សុទ្ធតែ​ខ្លាំង ហើយ​ស្អាត ប៉ុន្តែ​មើល​តែ​ប៉ុន្មាន​ចំណុច​នេះ អ្នក​អាច​វិនិច្ឆ័យ​ដោយ​ខ្លួនឯងបាន​ហើយ

ចេញ​មុន​ក្រោយ​គ្នា​តែ​ជាង 20 ថ្ងៃ​ប៉ុណ្ណោះ ស្មា​ត​ហ្វូ​នកំពូលៗមកពី​ក្រុមហ៊ុនធំៗ 2 បានធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​លំបាក​ក្នុងការ​សម្រេច​ជ្រើសរើស ខណៈ​ពួកវា​សុទ្ធ​តែមាន​សមត្ថ​ភាពខ្លាំង និង​មាន​រូបរាង​ស្រស់ស្អាត​ម្យ៉ាង​ម្នាក់។ ក្រុមហ៊ុន Samsung បាន​បញ្ចេញ Note 8 ធ្វើឱ្យ​គាំទ្រ​របស់ខ្លួន​ស្រក់ទឹកមាត់​ជាមួយនឹង​រូបរាង​ថ្មី​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ រួម​នឹង​សមត្ថភាពសំខាន់ៗមួយចំនួនទៀត។ ដោយឡែក Apple ក៏​មិន​អន់​ដែរ​ជាមួយនឹង iPhone X ដែល​វា​ជា​ស្មា​ត​ហ្វូ​ន​គម្រប់​ខួប 10 ឆ្នាំ​សម្រាប់​ឧទ្ទិស​ដល់​ស្នាដៃ​របស់លោក Steve Jobs។ យ៉ាងណាក៏ដោយ បើទោះបី​ពួកវា​ទាំង​សុទ្ធតែ​ខ្លាំង ហើយ​ស្អាត ប៉ុន្តែ​បើ​មើល​ប៉ុន្មាន​ចំណុច​នេះ អ្នក​អាច​វិនិច្ឆ័យ​បាន​ថា តើ​គួរ​ជ្រើស​រើសយក​មួយណា​សម្រាប់​ប្រើប្រាស់។

1/-រូបរាង និង​អេក្រង់

កាលពី​ថ្ងៃទី23 ខែសីហា Samsung បានធ្វើឱ្យ​អ្នកតាមដាន​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ទូរស័ព្ទ Galaxy Note 8 ខណៈ​វា​ត្រូវបាន​កែប្រែ​ចំណុចប្លែកៗជាច្រើន​ពី Note 7 ដោយ​យក​គំរូ​ពី Galaxy S8/S8+ ជាមួយនឹង​អេក្រង់​គុណភាព​ខ្ពស់ Super AMOLED ហើយ​ក៏មាន​កម្រិត បង្ហាញ​រូបភាព​ដល់ Quad HD 1440 x 2960  Pixel ដង់ស៊ីតេ​អេក្រង់​ដល់​ទៅ 521ppi និង​មាន​មុខងារ Always-On-Display និង​ទ្រាំទ្រ HDR 10 ។ ដោយឡែក​ស៊ុម​ព័ទ្ធជុំវិញ​តួ​របស់ ​Note 8 ត្រូវបាន​ផលិតឡើង​ពី​អាលុយមីញ៉ូម​មាន​ភាព​ធ​ន់ និង​ស្រោប​ដោយ​កញ្ចក់​ជាប់​ស្វិត​នៅ​ផ្ទៃ​ខាងក្រោយ។

កម្រិត​ពន្លឺ Brightness ខ្ពស់បំផុត​របស់​អេក្រង់ Galaxy Note 8 អាច​បង្ហាញ​បាន ភ្លឺ​ជាង Galaxy S8 ដល់​ទៅ 22% ហើយ​ពន្លឺ ដែល​បង្ហាញ​ចេញមក​សមស្រប​ជាមួយ​កាលៈទេសៈ ឬ​ស្ថានភាព​បានល្អ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ទាំង​មើល​នៅក្រោម​ពន្លឺ​ថ្ងៃ និង​នៅពេល​យប់។ ចំណុច​មួយទៀត​នោះ​គឺ អេក្រង់​របស់ Note 8 អាច​បង្ហាញ​ពណ៌​បាន​ដិត​ជាង Galaxy S8 ទៅទៀត ទាំង​មើល​ពី​គ្រប់​ជ្រុង​នៅតែ​ច្បាស់ មិន​ប្រែ​ពណ៌ ដូចនេះ​ធ្វើឱ្យ​ការ​ទស្សនា​វីដេអូ មិន​បាត់បង់​ពណ៌​ដើម ហើយ​មាន​សភាព​ផុស​អណ្តែត​ល្អ​ទៀតផង។

