កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ថៃ​ដើម្បី​រៀបចំ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សាធារណការ​បានទទួល​ឥណទាន​ហិរញ្ញប្បទាន26ទៅ28លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ថៃ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​គោលដៅ​ឈានទៅ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយទៀត។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា ស៊ឹម​សូរិយា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី14 កញ្ញា​នេះ​ថា ប្រសិនជា​អាច​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​បាន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ព្រំដែន​អន្តរជាតិ​ច្រក​ស្ទឹង​បត់​របស់​ខាង​កម្ពុជា និង​ច្រក​ណង​អៀន​របស់​ប្រទេស​ថៃ​នឹង​អាច​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ និង​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល2ឆ្នាំ។លោក​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន​ការសាងសង់​ផ្លូវ​ប្រវែង​ប្រមាណ3គីឡូម៉ែត្រ ចេញពី​ច្រក​ថ្មី​នេះ​ភ្ជាប់​មកកាន់​ផ្លូវជាតិ​លេខ៥ សាងសង់​អគារ​ទទួល​អ្នកដំណើរ អគារ​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ អគារ​ព្រំដែន និង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​ជាដើម។

លោក​បន្តថា ច្រកព្រំដែន​ថ្មី​នេះ​មាន​ចម្ងាយ​ប្រមាណ9គីឡូម៉ែត្រ​ពី​ច្រកព្រំដែន​កម្ពុជា-ថៃ​ប៉ោយប៉ែត​នាពេល​សព្វថ្ងៃនេះ ហើយ​ការសម្រេច​បើក​ច្រក​នេះ​ភាគី​កម្ពុជា-ថៃ​បាន​ឯកភាពគ្នា​ជា​យូរ​មកហើយ​ដើម្បី​ជួយ​សម្រួល​លំហូរ​ទំនិញ ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​អ្នកដំណើរ​មិន​ឲ្យ​មានការ​កកស្ទះ ដូច​ច្រកព្រំដែន​ប៉ោយប៉ែត​សព្វថ្ងៃនេះ។

លោក វ៉ា ស៊ីម​សូរិយា បាន​បន្តថា បន្ទាប់ពី​ច្រក​នេះ​សាងសង់​រួច​ការសម្រួល​ចរាចរណ៍ និង​អ្នកដំណើរ​មាន​កន្លែង​សម្រាក​ងាយស្រួល និង​ជួយ​សម្រួល​ការងារ​ជាច្រើន​ទៀត ហើយ​ប្រទេស​ទាំងពីរ​អាច​ត្រួតពិនិត្យ​ទំនិញ និង​សេវាកម្ម​នានា​តែម្ដង មិនចាំបាច់​ត្រួតពិនិត្យ​ពីរលើក។

ការបើក​ច្រកព្រំដែន​ថ្មី​នេះ និង​ច្រកព្រំដែន​ចំនួន4ទៀត​ដែល​គ្រោង​បើក​នាពេលខាងមុខ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន15ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2020ខាងមុខនេះ។

ប្រទេស​ថៃ​បាន​សន្យា​ជួយ​ទិញ​កសិផល​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ជ​ញ្ចី​ង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​អតុល្យភាព​គ្នា​ខ្លាំង​នៅឡើយ ព្រោះ​បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា ថៃ​នាំចូល​ទំនិញ​មក​កម្ពុជា5 តែ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​មានតែ1ប៉ុណ្ណោះ៕

Advertisement