ទូរស័ព្ទ​បំពាក់​កាមេរ៉ា 4 គ្រាប់​របស់ Huawei ត្រៀម​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា

ក្រោយ​បែកធ្លាយ​ព័ត៌មាន​ថា Huawei នឹងធ្វើ​ការដាក់ចេញ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្ដាល​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ទាំង​ខាងមុខ និង​ខាងក្រោយ លើ​ត្រកូល Nova ពេល​វា​បាន​ក្លាយជា​ពិត​ហើយ បន្ទាប់ពី​លោក​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់​ស្មា​ត​ហ្វូ​ន​ Huawei ប្រចាំ​ប្រទេស​កម្ពុជា បានបញ្ជាក់​ក្នុង​ពិធីជប់លៀង​ថ្លែងអំណរគុណ​ដល់​មិត្ត​អ្នកសារព័ត៌មាន កាលពី​ចុង​សប្ដាហ៍​នេះ។

លោក យុ​ទ្ធូ បានឱ្យដឹងថា កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​រឿង​ទូរស័ព្ទ​បំពាក់​កាមេរ៉ា​ភ្លោះ​ទាំង​ខាងមុខ និង​ខាងក្រោយ​របស់ Huawei ឥឡូវ​ពេលនេះ វា​ក្លាយជា​ការពិតហើយ។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ឈ្មោះថា Huawei Nova 2i ដែល​វា​មានប្រើ​កាមេរ៉ា​ចំនួន 4 គ្រាប់ ខាងមុខ 2 និង​ខាងក្រោយ 2 ។

លោក​ថ្លែងថា៖ «ថ្ងៃមុន​វា​ជា​ព័ត៌មាន​ចចាមអារ៉ាម តែ​ឥឡូវ វា​ជា​ការពិត។ យើង​ត្រៀម​នាំ​វា​មក​លក់​ក្នុងពេលឆាប់ៗនេះ ជាមួយនឹង​តម្លៃ​ដ៏​ល្អ​មួយ ដែល​អតិថិជន​នឹង​ភ្ញាក់ផ្អើល»។

លោក​បន្ដថា ទូរស័ព្ទ Nova 2i នេះ​ប្រើ​នូវ​អេក្រង់ 5.9 អ៊ី​ញ ប្រភេទ​ FullHD+ មាន​កម្រិត​បង្ហាញ​រូបភាព 2160x1080p លើ​ខ្នាត​បង្ហាញ​រូបភាព​ធំ​ទូលាយ 18:9 Aspect Ratio ធ្វើឱ្យ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ​ទូរស័ព្ទ។ ចំពោះ​សមត្ថភាព​ដំណើរការ វា​ប្រើ​នូវ​ Ram ទំហំ 4GB និង Memory ក្នុង​ម៉ាស៊ីន​ទំហំ 64GB ដំណើរការ​លើ​បន្ទះ​ឈី​ប HiSilicon Kirin octa-core SoC មាន​ល្បឿន 2.36GHz ថាមពល​ថ្ម 3,240mAh ហើយ​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat ស្រោប​ដោយ​ផ្ទាំង​ប្រើប្រាស់ EMUI5.1។ចំពោះ​កាមេរ៉ា​ទាំង 4 របស់​ស្មា​ត​ហ្វូ​ន​នេះ ផ្នែក​ខាងក្រោយ​មាន​ទំ​ហ 16MP + 2MP ចំណែក​កាមេរ៉ា​ភ្លោះ​ខាងមុខ​គឺ 13MP + 2MP រួមជាមួយ​នឹង​ភ្លើង LED Flash ផងដែរ។

ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​ខាងលើ​ឱ្យ​ទៀតថា សម្រាប់​ព័ត៌មាន​ពី​ទូរស័ព្ទ Huawei Nova 2i ក្រុមហ៊ុន​នឹង​ជម្រាប​នៅពេល​ក្រោយ​ទៀត ប៉ុន្ដែ​អ្វីដែល​លោក​ចង់​ជម្រាបជូន​នៅពេលនេះ គឺ​ការផ្ដល់ជូន​ដ៏​ពិសេស​ក្នង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ។ Huawei បាន​ត្រៀម​នូវ​កាដូពិសេស​សរុប​ទូទាំងប្រទេស​ជាង 10 ម៉ឺន​ដុល្លារ​ដោយ​គ្រាន់តែ​ជាវ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ណាមួយ​របស់​ក្រុមហ៊ុន​នៅ​គ្រប់​សាខា​ហាង​លក់​ទូរស័ព្ទ​ដែលមាន​បុគ្គលិក Huawei និង​ស្លាក​សញ្ញា Huawei។

ជា​ចុងក្រោយ​លោក​បន្ថែមថា សម្រាប់​ទីផ្សារ​បច្ចុប្បន្ន Huawei មាន​ស្មា​ត​ហ្វូ​ន​ចំនូ​ន 4 ម៉ូ​ដែល​ដូចជា GR5 2017, Huawei P10, P10 Plusនិង Mate9 ដែល​កំពុង​ឡើង​កូដ​ខ្លាំង​សម្រាប់​ទីផ្សារ​កម្ពុជា ខណៈ​ពួកវា​សុទ្ធសឹង​បំពាក់​កាមេរ៉ា​ភ្លោះ និង​មានតម្លៃ​សមរម្យ ហើយ​នៅ​ចុងឆ្នាំ​នេះ ក្រុមហ៊ុន​នឹងធ្វើ​ការណែនាំ​ស្មា​ត​ហ្វូ​ន​ថ្មី Huawei Mate 10 បំពាក់​បន្ទះ​ឈី​ប ​Kirin 970  ទ្រទ្រង់​បច្ចេកវិទ្យា AI  ក្នុងតម្លៃ​ដ៏​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​ថែម​ដ៏​អស់​ស្ទះ​ផងដែរ៕

 

Advertisement