នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ រំពឹង​ទទួលបាន​វិនិយោគិន​កម្ពុជា ធ្វើជា​ដៃគូ​តាមរយៈ​ពិព័រណ៍​ទំនិញ STYLE

ពិព័រណ៍​ទំនិញ STYLE គឺជា​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត នឹងត្រូវ​រៀបចំឡើង​ដោយ​នាយដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ថៃ ក្រោម​ការសហការ​ចូល​រួម​យ៉ាង​ផុលផុស​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​ជាតិ-អន្តរជាតិ​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​សរុប​ប្រមាណ1000ក្រុមហ៊ុន ស្មើនឹង​ប្រមាណ​ជាង 2000 ស្ដង់ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 17 រហូត​ថ្ងៃទី 21 ខែតុលា ឆ្នាំ2017 ខាងមុខនេះ នៅក្នុង​មជ្ឈមណ្ឌល​រៀបចំ​កម្មវិធី និង​ប្រជុំ បៃ​ថេ​គ បាង​ណា នាទី​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​គោលបំណង​បង្កើន​ឱកាស​ងាយស្រួល​ដល់​វិនិយោគិន​នានា ដើម្បី​ចាប់ដៃ​សហការ​ធ្វើ​អាជីវកម្ម​រួមគ្នា។

លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ថា​ដោយ​ផ្អែកទៅលើ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការរីកចម្រើន​ខ្លាំង គួបផ្សំ​នឹង​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ បានធ្វើឱ្យ​ពាណិជ្ជករ​ថៃ​ក៏ដូចជា​ក្រុមហ៊ុនធំៗជាច្រើន​មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​កម្ពុជា​យ៉ាងខ្លាំង។ លោក​បន្ដថា បច្ចុប្បន្ននេះ ក្រៅពី​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផ្នែក​សំណង់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ម្ហូបអាហារ ក៏ដូចជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃផ្សេងៗជាច្រើន​ទៀត​នោះ ក៏​នៅមាន​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្នែក​កម្សាន្ត​ផងដែរ។ ប៉ុន្តែ​សម្រាប់​មហា​ព្រឹត្តិការណ៍​ដែល​កំពុងតែ​រៀបចំ និង​ប្រកាស​បើក​ជា​ផ្លូវការ​នាពេលខាងមុខ ដែលមាន​ឈ្មោះថា «ពិព័រណ៍​ទំនិញ STYLE ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល 5ថ្ងៃ ចាប់ពី​ថ្ងៃទី17-21 ខែតុលា ឆ្នាំ2017 ខាងមុខនេះ វា​គឺជា​កម្ម​វី​ធី​ដ៏​ធំ​សម្បើម​មួយ​ប្រចាំឆ្នាំ ក្រោម​ការបញ្ចូល​គ្នា​នៃ​ពិព័រណ៍ធំៗចំនួន3របស់​ប្រទេស​ថៃ ជាមួយនឹង​កិច្ចសហការ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សមាគម​ពាក់ព័ន្ធ​ចំនួន 24 ផ្សេងទៀត ដែល​កាន់តែ​ជួយ​បង្ក​ភាពងាយស្រួល ក៏ដូចជា​បង្កើន​ឱកាស​ទំនាក់ទំនង​រវាង​អ្នកវិនិយោគ​កម្ពុជា-ថៃ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ជាទី​ផុត ។

ជាមួយនឹង​ការរៀបចំ​មហា​ព្រឹត្តិការណ៍ «ពិ​ព៍រណ៍​ទំនិញ STYLE» នេះ គណៈ​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​ក៏​រំពឹង​ផងដែរ​ថា ក្រៅពី​ជា​វិធី​បង្ក​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​នោះ កម្មវិធី​មួយ​នេះ​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ6ម៉ឺន​នាក់ មកពី​បណ្តា​ប្រទេសផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ។ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម អាច​ទំនាក់ទំនង​បាន​តាមរយៈ https://traderegistration.ditp.go.th/accounts/login/ls

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ថៃ រយៈពេល 7 ខែ ដើមឆ្នាំ2017 នេះ មាន​ចំនួន 3.400 លាន​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង​ប្រមាណ 9,3 % បើ​ប្រៀ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ 2016  ៕

Advertisement