អភិបាលខេត្ត​ព្រះសីហនុ​រំពឹងថា ខេត្ត​នេះ​នឹង​ជំនួស​ខេត្តសៀមរាប​នៅពេលឆាប់ៗ

ភ្នំពេញៈ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ថ្លែងថា លោក​រំពឹងថា ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប​នៅក្នុង​រយៈពេល5ឆ្នាំ​ខាងមុខ ដោយសារតែ​សក្តានុពល​ជាច្រើន​របស់​ខេត្ត​នេះ​កំពុង​តែមាន​សកម្មភាព​យ៉ាង​រស់​រវើក។

អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី17 កញ្ញា​ថា ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​សេដ្ឋកិច្ច​ច្រើន ដោយ​ខេត្ត​នេះ​នឹងមាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​ដែល​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន មាន​ឆ្នេរ​ខ្សាច់​ដ៏​ទាក់ទាញ​បំផុត ព្រោះ​ឆ្នេរ​ខ្សាច់​កម្ពុជា​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មាន​តំបន់ឧស្សាហកម្ម​ដែល​ស្ថិតនៅ​ជិត​កំពង់ផែ មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​កាន់តែ​សកម្ម មាន​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ផលិតភាព​កសិកម្ម​អាច​ចិញ្ចឹម​ខ្លួនឯងបាន។

លោក​បន្តថា “ខ្ញុំ​ជឿថា ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប​បាន ព្រោះ​ខេត្តសៀមរាប​ពឹងផ្អែក​សំខាន់​តែ​លើ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ ប៉ុន្តែ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ចម្រុះ។ លោក​បាន​បន្តថា “បច្ចុប្បន្ន​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​បាន​កើន​លើសពី​ទ្វេដង ឬ​ច្រើនជាង​នេះ ប៉ុន្តែ​លោក​គិតថា តម្លៃ​នេះ​នឹង​ឡើង​កល់​នៅពេលឆាប់ៗនេះ។

បច្ចុប្បន្ន​តំបន់ឧស្សាហកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​សហគ្រាស​ចិន​ជាង110សហគ្រាស​កំពុង​វិនិយោគ​នៅ​តំបន់​នេះ និង​ដែល​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង16,000នាក់។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ចិន​តាមរយៈ​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ។

រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ2015-2025។

លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ​ពិតជា​នឹង​ជំនួស​ខេត្តសៀមរាប​បាន​មែន​ក្នុង​រយៈពេល5ឆ្នាំ​ទៀត​យ៉ាងយូរ ដោយសារតែ​ខេត្ត​នេះ​មាន​សក្តានុពល​ច្រើន ពិសេស​វិស័យ​ឧស្សាហកម្ម​ដែលមាន​ការគាំទ្រ​ពី​កំពង់ផែ និង​ផ្លូវ​រថភ្លើង អាកាសយានដ្ឋាន​អន្តរជាតិ និង​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ។

លោក​បន្តថា “ក្នុង​ផែនការ រដ្ឋាភិបាល​មានបំណង​ប្រែក្លាយ​តំបន់​ផ្លូវជាតិ​លេខ4 ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម”៕

Advertisement