រំលង​គ្នា​បាន19 ថ្ងៃ Apple បាន​ដាក់ចេញ​កាំភ្លើង​ធំ​ប្រចាំឆ្នាំ​របស់ខ្លួន​ចំនួន 3 គ្រឿង ប៉ុន្តែ​មានតែ​មួយគ្រឿង​ប៉ុណ្ណោះ​មាន​រូបរាង​ប្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ ព្រោះតែ​វា​មាន​អេក្រង់​ថ្មី និង​មុខងារ​ថ្មី​ច្រើនជាង iPhone 8/8+។ អេក្រង់ iPhone X ត្រូវបាន​បំពាក់​ដោយ​អេក្រង់​Super AMOLED ទំហំ 5.8 អ៊ី​ញ​អាច​បង្ហាញ​រូបភាព​កម្រិត1125 x 2436  Pixel មាន​ដង់ស៊ីតេ​អេក្រង់ 458ppi មានមុខ​ងារ 3D Touch, អាច​គាំទ្រ មុខងារ HDR 10 ដូចគ្នា។

សរុប​ត្រង់ចំណុច​នេះ iPhone X របស់ Apple ហាក់​មានការ​រចនា និង​កម្រិត​អេក្រង់​ទាប​ជាង Note 8។ បើ​យើង​មើល​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​កូរ៉េ វា​មាន​ភាព​ប្លែក ស្រស់ស្អាត និង​មិនទាន់មាន​គូប្រជែង​ណា​ធ្វើ​ដូច​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​អេក្រង់​របស់ Apple វិញ គឺ​ចេញ​រាង​ក្រោយ​គេ​បន្តិច ហើយ​ដូច​អេក្រង់​របស់ LG និង  Xiaomi។

2/-កាមេរ៉ា

ចូលដល់​ចំណុច​នេះ យើង​អាចនិយាយបាន​ស្មា​ត​ហ្វូ​ន​ទាំង 2 មាន​ចំណុច​ល្អប្រសើរ​ដូចគ្នា​ច្រើន បើទោះបីជា iPhone X ទើប​ចេញ​ក៏ដោយ​ក្ដី។ វា​ទាំង 2 បំពាក់​កាមេរ៉ា​ភ្លោះ រួម​នឹង​ប្រភេទ​កាមេរ៉ា​ដូចគ្នា គ្រាន់​តែមួយ​ដាក់​សម្រាប់​បែប​ផ្ដេក ហើយ​មួយទៀត​បែប​បញ្ឈរ​តែប៉ុណ្ណោះ។

កាមេរ៉ា​ភ្លោះ iPhone X មាន​ទំហំ 12MP ដូចគ្នា ដោយ​មួយ​គ្រាប់​ជា​ប្រភេទ Wide angle មាន​កម្រិត Aperture F/1.8 និង​មួយទៀត​ជា​ប្រភេទ Telephoto មាន​កម្រិត Aperture F/2.4។ ចំពោះ​កាមេរ៉ា​មុខ​មាន​ទំហំ 7MP អាចធ្វើ​ការថតរូប​បែប Portrait បាន​ទៀតផង ធ្វើឱ្យ​ផ្ទៃមុខ​របស់​យើង​ផុស​ដាច់​ពី​ផ្ទៃ Background បានល្អ អម​មក​ជាមួយនឹង​មុខងារ​ផ្លាស់ប្ដូរ​ពន្លឺ​នៃ​ផ្ទៃ​ខាងក្រោយ​រូបភាព​ទៀតផង ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​កម្មវិធី​កាមេរ៉ា​បាន។

កាមេរ៉ា​ទាំង 2 នេះ​មាន​មុខងារ OIS ទាំង 2 តែម្ដង​ដូច​ទៅនឹង Galaxy Note 8  ដែល​ធ្វើឱ្យ​ការថតរូប​កាន់តែ​មាន​ភាពប្រសើរ ជួយ​កាត់បន្ថយ​រំ​ញ័រ​បានល្អ នៅពេល​កាន់​ជាប់ដៃ ពិសេស​គឺ​វីដេអូ​ថត​បាន​កម្រិត 4K ហើយ​កម្រិត 1080p អាច​ថត​បាន​ដល់​ល្បឿន 240fps ។ Apple បាន​អះអាង​ទៀតថា ជាមួយនឹង​កាមេរ៉ា iPhone X វា​អាច​ទទួល​ពន្លឺ​បាន​ច្រើនជាង iPhone 7 Plus ដល់​ទៅ 60% អនុញ្ញាតឱ្យ​ម្ចាស់ iPhone ធ្វើការ​ថតរូប​បាន​កាន់តែច្បាស់ ស្រស់ស្អាត មាន​កម្រិត​គ្រាប់ Noise រំខាន​តិចជាង​មុន ថែមទាំង​អាច​ថតរូប​មាន​សកម្មភាព​លឿន​បានល្អ​ទៀតផង។

