នេះ វា​ជា​បច្ចេកវិទ្យា​ថ្មី ដែល​យើង​អាចបង្កើត​រូបភាព​សិប្បនិម្មិត ជាមួយនឹង​ទិដ្ឋភាព​ពិត​នៅ​ខាងក្រៅ​បាន៕

ចែករំលែក