ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Olympic Games

រដ្ឋធានី​ប៉ារីស របស់​ប្រទេស​បារាំង និង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស របស់​សហរដ្ឋអាមេរិក ត្រូវបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) ផ្តល់​សិទ្ធិ​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ នា​ឆ្នាំ2024 និង​ឆ្នាំ2028 ខាងមុខ។

ទីក្រុង​ធំ​ទាំង2នេះ សុទ្ធតែ​ប្រជែង​គ្នា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ2024 ដូចគ្នា ប៉ុន្តែ​ក្រោយមក​ថ្នាក់ដឹកនាំ​របស់​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស បាន​យល់ព្រម​រង់ 4ឆ្នាំ​បន្ទាប់។

ទីក្រុង​ប៉ារីស ដែល​ធ្លាប់បាន​បរាជ័យ​ក្នុងការ​ដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ2008 និង​ឆ្នាំ2012 នោះ​ត្រូវ​រង់ចាំ​រហូតដល់​រយៈ​ពេល100ឆ្នាំ​ទើប​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ម្តងទៀត ខណៈ​ខ្លួន​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ម្តង​កាលពី​ឆ្នាំ1924។

ចំណែក​ទីក្រុង​អែន​ជឺ​ឡេស ធ្លាប់​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន2ដង​រួចមកហើយ គឺ​ក្នុង​ឆ្នាំ1932 និង​ឆ្នាំ1984។ កីឡា​អូឡាំពិក បានរៀបចំ​នៅក្នុង​សហរដ្ឋអាមេរិក លើកចុងក្រោយ​ក្នុង​ឆ្នាំ1996 នាទី​ក្រុង​Atlanta។

គួរ​បញ្ជាក់ថា ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស គឺជា​បេក្ខភាព2ពីរ​ចុងក្រោយ​សម្រាប់​ការដណ្តើម​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ2024 បន្ទាប់ពី​ទីក្រុង Hamburg របស់​អាល្លឺម៉ង់ ទីក្រុង​រ៉ូម របស់​អ៊ីតាលី និង​ទីក្រុង Budapest របស់​ហុង​គ្រី ធ្លាក់​ចេញពី​វគ្គ​ជម្រុះ។

លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​និយាយថា ការបោះឆ្នោត​សម្រាប់​ទីក្រុង​ទាំងពីរ​គឺ “ឯកច្ឆន្ទ”៕

Advertisement