មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ប្រាថ្នា​ផ្គត់ផ្គង់​បន្លែ​គ្មាន​ជាតិគីមី​ទូទាំងប្រទេស

ភ្នំពេញៈ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​បានបង្ហាញ​ពី​មហិច្ឆតា​ចង់​ប្រែក្លាយ​ខេត្តកណ្តាល​ជា​ខេត្ត​ផលិត​បន្លែ​សរីរាង្គ ឬ​បន្លែ​គ្មាន​ជាតិគីមី​សម្រាប់​ចែកចាយ​ទូទាំងប្រទេស ដោយសារ​ខេត្ត​នេះ​មាន​សក្តានុពល​ខាង​ការដាំ​បន្លែ។

លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី15 កញ្ញា​នេះ​ថា មន្ទីរ​កំពុង​រៀបចំ​កា​រងារ​នេះ​ដោយបាន​ជួបប្រជុំ​ជាមួយ​ស្ថានទូត​ជប៉ុន​ចំនួន2ដង​រួចមកហើយ និង​ត្រូវ​ជួបពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​ដើម្បី​សុំ​ការគាំទ្រ​លើ​គម្រោង​នេះ ប៉ុន្តែ​ភាគី​ជប៉ុន​បាន​គាំទ្រ​គម្រោង​នេះ​រួចហើយ។ លោក​បន្តថា មហិច្ឆតា​របស់លោក​ច​ង់​ប្រែក្លាយ​ខេត្តកណ្តាល​ឱ្យទៅជា​ខេត្ត​ដែលមាន​សក្តានុពល​ខាង​ការផលិត​បន្លែ ជា​គោលដៅ​នៃ​ការផលិត​បន្លែ​សរីរាង្គ​ដ៏​ធំ​មួយ ដែល​អាច​ផ្គត់ផ្គង់​ទូទាំងប្រទេស និង​បម្រើ​ឲ្យ​ការនាំចេញ​នាពេល​អនាគត។

លោក​បន្តថា “ខ្ញុំ​ចង់​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ក្លាយជា​មន្ទីរ​គំរូ​មួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ចង់ឱ្យ​ក្លាយជា​កន្លែង​ផលិត​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ចូល​ទីផ្សារ ព្រោះ​បន្លែ​ចរាចរ​លើ​ទីផ្សារ​បច្ចុប្បន្ន មិនមាន​សុវត្ថិភាព​នោះទេ។

គម្រោង​ខាងលើនេះ បានទទួល​ការគាំទ្រ​ពី​ស្ថានទូត​ជប៉ុន ក្រុមហ៊ុន Hayashida Japan Agriculture Co., Ltd រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ។

ទោះជា​យ៉ាងណា​លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ដើមទុន​ដែល​ត្រូវ​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា ភាគី​ជប៉ុន​បាន​គាំទ្រ​គម្រោង​នេះ​រួចហើយ រង់ចាំតែ​ការងារ​បច្ចេកទេស ការរៀបចំ​និតិ​វិធី និង​ពេលវេលា​ចាប់ផ្តើម​អនុវត្ត​ប៉ុណ្ណោះ។

លោក​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​គាំទ្រ​គម្រោង​នេះ ជា​គម្រោង​ដែល​នឹង​អនុវត្ត​ជា​ជំហាន​ដំបូង​ដោយ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល ដែល​ជប៉ុន​មាន​បច្ចេកទេស​ក្នុងការ​ត្រួតពិនិត្យ​បន្លែ​ដើម្បី​រកសារ​ធាតុគីមី​ដែលមាន​ផលប៉ះពាល់​ដល់​សុខភាពជាមុនៗបន្លែ​ទាំងនោះ​ត្រូវដាក់​ចូល​ឲ្យ​ចរាចរ​លើ​ទីផ្សារ។ លោក​ឧកញ៉ា​បន្តថា កិច្ចការ​នេះ​ប្រសិនជា​ទទួលបាន​ជោគជ័យ​យើង​នឹង​ពង្រីក​ការនាំ​ចេញទៅ​ក្រៅប្រទេស​បន្ថែមទៀត និង​នៅពេល​ប្រព័ន្ធ​ត្រួតពិនិត្យ​នេះ​ដំណើរការ និង​កម្ពុជា​មានលទ្ធភាព​ក្នុងការ​នាំចេញ​មិន​ខាន។

លោក​ឧកញ៉ា​បន្តថា តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន​គឺ ភាគី​ជប៉ុន​បាន​ផ្តល់ទុន20លាន​ដុល្លារ​រួចហើយ ដើម្បី​អនុវត្ត​គម្រោង​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ការវិវឌ្ឍ​នៃ​គម្រោង​នេះ​ជាក់លាក់ ឬ​យ៉ាងណា​លោក​មិនមាន​ព័ត៌មាន​លម្អិត​នោះទេ៕

Advertisement