កាមេរ៉ា​ភ្លោះ​របស់ Galaxy Note 8 វិញ​មាន​ទំហំ 12MP តែមាន​សមត្ថភាព និង​មុខងារ​ខុសគ្នា ដោយ​មួយ​ជា​ប្រភេទ​កាមេរ៉ា Telephoto មាន​កម្រិត Aperture ធំ​បំផុត F/2.4 អាចធ្វើ​ការ Zoom ដោយ​មិន​បាត់បង់​គុណភាព​បាន 2x និង​មួយ​ផ្សេងទៀត​មាន​កម្រិត Aperture ធំ​ដល់​ទៅ F/1.7 អាចធ្វើ​ការ Zoom បាន​ដល់​ទៅ 10x ពិសេស​គឺមាន​មុខងារ Dual Pixel Focus ធ្វើឱ្យ​ការចាប់យក​រូបភាព​បា​ន​រហ័ស​គួរ​ជាទី​ពេញចិត្ត។

កាមេរ៉ា​ក្រោយ​ទាំង 2 បំពាក់​មកជា​មួយ​នូវ​មុខងារ​ជួយ​រក្សា​លំនឹង (OIS) ជួយ​ទៅដល់​ការថត​រូបភាព Blur និង​ការថត​វីដេអូ​បាន​កាន់តែ​ប្រសើរ ដោយ​ជួយ​កាត់បន្ថយ​រំ​ញ័រ​បាន​យ៉ាង​ល្អ ដែល Samsung បាន​អះអាង​ជា​ផ្លូវការ​ថា Note 8 គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែលមាន​មុខងារ OIS ជួយ​កាត់បន្ថយ​រំ​ញ័រ​នៅក្នុង​កែវ​លេន​ស៍ទាំង 2 ដំបូង​បំផុត​លើ​ពិភពលោក។ បច្ចេកវិទ្យា Lens 2 គ្រាប់​នេះ Samsung ក៏បាន​កែប្រែ​កម្មវិធី​ថតរូប​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​លើ​ការថត Portrait លើ​មុខងារ​ថ្មី Live Focus ដែល​អនុញ្ញាតឱ្យ​អ្នក​ថត​កំណត់​នូវ​ភាព​ព្រាល​តាមចិត្ត មុន និង​ក្រោយពេល​ថត។

យោងតាម​លក្ខណៈ​ទាំងនេះ iPhone X និង Galaxy Note 8 មាន​ចំណុច​ប្រសើរ​ដូចគ្នា​ច្រើន​លើ​សមត្ថភាព​ក្នុងកា​ថតរូប ប៉ុន្តែ​បើ​យើង​មើល​លើ​កម្រិត Aperture ទូរស័ព្ទ Note 8 អាច​ថត​ពេលយប់ ឬ​ពេល​ខ្សោយ​ពន្លឺ​បាន​ប្រសើរ​ជាង​បន្តិច ដោយឡែក​មុខងារ​ផ្សេងទៀត​មាន​លក្ខណៈ​ប្រដំប្រសង​គ្នា។

3/-សមត្ថភាព​ម៉ាស៊ីន

និយាយ​ដល់​ផ្នែក​ម៉ាស៊ីន Note 8 និង iPhone X សុទ្ធ​តែមាន​សមត្ថភាព​ម៉ាស៊ីន​ខ្លាំង​ដូចគ្នា ដែល​យើង​អាច​បញ្ចូល​ពួកវា​ក្នុង​តារាង​កំពូល​ស្មា​ត​ហ្វូ​ន​នា​ដើមឆ្នាំ 2018 នេះ​បាន។ Note 8 ប្រើ​នូវ​បន្ទះ​ឈី​ប Exynos 8895/Snapdragon 835 ជំនាន់​ថ្មី ដែល​វា​មាន​ទំហំ 10nm អាច​ដំណើរការបាន​លឿន​តែ​ប្រើប្រាស់​ថាមពល​តិចតួច​បំផុត។ រីឯ iPhone X នោះ​វិញ​ក៏​មិនធម្មតា​ដែរ វា​បាន​បំពាក់​នូវ​បន្ទះ​ឈី​ប​ថ្មីA11 Bionic ជាមួយ​សម្ទុះ​ដ៏​ខ្លាំង​មួយ​ដែល​ខ្លាំង​ជាង​ឈី​ប A10 លើ​iPhone 7 និង iPhone 7 Plus ដល់​ទៅ 25%។

