លុយ​ក៏​ខាត ប្រយោជន៍​ក៏​បាត់ បើ​អ្នក​ទប់ចិត្ត​មិនបាន

យប់មិញ​ក្រុមហ៊ុន Apple បើកសម្ពោធ​ទូរស័ព្ទ iPhone 8 / 8 Plus និង​ទូរស័ព្ទ iPhone X ដែលមាន​ការ​រចនា​ឡើង​ប្លែក និង​ស្រស់ស្អាត ដោយ​ភ្ជាប់​ជាមួយនឹង​មុខងារ​ប្រើប្រាស់ថ្មីៗជាច្រើន ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួនធំ​ទ្រាំ​មិន​ទិញ​មិនបាន។ Apple នឹងដាក់​ឱ្យធ្វើ​ការ Pre-Order ចាប់ពី​ថ្ងៃទី15 ខាង​មុននេះ​តទៅ ហើយ​វា​នឹង​ចេញលក់​ក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃទី22 ខែកញ្ញា ឆ្នាំ 2017 ហើយ​ទីផ្សារ​កម្ពុជា អាច​នឹងមាន​លក់​តាម​ហាង​នាំចូល​ក្រោយ​គ្នា​បន្ដិច​ដូចរាល់ៗឆ្នាំ​ដែរ។ គ្រាន់តែ​ថា ការមកដល់​នោះ មិនមែនជា​ផលិតផល​ផ្លូវការ មិនមាន​ការធានា​ពី​ក្រុមហ៊ុន និង​អាចមាន​តម្លៃ​ថ្លៃ​កប់​ពពក​ក្នុងពេល 2 ឬ 3 សប្ដាហ៍​ដំបូង។

អ្វី​ទាំងអស់នេះ វា​នឹង​ធ្វើឱ្យ​អ្នកប្រើប្រាស់​ខ្មែរ​យើង​អាច​ខាតបង់​ទាំង​លុយកាក់ និង​ផលប្រយោជន៍ផ្សេងៗ ប្រសិនបើ​ទប់ចិត្ត​មិនបាន ចង់​ទិញ​ស្មា​ត​ហ្វូ​ន​ទាំងនោះ​យកមកប្រើ​ឱ្យបាន​មុនគេ។ ជាទូទៅ​ពេល iPhone ចេញ​ថ្មីម្ដងៗ តម្លៃ​ក្នុង​ទីផ្សារ​ខ្មែរ​យើង​អាច​ខុសគ្នា​ពី​តម្លៃ​ដើម ដល់​ទៅ 300 ទៅ 400 ដុល្លារ ហើយ​បើ​ពណ៌ណា​ត្រូវប៉ាន់​ផង អាច​ខុសគ្នា​ច្រើនជាង​នេះ​ក៏មាន។

លោក អ៊ូ ភា​និ​ត ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Falcon Tech ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ចែកចាយ​ផលិតផល Apple សម្រាប់​ទីផ្សារ​កម្ពុជា បានឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​ថា សម្រាប់​វត្តមាន​ទូរស័ព្ទ​ជំនាន់​ថ្មី iPhone 8 / 8 Plus និង iPhone X ខាង​ក្រុមហ៊ុន​លោក​នៅ​មិនទាន់មាន​ដំណឹង​ច្បាស់ការ​ណាមួយ​នៅឡើយ​ទេ។ ចំពោះ​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​នៅពេលណា ក៏​ខាង​លោក​មិនទាន់​អាច​ជម្រាប​បានដែរ ។ ប៉ុន្តែ​លោក​ថា ខាង​លោក​កំពុង​ស្នើ​ទៅខាង Apple ធ្វើ​យើង​ណា ឱ្យ​ដំណើរ​ការលក់​អាច​ប្រព្រឹត្តទៅ​លឿន​ជាង​រាល់​ឆ្នាំ ដើម្បី​អាចបំពេញ​តម្រូវការ​អតិថិជន​ខ្មែរ​យើង​បាន​លឿន។

លោក​ថា៖ «ពេលនេះ​ខាងយើង​មិនទាន់​អាច​ជម្រាប​ព័ត៌មាន​អ្វី​បាន​ទាំងអស់។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន Falcon នឹង​ព្យាយាម បើ​មាន​ដំណឹង​អ្វី​ថ្មី»

ប្រធាន​ផ្នែក​លក់​ខាងលើ​បានឱ្យ​ទៀតថា ចំពោះ​តម្លៃ iPhone 8 / 8 Plus និង iPhone X ពេលមកដល់​កម្ពុជា អាចមាន​ការប្រែប្រួល​ខ្លះ​ពី​តម្លៃ​ដើម អាស្រ័យ​លើ​ពន្ធ​នាំចូល និង​លក្ខខណ្ឌ​មួយចំនួនទៀត ប៉ុន្តែ​មិន​ច្រើន​ទេ។ យ៉ាងណា លោក​ស្នើឱ្យ​អ្នកប្រើប្រាស់​ជួយ​គាំទ្រ​ផលិត​ស្របច្បាប់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី Apple ព្រម​ជាមួយនឹង​តម្លៃ​ដែល​ល្អ។

លោក​ពន្យល់ថា បើ​ចំនួន​អ្នកប្រើប្រាស់​នៅ​កម្ពុជា កើនឡើង​ច្រើន Apple អាច​សម្រេច​ផ្ដល់​អ្វីពិសេសៗច្រើន​ដល់ទី​ផ្សារ​មួយ​នេះ ទាំង​តម្លៃ រយៈពេល​ចេញលក់ ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​កម្មវិធី Software សម្រាប់​ខ្មែរ​យើង​ផ្ទាល់​ផងដែរ។ មួយវិញទៀត អ្នកប្រើប្រាស់​ក៏​មិន​ខាតបង់​លុយ​លើ​ការចំណាយ​ខ្ពស់​ពេល​ទូរស័ព្ទ​មាន​លក់​តាម​ហាង​នាំចូល​ដំបូង ដែលនាំឱ្យ​ខាត​ប្រយោជន៍​ពី​ការធានា ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ទៀតផង។ ចំពោះ​ទីផ្សារ​កម្ពុជា គ្រប់​ផលិតផល​ទាំងអស់​នឹងមាន​ការធានា​រយៈពេល1ឆ្នាំ​ពី Apple និង​ធានា​ដូរ​ថ្មី​វិញ​ក្នុង​រយៈពេល 30ថ្ងៃ ក្នុងករណី​មាន​បញ្ហា​ខាង​បច្ចេកទេស៕

Advertisement