សម្តេច​តេ​ជោ៖ ប្រាក់​ឈ្នួល​កម្ពុជា​បាន​កើនឡើង​លើស​ប្រទេស​ក្នុង​តំបន់

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ប្រាក់​ឈ្នួល​នៅ​កម្ពុជា​បាន​កើនឡើង​ខ្ពស់ជាង​បណ្តា​ប្រទេសផ្សេងៗទៀត​នៅក្នុង​តំបន់ និង​បណ្តា​ប្រទេស​មួយចំនួនទៀត។

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង១ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាលពី​ថ្ងៃ​ម្សិលមិញ សម្តេច​តេ​ជោ​បាន​លើកឡើងថា កម្លាំង​ពលកម្ម​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរ​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច ជា​រៀងរាល់ឆ្នាំ​ក្នុង​រង្វង់7ភាគរយ។ ប្រាក់​ឈ្នួល​នៅ​កម្ពុជា​បាន​កើនឡើង​ខ្ពស់ជាង​ប្រទេសផ្សេងៗទៀត​ដូចជា  បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ា ឡាវ ឥណ្ឌា និង​តំបន់​ខ្លះទៀត​នៅ​ឥណ្ឌូនេស៊ី ចិន ប៉ា​គី​ស្ថាន​រួម​នឹង​ប្រទេស​មួយចំនួន​ទៀតផង។

សម្តេច​បាន​បន្តថា “ការប្រកួតប្រជែង​ប្រាក់​ឈ្នួល​នៅ​បណ្តា​ប្រទេសផ្សេងៗនេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកវិនិយោគ​ងាយ​នឹង​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​របស់​ពួកគេ​ណាស់។

សំដៅ​ដល់​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រប់​រោងចក្រ​ទាំងអស់​ត្រូវ​ការពារ​សន្តិសុខក្មួយៗកម្មករ មិនត្រូវ​ឲ្យ​មាន​បញ្ហា​ច្របូកច្របល់​ដូច​ឆ្នាំ2013កើតឡើង​ម្តង​ទៀតឡើយ ព្រោះ​ដើម្បី​ធានា​ដល់​កិច្ច​អភិវឌ្ឍ​ត្រូវតែ​ធានា​ដល់​សន្តិសុខ និង​សន្តិភាព។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ជាការ​ពិត ការដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​អាចធ្វើ​ឲ្យ​អ្នកវិនិយោគ​ផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលមាន​ប្រាក់​ឈ្នួល​ត្រឹមតែ58ដុល្លារ​ក្នុង​មួយខែ ខណៈដែល​កម្ពុ​ជាមាន​ប្រាក់​ឈ្នួល​ដល់​ទៅ148ដុល្លារ​កាលពី​ឆ្នាំមុន។ នេះ​ជា​ចំណុច​ដែល​លោក​ព្រួយបារម្ភ​ផងដែរ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋាភិបាល​ក៏បាន​អនុគ្រោះ​ការយកពន្ធ​លើ​អ្នកវិនិយោគ​ថ្មី​រយៈពេល9ឆ្នាំ ដែល​នេះ​ជា​រឿង​ល្អ​មួយ។

លោក​បន្តថា លើសពីនេះ​រដ្ឋាភិបាល​គួរ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគចាស់ៗ ដូចជា​បន្ធូរ​បន្ថយថ្លៃ​ដឹកជញ្ជូន កាត់បន្ថយ​តម្លៃ​អគ្គិសនី ហើយ​អ្នកវិនិយោគ​ខ្លួនឯង​ក៏ត្រូវ​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផលិត និង​បង្កើន​ផលិតភាព​ផងដែរ។

បច្ចុប្បន្ន​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​បានក្លាយ​ជា​វិស័យ​នាំចេញ​ឈានមុខ​គេ​ដែល​គ្របដណ្តប់​ប្រមាណ80ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា និង​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 80ម៉ឺន​នាក់៕

Advertisement