CPU របស់ Note 8 វា​មាន​ចំនួន 8 ដែល​វា​ចែក​ជើង​ដំណើរការ​បានល្អ និង​សន្សំសំចៃ​ថ្ម​ខ្ពស់ និង​មាន Ram ទំហំ 6GB អាច​ធានាបាន​ថា គ្មាន​បញ្ហា​ពេល​ដំណើរការ​កម្មវិធី និង​ហ្គេមធំៗឡើយ ហើយ​ចំពោះ CPU របស់ iPhone X មាន Core ចំនួន6 គ្រាប់ មាន 2 ខ្លាំង និង 4ទៀត​មធ្យម បើ​ផ្អែក​តាម​ការបញ្ជាក់​របស់ Apple វា​អាច​រត់​បាន​លឿន។ ជាងនេះទៀត Apple ក៏បាន​បង្កើន​សមត្ថភាព​កម្លាំង GPU ឱ្យ​កាន់តែ​លឿន​ជាង​មុន​ផងដែរ ដោយ​វា​ដំណើរការបាន​លឿន​ជាង​មុន 30% ធ្វើឱ្យ​ការប្រើប្រាស់​ទៅលើ​កម្មវិធី លេង​ហ្គេម រហ័ស​ទាន់​ចិត្ត ជាមួយ RAM ទំហំ 3GB ។

សរុប​ជារួម​ទាំងនេះ គ្រាន់តែ​ជា​ចំណុចខ្លះៗរបស់​ស្មា​ត​ហ្វូ​ន​ទាំង 2 តែប៉ុណ្ណោះ ហើយ​ក្រុមការងារ​ឡា​រ៉ែ​ន ក៏​មិនអាច​សម្រេចបាន​ថា​រវាង​ពួកវា​ទាំង 2 មួយណា​ខ្លាំង​ជាង​មួយណា​ដែរ ព្រោះថា យើង​មិនទាន់បាន​ចុច​សាកល្បង​ប្រើ iPhone X នៅឡើយ​ទេ គឺ​ត្រឹម​ដឹង​ពី​លក្ខណៈសម្បត្តិ និង​ការ​អួត​ពី Apple ប៉ុណ្ណោះ។ ដោយឡែក Galaxy Note 8 យើង​បាន​ចុច និង​ប្រើប្រាស់​សាកល្បង​ជាង 2 សប្ដាហ៍​មកហើយ ឃើញថា​មាន​សមត្ថ​ភាពខ្លាំង ហើយ​ការថតរូប​បាន​ច្បាស់​ល្អ ទាំង​កន្លែង​មាន​ពន្លឺ និង​ខ្សោយ​ពន្លឺ។ តែ​យ៉ាងណា យើង​អាច​និយាយបានថា វា​មាន​សមត្ថ​ភាពមិន​ជាង​គ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​អាច​ខុសគ្នា​លើ​ផ្នែក Software ព្រោះថា Galaxy Note 8 ប្រើ​នូវ​ប្រព័ន្ធ Android 7.1.1 (Nougat)ដែល​ម្ចាស់​ដើមពី Google ខណៈ iPhone X ប្រើ iOS 11 បង្កើតឡើង​ផ្ទា​ល់ពី Apple ។

សូប​បញ្ជាក់ថា ទាំងនេះ​គ្រាន់តែ​ជាការ​ប្រៀបធៀប​លើ​អ្វីដែល​ក្រុមហ៊ុន​ទាំង 2 បានលើកឡើង រួម​នឹង​បទពិសោធ​ផ្ទាល់​មួយចំនួន ក្រោយ​ការ​ចុច​សាក​ប្រើ Galaxy Note 8 មួយរយៈ​ប៉ុណ្ណោះ។ ប្រិយមិត្ត​អាចធ្វើ​ការបញ្ចេញមតិ​លើ​ចំណុចផ្សេងៗដែល​គិតថា ទូរស័ព្ទ​ទាំង 2 អាច​ស៊ីដាច់​គ្នា ហើយ​ក្រុមការងារ​យើង​នឹង​លើកយក​អត្ត​បទ​នេះ​មក​និយាយ​ម្ដងទៀត ពេលដែល iPhone X បាន​មកដល់​ស្រុក​ខ្មែរ​យើង៕

Advertisement