គ្រឹះស្ថាន​អង្គរ​ដាក់ចេញ​របៀប​ទិញ​សំបុត្រ​បែប​ថ្មី ដើម្បី​បញ្ចប់​ការទិតៀន

គ្រឹះស្ថាន​អង្គរ​បានដាក់​ចេញ​នូវ​របៀប​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាមបែប​បច្ចេកវិទ្យា​ទំនើប ដោយមាន​ការសហការ​ជាមួយនឹង​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​អន្តរជាតិ Visa បន្ថែម​ពីលើ​ការទិញ​បែប​ធម្មតា ដើម្បី​បញ្ចប់​ការទិតៀន ទាក់ទង​នឹង​ភាពមិនច្បាស់លាស់​ស្ដីពី​ចំណូល​ពី​ការលក់​សំបុត្រ។ 

ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​អង្គរ​បានឱ្យដឹង​ក្នុង​ពិធី​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​គ្រឹះស្ថាន​អង្គរ និង​ក្រុមហ៊ុន Visa កាលពី​ពាក់កណ្ដាល​ខែកញ្ញា​នេះ​ថា ការដាក់ចេញ​នូវ​របៀប​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាមបែប​ឌីជីថល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុងការ​ដាក់បញ្ចូល​ឱ្យមាន​ទំនើប​នីយកម្ម ក៏ដូចជា​ស្វ័យប្រវត្តិកម្ម​នៅក្នុង​ប្រព័ន្ធ​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ឱ្យមាន​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ផ្តល់ជូន​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ​ទ្បើង​សម្រាប់​វិស័យ​ទេសចរណ៍។

ឯកឧត្តម​បន្តថា គ្រឹះស្ថាន​អង្គរ រីករាយ​ក្នុងការ​សហការ​ជាមួយ​ដៃគូ​ទាំងអស់​ជាពិសេស Visa ដើម្បី​ផ្តល់ជូន​ភ្ញៀវទេសចរ​ទៅកាន់​ប្រាសាទអង្គរវត្ត ឱ្យមាន​ជម្រើស​ក្នុងការ​ទូទាត់​តាម​អេឡិចត្រូនិក​នៅក្នុង​ស្តង់​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ។ ឯកឧត្តម​សង្ឃឹមថា ការសហការ​មួយ​នេះ​នឹង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធ​នៃ​ការលក់​សំបុត្រ​បែប​ថ្មី ដែល​បង្កើន​ភាពងាយស្រួល ព្រមទាំង​កាត់បន្ថយ​ពេលវេលា​រង់ចាំ​សម្រាប់​ភ្ញៀវទេសចរ​រាប់លាន​អ្នក​ដែល​នឹង​មក​ទស្សនា​នៅក្នុង​ប្រទេស​យើង​ជា​រៀងរាល់ឆ្នាំ​ទៀតផង។

ឯកឧត្តម ឈន សុភាព ថ្លែងថា៖ «នេះ វា​បញ្ជាក់​ពី​តម្លាភាព កុំ​ឱ្យមាន​អ្នកខ្លះ​ចេះតែ​ថា គ្រឹះស្ថាន​អង្គរ​អ៊ីចេះ​អ៊ីចុះ ឬ​បន្លែបន្លំ​លុយកាក់។ អ៊ីចឹង​បើ​នាំគ្នា​ចាយ​តាម Visa ទាំងអស់គ្នា ចូលក្នុង​ធនាគារ​ទាំងអស់ អាច​ឆែក​មើល​ដឹងបាន​ទាំងអស់គ្នា ចូល​ប៉ុន្មាន ចេញ​ប៉ុន្មាន គឺមាន​ទាំងអស់។ ហ្នឹងហើយ​ដែល​ឈរលើ​តម្លាភាព និង​កុំ​ឱ្យមាន​អ្នក​ស្រែក»។

លោក Sean Preston នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​នៃ​ក្រុមហ៊ុន Visa បានឱ្យដឹង​ដែរ​ថា លោក​រីករាយ​ក្នុងការ​សហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ និង​ធនាគារ​អេស៊ីលីដា ក្នុង​ការចេញ​ម៉ាស៊ីន​ឆូត​ប័ណ្ណ​វី​សា ដើម្បី​ចាប់ផ្តើម​ការទទួលយក​ការទូទាត់​តាម​ប័ណ្ណ​វី​សា​នៅតាម​ស្តង់​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​នឹង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធ​នៃ​ការទូទាត់​កាន់តែ​រហ័ស​ជាង​មុន។

លោក Preston បាន​បន្ថែមទៀតថា៖ «ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់ Visa គឺ​យើងខ្ញុំ​ចង់ឱ្យ​អតិថិជន​របស់​យើង​អាច​ប្រើប្រាស់​ប័ណ្ណ​វី​សា​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ចង់ទៅ។ ជាមួយនឹង​ការប្រកាស​នៅថ្ងៃនេះ យើង​កំពុងតែ​ខិតជិត​មួយ​ជំហាន​ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​មួយ​នេះ សម្រាប់​ជួយ​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា»។

លោក​បន្ដថា យោងតាម​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា ប្រាសាទអង្គរវត្ត​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​វិមាន​សាសនាធំៗជាច្រើន ហើយ​ក្នុងមួយឆ្នាំៗទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង 2លាន​នាក់។ សព្វថ្ងៃនេះ​ភ្ញៀវទេសចរ​មកកាន់​ប្រទេស​កម្ពុជា​អាច​ប្រើប្រាស់​ប័ណ្ណ​វី​សារ​បស់​ពួកគេ​បាន​នៅតាម​ទីតាំង​អាជីវកម្ម​ជិត7,000 កន្លែង និង1,000 ម៉ាស៊ីន​ATM នៅ​ទូទាំងប្រទេស៕

Advertisement