ម្ចាស់ផ្ទះ Arsenal វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ​មកពី​អាល្លឺម៉ង់ 3-1

ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន3គ្រាប់​ក្នុង​តង់​ទី2 បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ Arsenal វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ​មកពី​អាល្លឺម៉ង់ Cologne ក្នុង​លទ្ធផល 3-1។

ការប្រកួត​បើកឆាក​ក្នុង​ពូ​ល H នៃ​ពានរង្វាន់​លំដាប់​ទី2 របស់​អឺរ៉ុប Europa League ដែល​រៀបចំឡើង​ក្នុង​កីឡដ្ឋាន Emirates Stadium ត្រូវបាន​ពន្យារពេល1ម៉ោង បន្ទាប់ពី​កើតមាន​បញ្ហា​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Cologne ខណៈ​ប៉ូលីស​បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន4នាក់​ត្រូវបាន​ចាប់ខ្លួន។

គ្រាប់​បាល់​ទី1 ក្នុងការ​ប្រកួត​នោះបាន​កើតឡើង​ពី​ការ​ទាត់​ពី​ចម្ងាយ36.5ម៉ែត្រ​ពី​សំណាក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡំ​ប៊ី Jhon Cordoba ក្នុង​នាទី​ទី9 រំលង​លើ​ក្បាល​អ្នកចាំទី David Ospina របស់ Arsenal។

ទោះបីជា​យ៉ាងណា ក្រុម​ម្ចាស់ផ្ទះ Arsenal បាន​ខិតខំ​ព​ង្រឹ​ក​ការលេង​របស់ខ្លួន​យ៉ាងខ្លាំង រហូត​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ បន្ទាប់ពី​ចូល​លេង​តង់​ទី2 បាន4នាទី​ពី​សំណាក់​កីឡាករ​បម្រុង Sead Kolasinac។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ឈី​លី Alexis Sanchez រកបាន1គ្រាប់​បន្ថែម​ក្នុង​នាទី​ទី69 មុនពេល​ខ្សែការពារ Hector Bellerin បន្ថែម​គ្រាប់​ទី3 ក្នុង​នាទី​ទី82 ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល 3-1។

Hector Bellerin បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា៖”យើង​បានធ្វើការ​វាយបក​ដើម្បី​ទទួល​ជ័យជម្នះ​ដ៏​អស្ចារ្យ។ ក្រុម​យើង​នឹង​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​តោ​ខៀវ Chelsea ក្នុង​ក្របខណ្ឌ English Premier League នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ។

ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង លោក Arsene Wenger នេះ​នឹងត្រូវ​ប្រកួត​បន្ទាប់​ក្នុង​ក្របខណ្ឌ Europa League ដោយ​ជួប​ជាមួយ​ក្រុម​ពី​ប្រទេស​បេឡា​រូស BATE។

ក្នុងការ​ប្រកួត​ក្របខណ្ឌ Europa League កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ ម្ចាស់ផ្ទះ​អ៊ីតាលី Atalanta ដែល​ទើប​មានឱកាស​ត្រឡប់​ក្នុង​លេង​ក្នុង​ពានរង្វាន់​អឺរ៉ុប​ឡើងវិញ​បន្ទាប់ពី​អាក់ខាន​រយៈពេល26ឆ្នាំ នោះ បានធ្វើ​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ តាមរយៈ​ការយក​ឈ្នះ​ក្រុម​ជើង​ខ្លាំង​របស់​អង់គ្លេស Everton ក្នុង​លទ្ធផល 3-0៕

លទ្ធផល​គូផ្សេងៗទៀត​ក្នុង​ការប្រកួត​ក្របខណ្ឌ Europa League

Slavia Prague (CZE) 1 Maccabi Tel Aviv (ISR) 0
Villarreal (ESP) 3 Astana (KAZ) 1
Young Boys (SUI) 1 Partizan Belgrade (SRB) 1
Dynamo Kiev (UKR) 3 Skenderbeu (ALB) 1
Istanbul Basaksehir (TUR) 0 Ludogorets (BUL) 0
Hoffenheim (GER) 1 Braga (POR) 2

Rijeka (CRO) 1 AEK Athens (GRE) 2
Austria Vienna (AUT) 1 AC Milan (ITA) 5
Apollon Limassol (CYP) 1 Lyon (FRA) 1
Copenhagen (DEN) 0 Lokomotiv Moscow (RUS) 0
Zlin (CZE) 0 Sheriff Tiraspol (MDA) 0

FCSB (ROU) 3 Viktoria Plzen (CZE) 0
Hapoel Beer Sheva (ISR) 2 Lugano (SUI) 1
Red Star Belgrade (SRB) 1 BATE Borisov (BLR) 1
Vitoria Guimaraes (POR) 1 Salzburg (AUT) 1
Marseille (FRA) 1 Konyaspor (TUR) 0

Hertha Berlin (GER) 0 Athletic Bilbao (ESP) 0
Zorya (UKR) 0 Ostersund (SWE) 2
Vitesse Arnhem (NED) 2 Lazio (ITA) 3
Zulte Waregem (BEL) 1 Nice (FRA) 5
Real Sociedad (ESP) 4 Rosenborg (NOR) 0
Vardar (MKD) 0 Zenit (RUS) 5

Advertisement