ហេតុអ្វី​បានជា​គេ​ថា អ្នក​បាន​និទ្ទេស C ភាគច្រើន​ជោគជ័យ?

0

មាន​អត្ថបទ​បរទេស​មួយចំនួន​បានចេញ​ផ្សាយ ដោយ​បង្ហាញឱ្យឃើញ​ពី​អ្នក​ដែល​ទទួលបាន​និទ្ទេស C ភាគច្រើន​ជា​បុគ្គល​ជោគជ័យ ឬ​ជា​អ្នក​ដែល​បាន​បង្កើត​ស្នាដៃថ្មីៗសម្រាប់​ពិភពលោក ខណៈដែល​ចំណុច​នេះ​បាន​ស្ថិតក្នុង​ការសន្និដ្ឋានផ្សេងៗពីគ្នា។

បង្ហាញ​ពី​ចំណុច​ទាំងអស់នេះ លោក គីម ដា​រ៉ា នាយក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា អ្នក​និទ្ទេស A ភាគច្រើន​គឺ​ខ្លាច​ស្រមោល​ខ្លួនឯង ហេតុនេះហើយ​ទើប​ពេលខ្លះ​បញ្ហា​នេះ​បាន​បង្អាក់​ដល់​ដំណើរ​នៃ​ភាពជោគជ័យ​របស់គាត់។ លោក​បានបញ្ជាក់​ដោយ​អះអាងថា និទ្ទេស A ឬ និទ្ទេស B ជា​និទ្ទេសខ្ពស់ៗ ហេតុនេះ​ពួកគាត់​ស្ថិតក្នុង​ការចាប់អារម្មណ៍​របស់​សង្គម ហេតុនេះ​រាល់​សកម្មភាព​របស់គាត់​គឺ​គាត់​មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់ រហូត​ពេលខ្លះ​គាត់​មិន​ហ៊ាន​ធ្វើ​សកម្មភាព ឬ​ប្រកួតប្រជែង​នោះទេ។ ប្រសិនបើ​ទទួលបាន​និទ្ទេស​ខ្ពស់ ហើយ​នៅតែ​ខ្លាច​ការទិតៀន​របស់​ស​ង្គ​ម​នោះ និទ្ទេស​ខ្ពស់​នេះ​នឹងមិន​ផ្តល់​ផល​ល្អ​សម្រាប់​ពួកគាត់​ឡើយ។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «អ្នកខ្លះ​លើកឡើងថា និទ្ទេស C ភាគច្រើន​ជោគជ័យ ព្រោះ​និទ្ទេស​នេះ​មិន​ខ្លាច​ការទិតៀន។ តាម​ការពិត​អ្នក​បាន​និទ្ទេស C មាន​សមត្ថភាព​មួយ​ដែល​ពេលខ្លះ​គាត់​អាច​ឈោង​ទៅ A ឬ ទៅ​Bបាន តែដោយសារ​ការ​ភ្លាំងភ្លាត់ អាចធ្វើឱ្យ​គាត់​ធ្លាក់​ទៅដល់ C ឬ D ជាដើម»។

លោក គីម ដា​រ៉ា បាន​បន្ថែមថា អ្នក​ដែល​បាន​និទ្ទេស C មាន​លក្ខណៈពិសេស​មួយ គឺ​គាត់​មិន​ខ្លាច​ការទិតៀន​នោះទេ គឺ​ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​គាត់​ហ៊ាន​ប្រកួតប្រជែង ទាំង​អាហារូបករណ៍ និង​ការប្រកួតប្រជែង​នានា។ អ្នក​នៅក្នុង​និទ្ទេស​នេះ​ភាគច្រើន​គាត់​មិន​ខ្លាច​បរាជ័យ​នោះទេ ព្រោះ​ទោះបីជា​បរាជ័យ​ក៏ដោយ ក៏​គាត់​មិនសូវ​ខ្វល់​ដែរ ព្រោះ​គាត់​មិនមែនជា​ផ្ទាំង​ស៊ី​ប​របស់​សង្គម ដែល​កត្តា​នេះ​ធ្វើឱ្យ​គាត់​ទទួលបាន​លទ្ធផល​ល្អ​ច្រើន។

តែ​ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែល​បាន​និទ្ទេស A ឬ B វិញ បើ​គាត់​មិន​ខ្លាច​ការទិតៀន​របស់​ស​ង្គ​ម គាត់​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​គាត់​មាន​សមត្ថភាព​ស្រាប់ ហើយ​គាត់​ហ៊ាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ទៀត​គាត់​នឹង​ទទួលបាន​លទ្ធផល​ល្អ។ លោក​បាន​បញ្ជាក់ថា គ្រប់​ការងារ​ទាំងអស់​មិន​អាចមាន​អ្នកណាម្នាក់​ចាប់ផ្តើម​ឡើង​ល្អឥតខ្ចោះ​នោះទេ វា​ទាមទារ​ឱ្យមាន​ការហ្វឹកហាត់ ទោះ​អ្នកនោះ​ទទួលបាន​និទ្ទេស​អ្វី​ក៏ដោយ ហេតុនេះ​ការដែល​ចេះ​ដាក់ខ្លួន​ទទួលយក​ការអភិវឌ្ឍ​ខ្លួនឯង​ទើប​ជា​ចំណុច​ល្អ​បំផុត​សម្រាប់​សិស្ស​គ្រប់គ្នា៕

ចែករំលែក