ខុន​ដូ​ចំនួន11,300យូ​នី​ត នឹង​ដាក់ចូល​ទីផ្សារ​ក្នុង​ដំណាច់​ឆ្នាំនេះ

ភ្នំពេញៈ ការផ្គត់ផ្គង់​ខុន​ដូ​បានចាប់ផ្តើម​កើនឡើង​យ៉ាងគំហុក​ហើយ​ចាប់ពី ចុងឆ្នាំ​នេះ​ទៅ ដោយ​ការសិក្សា​មួយ​បាន​រកឃើញថា ខុន​ដូ​ចំនួន 11,300យូ​នី​ត​ទៀត​នឹងត្រូវ​ដាក់ចូល​ទីផ្សារ​នៅ​ដំណាច់​ឆ្នាំនេះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខុន​ដូ​ចំនួន 1,911យូ​នី​ត​ត្រូវបាន​ដាក់ចូល​ទីផ្សារ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ និង​រំពឹង​កើនឡើង​ដល់ 11,300យូ​នី​ត​នៅ​ដំណាច់​ឆ្នាំនេះ សម្រាប់​ចំនួន​យូ​នី​ត​ខុន​ដូ​សរុប ដែល​បាន​ផ្គត់ផ្គង់​តាំង​ពីមុន​ដល់ពេល​បច្ចុប្បន្ន។

ការសិក្សា​ដដែល​ក៏បាន​រកឃើញ​ផងដែរ​ថា តម្លៃ​នៃ​ការលក់​ខុន​ដូ​ប្រណីត​បាន​ធ្លាក់ចុះ1ភាគរយ​គិត​ត្រឹម​ឆមាស​ទី1ឆ្នាំនេះ​ធៀប​នឹង​ដំណាច់​ឆ្នាំមុន ប៉ុន្តែ​និន្នាការ​អ្នកទិញ​ខុន​ដូ​មានការ​ប្រែប្រួល ដោយ​អ្នកទិញ​ខុន​ដូ​ភាគច្រើន​ផ្តោតលើ​ខុន​ដូ​ដែល​បានបញ្ចប់​ការសាងសង់​ជាជាង​ទិញ​គម្រោង​ដែល​កំពុង​សាងសង់។ លើសពីនេះ​អ្នកទិញ​ខុន​ដូ គឺ​ទិញ​សម្រាប់​រស់នៅ​ជាជាង​សម្រាប់​វិនិយោគ ហើយ​ចំនួន​ប្រជាជន​ខ្មែរ​ដែល​ទិញ​ខុន​ដូ​បាន​កើនឡើង​ចន្លោះ​ពី5ទៅ10ភាគរយ។

ខុន​ដូ​ប្រភេទ High-end មានតម្លៃ​មធ្យម 3,108ដុល្លារ ខុន​ដូ​ប្រភេទ Mid-end មានតម្លៃ 2,659ដុល្លារ និង​ខុន​ដូ​ប្រភេទ​Affordable មានតម្លៃ​ជា​មធ្យម 1,498ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ស្ថានភាព​ទីផ្សារ​ខុន​ដូ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ បើទោះបីជា​តម្លៃ​ជួល និង​តម្លៃ​លក់​ចេញ​បាន​ធ្លាក់ចុះ​ក៏ដោយ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​ទើប​បញ្ចប់​កាលពីពេលថ្មីៗនេះ​ក៏បាន​រកឃើញ​ដែរ​ថា ចំនួន​ខុន​ដូ​បាន​កើន​ពី121គម្រោង​ដល់125គម្រោង និង​ចំនួន​ផ្ទះ​សរុប​បាន​កើន​ពី 43,604យូ​នី​ត ដល់​ចំនួន 47,204យូ​នី​ត​ក្នុង​ឆមាស​ទី1ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក ស៊ុន ហួត នាយក​ផ្នែក​ទីផ្សារ​នៃ​គម្រោង Olympia CITY បាន​ថ្លែង​ស្រដៀង​គ្នា​ថា ស្ថានភាព​នៃ​ការលក់​ខុន​ដូ​នៅ​ឆ្នាំនេះ​មិនមាន​ភាពប្រែប្រួល​ខុសពី​ឆ្នាំមុន​នោះទេ ប៉ុន្តែ​ក្នុងស្ថានភាព​បែបនេះ​ការលក់​ខុន​ដូ​ក្នុង​គម្រោង​នេះ​មិនបាន​បញ្ចុះតម្លៃ​នោះទេ។ ខុន​ដូ​ក្នុង​គម្រោង Olympia City មានតម្លៃ​ចន្លោះ​ពី2,300 ទៅ2,600ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បន្តថា “ក្នុងចំណោម​អ្នកទិញ​ខុន​ដូ​ក្នុង​គម្រោង​នេះ​មាន​ប្រជាជន​ខ្មែរ​ប្រមាណ70ភាគរយ​ដែល​អ្នកខ្លះ​ទិញ​សម្រាប់​ស្នាក់នៅ និង​ខ្លះទៀត​ទិញ​សម្រាប់​ជួល”៕

Advertisement