កម្ពុជា​ទទួលបាន​ពានរង្វាន់​ពីរ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ

ភ្នំពេញ៖ ដោយ​ឈរលើ​កំណើនសេដ្ឋកិច្ច និង​លំហូរ​ចូល​វិនិយោគ​កាន់តែច្រើនឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ​ប្រទេស​កម្ពុជា​ត្រូវបាន​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រគល់ជូន​នូវ​ពានរង្វាន់​ចំនួន​ពីរ។

ការផ្តល់​ពានរង្វាន់​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី14 ដែល​បាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី12 ដល់ទី15 ខែកញ្ញា នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដោយ​ពានរង្វាន់​ទាំងពីរ​នោះ​រួមមាន ៖

1.ពានរង្វាន់​ស្តីពី​ការរៀបចំ​វេទិកា​នៃ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​សហប្រតិបត្តិ​ការល្អ​បាន​បំផុត “Best Promotion on Investment Cooperation Award” ។

និង2.ពានរង្វាន់​ស្តីពី​ការរៀបចំ​ក្រុមហ៊ុន និង​សហគ្រាស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ខាងលើ​បានល្អ​បំផុត “Best Industry Organizer Award”។

មូល​ហេតុដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ពានរង្វាន់​ទាំងពីរ​នេះ ដោយសារតែ​កម្ពុជា​បាន​គោរព​នូវ​បទ​ប្ប​ញ្ញ​តិ និង​លក្ខខណ្ឌ​នានា​របស់​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ដែលមាន​ដូចជា៖ ការរៀបចំ​ពន្លា​ជាតិ, ការរៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម, ការតុបតែង​លម្អ​ស្តង់​ពិព័រណ៍, ការជ្រើសរើស​គុណភាព​ផលិតផល និង​សេវាកម្ម ព្រមទាំង​ការរៀបចំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ជាដើម។

តាមរយៈ​ពានរង្វាន់​ទាំងពីរ​នេះ គឺជា​មោទនភាព​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​សូម​ចូលរួម​ត្រេកអរ​ជាមួយ​ប្រជាជន​កម្ពុជា និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ធុរជន និង​ពាណិជ្ជករ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​សហការ​ចូលរួម​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ។

សូមបញ្ជាក់ថា ស្ដង់​ទំនិញ​របស់​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ​កម្ពុជា​ដែល​បាន​មាន​ចំនួន 122ស្ដង់​ដោយ​រៀបចំ​ជា​ខ្លោងទ្វារ​ពន្លា​ជាតិ​របស់​កម្ពុជា​ដែល​បានជ្រើសរើស​យក​ខេត្តព្រះវិហារ​ជា​តំណាង​ក្នុង​ប្រធានបទ «រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី21 និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​វិស័យ​ទេសចរណ៍»។

ពន្លា​ជាតិ​កម្ពុ​ជាមាន​ខ្លោងទ្វារ​សង់​តាម​រចនាប័ទ្ម​ប្រាសាទព្រះវិហារ​អមដោយ​របង​ទាំងសងខាង​ដែលមាន​ការតុបតែង​តាម​រចនាប័ទ្ម​ប្រាសាទព្រះវិហារ និង​រំលេច​ដោយ​រូបភាព​នៃ​ទេសភាព​ឆ្នេរសមុទ្រ ប្រាសាទសំបូរព្រៃគុក និង​រួប​ភាព​ប្រាសាទអង្គរវត្ត។ ក្នុងនោះ​កម្ពុជា មាន​ឆាក​សម្តែង​សិល្បៈ​នៅ​ចំ​កណ្តាល ហើយ​ផ្ទាំង​ទេសភាព​នៅ​ខាងក្រោយ​ឆាក​សម្តែង​សិល្បៈ​ជា​រូប​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ហើយ​នៅ​ផ្នែក​ខាងលើ​មាន​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ពន្លា​ជាតិ​ក៏មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​សក្តានុពល​ចម្រុះ​ទាក់ទង​នឹង​ផលិតផល​កសិកម្ម ក​សិ-ឧស្សាហកម្ម និង​ឯកសារ​ស្តីពី​សម្មភាព​ជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​នានា ហើយ​និង​មានការ​សម្តែង​សិល្បៈ​ជាប្រចាំ​នៅ​ទីនោះ​ផងដែរ៕

Advertisement