ឃើញ​របាយការណ៍​នេះហើយ ស្ដ្រី​កម្ពុជា​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​នៃ​ការថែរក្សា​សុខភាព

ភ្នំពេញ យោងតាម​របាយ​ការ​រណ៍​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ដ្រី​កម្ពុជា​ត្រូវបាន​គេ​រកឃើញថា មាន​ជំងឺមហារីក​មាត់ស្បូន​ប្រមាណ 60% ជា​អត្រា​ខ្ពស់​ជាងគេ​បើ​ប្រៀបធៀប​ទៅ​និង​ស្ដ្រី​ក្នុង​បណ្ដា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន  ជាពិសេស គឺមាន​ស្ដ្រី​ប្រមាណ60%ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

លោកជំទាវ ញ៉េប សុភាព ប្រធាន​នាយកដ្ឋាន​សុខមាលភាព​ស្រី្ដ និង​កុមារ​នៃ​ក្រសួង​សង្គមកិច្ច​បានលើកឡើង​ថា ផលប៉ះពាល់​នេះ​កើតឡើង​បណ្ដាលមកពី​ស្ដ្រី​នៅ​កម្ពុជា​ខ្វះ​ការការពារ និង​អនាម័យ  ក្រៅពីនេះ​ប្រទេស​កម្ពុជា​នៅមាន​ការប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី ដែល​ធ្វើឱ្យ​ស្ដ្រី​មានការ​ខ្មាសអៀន​ច្រើន​ពុំ​សូវ​ហ៊ាន​និយាយ​ដោយ​បើកចំហ​អំពី​បញ្ហា​នេះ  ម្យ៉ាង​ពុំទាន់​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទៅដល់​ស្ត្រី​ជា​មាតា​នៅឡើយ។

មន្ដ្រី​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ជំងឺមហារីក​មាត់ស្បូន​មិនមែនជា​ជំងឺ​តំណពូជ​ទេ ពិសេស​ជំងឺ​នេះ​អាច​ការពារ​បាន​ស្ទើរតែ100%តាមរយៈ​ការការពារ​ដោយ​ចាក់​ថ្នាំ​វ៉ាក់សាំង ដូច្នេះ​ស្ដ្រី​កម្ពុជា​ទាំងអស់​គួរតែ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​ដើម្បី​ដឹង​ពី​ស្ថានភាព​នៃ​សុខភាព​របស់ខ្លួន។ ជំងឺ​នេះ​ច្រើនតែ​កើតឡើង​លើ​ស្ដ្រី​ដែលមាន​ដៃគូ​រួមភេទ​ច្រើន និង​ស្ដ្រី​ដែល​មានកូន​ច្រើន គ្រា​ដែល​ពួកគាត់​មានកូន​ដំបូង​ស្ថិតក្នុង​វ័យក្មេង​នៅឡើយ។

ប្រធាន​នាយកដ្ឋាន​សុខមាលភាព​ស្រី្ដ និង​កុមារ​នៃ​ក្រសួង​សង្គមកិច្ច​បានបញ្ជាក់​បន្ថែម​ថា៖«ស្ត្រី​ជា​មាតា​ត្រូវតែ​ហ៊ាន​បង្ហាញ​ចេញ​អ្វី​ដែលជា​បញ្ហា​លើ​សុខភាព​របស់​ខ្លួនឯង ព្រោះ​បញ្ហា​សុខភាព និង​ការពិនិត្យ​សុខ​ភាពជា​រឿង​សំខាន់​ដែល​ស្ដ្រី​គ្រប់រូប​ត្រូវតែ​ដឹង នឹង​ត្រូវតែ​ធ្វើ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងនេះ»៕

Advertisement