Lukaku ជួយ​ឲ្យ Man United លត់​អតីត​ក្រុម​របស់ខ្លួន​យ៉ាង​ចាស់ដៃ

ខ្សែប្រយុទ្ធ Romelu Lukaku បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នៅពេល​ប្រកួត​ជាមួយនឹង​អតីត​ក្រុម​របស់គេ ខណៈដែល Manchester United លត់​ក្រុម​ទូកក្តោង Everton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-0 ដើម្បី​ឡើងទៅ​ឈរ​លេខ2នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

ការវិលត្រឡប់​របស់ Wayne Rooney ទៅកាន់​កីឡដ្ឋាន Old Trafford បានបញ្ចប់​ដោយ​ការរង​បរាជ័យ​យ៉ាង​ខកចិត្ត ខណៈដែល​ការ​របូត​គ្រាប់​បាល់​ដល់​ទៅ3គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត បានធ្វើ​ឲ្យ​ក្រុម Everton ធ្លាក់​ទៅ​ឈរ​ក្នុង​តំបន់​កាត់ចោល​ទាំង3ក្រុម​តែម្តង។ ក្រុម​ទូកក្តោង​មួយ​នេះ បានចាប់ផ្តើម​យ៉ាង​យ៉ាង​ត្រដាបត្រដួស​នៅ​រដូវ​កាល​នេះ និង​មិនបាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​ក្នុងពេល​ពួកគេ​រង​បរាជ័យ4លើកជាប់ៗគ្នា​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់។ ខ្សែការពារ​ស្លាប​ស្តាំ Antonio Valencia បាន​ស៊ុត​បាល់​ផុតដៃ​របស់​អ្នកចាំទី  Jordan Pickford ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់លោក Jose Mourinho មាន​គ្រាប់​បាល់​នាំ​មុខមុន មុននឹង​បន្តធ្វើ​ការដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ។ Rooney ដែលជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​របស់ Man United បានទទួលឱកាសល្អៗចំនួន2លើក ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច។ ក្រោយមក គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Henrikh Mkhitaryan, Lukaku និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ពី Anthony Martial បាន​បំពេញ​ជ័យជម្នះ​ដ៏​កក់ក្តៅ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​តែម្តង។

លោក Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man United បាន​ឲ្យ​ដឹងថា៖ «រយៈពេល30 និង35នាទី​ដំបូង គឺជា​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​របស់​យើង​នៅ​រដូវ​កាល​នេះ។ ក្រុម Everton ចង់​ធ្វើការ​ស្រោចស្រង់​វិញ ប៉ុន្តែ ពួកគេ​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ដ៏​លំបាក​មួយ»៕

ប្រភពពី៖ BBC

Advertisement